គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំជ្រើសរើសលើបេក្ខភាពប្រធាន គ.ជ.ប នៅថ្ងៃទី១៥ មិថុនា

ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ សប្តាហ៍ក្រោយដើម្បីពិនិត្យពិនិត្យជ្រើសរើសបេក្ខភាព ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយឈានទៅសុំការគាំទ្រពីរដ្ឋសភាក្នុងសំឡេង ៥០% បូក ១។

បន្ទាប់ពីដំណើរការទទួលពាក្យបេក្ខជនឈរឈ្មោះជាបេក្ខភាពប្រធានគ.ជ.ប រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ដល់ថ្ងៃ ទី១១ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងធ្វើការប្រជុំពិនិត្យលើបេក្ខភាពប្រធាន គ.ជ.ប។ បន្ទាប់ពីរើសបេក្ខភាពប្រធានគ.ជ.បបានហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិគ្រោះជាមួយគណបក្សដែលស្នើតែងតាំងឯកឧត្តម ស៊ិក ប៊ុនហុក ឱ្យធ្វើជាប្រធាន គ.ជ.ប ពីមុនមក។

ឯកឧត្តម ឡេង ប៉េងឡុង

បើតាមអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនានេះ គឺមានបេក្ខជនឈរឈ្មោះជាបេក្ខភាព ប្រធានគ.ជ.ប ចំនួន៥រូប ហើយបានមកយកពាក្យពីអគ្គលេខាធិការដ្ឋានរដ្ឋសភាដើម្បីយកទៅបំពេញ។ ក្នុងនោះមានបេក្ខជន ២រូបបានបំពេញបែបបទរួចរាល់ និងបានយកមកដាក់នៅរដ្ឋសភាវិញ។

អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ប្រាប់ AMS ថាការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនប្រធានគ.ជ.ប គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា។ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនានេះ គឺមានបេក្ខជនចំនួន ៥រូបបានមកយកបែបបទទៅបំពេញ ដោយក្នុងនោះមានបេក្ខជនចំនួន២រូប បានបំពេញបែបបទរួចរាល់ហើយបានយកពាក្យមកដល់នៅអគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ។

អ្នកនាំពាក្យរដ្ឋសភាបានបន្តថា នៅថ្ងៃទី១៥ ខែមិថុនាខាងមុខគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងពិនិត្យជ្រើសរើសបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

តាមឯកឧត្តម ឡេង ប៉េងឡុង បញ្ជាក់ បេក្ខជនដែលដាក់ពាក្យគឺគ្រប់អាយុ ,មានសញ្ជាតិខ្មែរ ,មានសញ្ញាបត្រឧត្តមសិក្សា អត់មានគ្រួសារជាសាច់ញាតិប្រធានបក្ស អនុប្រធានបក្សនយោបាយ ,មិនដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋ …។ ការទទួលពាក្យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា ហើយនឹងបញ្ចប់នៅម៉ោង ៥:៣០ល្ងាចថ្ងៃសុក្រ ទី១១ ខែមិថុនានេះ។

ឯកឧត្តម ស៊ិក ប៊ុនហុក

សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនាបានអនុម័តយល់ព្រមលើសំណើលាឈប់ពី តួនាទី និងតំណែងប្រធានគ.ជ.បរបស់ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តី សម្រេចស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការ ដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសឯកឧត្តម ស៊ិកប៊ុនហុក ។ ការអនុម័តរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុកបានដាក់ពាក្យសុំលាលែងទៅរដ្ឋសភា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ដោយសារមូលហេតុសុខភាព និងវ័យរបស់លោក៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner