ក្រសួងបរិស្ថាន និងអង្គការ WCS កំពុងរៀបចំធ្វើសារពើភណ្ឌព្រៃឈើ សិក្សាលទ្ធភាពលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅដែនជម្រកសត្វព្រៃ ក្នុងខេត្តព្រះវិហារ
(ព្រះវិហារ)៖ ក្រោមការតាំងចិត្ត និងគោលនយោបាយការពារធនធានធម្មជាតិ ព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានក្រសួងបរិស្ថានជាសេនាធិការ កម្ពុជា បានក្លាយជាប្រទេសឈានមុនមួយក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ លើកិច្ចការងារលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត, ខណៈក្រសួងបរិស្ថាន និងអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) ដោយ កំពុងតែសិក្សាលទ្ធភាពដើម្បីលក់ឥណទានកាបូន នៅភូមិភាគខាងជើង ដែលគ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិមួយចំនួនក្នុងខេត្តព្រះវិហារ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អនុវត្តនូវគម្រោងរេដបូក (REDD+) នៅតំបន់ការពារធម្មជាតិចំនួន៤ នៅលើដីនៃខេត្តព្រះវិហាររួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការនិងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង។ ឯកឧត្តមបានបន្តថា តំបន់ទាំង៤ ដែលត្រូវសិក្សានេះ ត្រូវបានយកគំរូចំនួន ៤៣ ទីតាំង ដើម្បីធ្វើការសិក្សាវាយតម្លៃ ដើម្បីឱ្យមន្ត្រីជំនាញផ្សេងទៀតវាយតម្លៃ មុននឹងដាក់លក់នៅលើទីផ្សារអន្តរជាតិ ដែលជាទីផ្សារស្ម័គ្រចិត្ត។ លោកថាទីផ្សារលក់ឥណទានកាបូននេះ ពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជារបស់យើង ការបោះជំហ៊ាននៅក្នុងទីផ្សារឥណទានកាបូន គឺបញ្ជាក់ពីភាពប្រសើរឡើងនៃការការពារធនធានធម្មជាតិរបស់យើង។
អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅក្នុងដំណាក់កាលនៃតំបន់ធម្មជាតិចំនួន៤ដែលយើងធ្វើការងារជាមួយអង្គការ WCS ដែលក្រសួងបរិស្ថាន ប្រគល់តួនាទីនឹងឱ្យអង្គការ WCS ក្នុងការអនុត្តន៍ គម្រោង និងសម្របសម្រួលលក់ឥណទានកាបូន នៅលើទីផ្សារស្ម័គ្រចិត្តនេះ បានកំពុងតែតែឈានដល់ដំណាក់កាលធ្វើសារពើភណ្ឌ និងប្រឹក្សាយោបល់ជាមួយសហគមន៍ពិនិត្យទៅលើការចាប់ផ្តើមក្នុងការធ្វើកំណត់តំបន់ ក្នុងការសិក្សា វាយតម្លៃលើកម្រិត បាយអូម៉ាស់ នៅក្នុងតំបន់ទាំងអស់ហ្នឹង ហើយបន្ទាប់ទៅហ្នឹងមានការជួបជាមួយសហគមន៍ និងការចុះមកវាយតម្លៃពីអ្នកវាយតម្លៃឯករាជ្យ លើស្ថានភាពទាំងអស់ហ្នឹង មុននឹងដាក់លក់ជាសាធារណៈ ហើយព័ត៌មានដែលពាក់ព័ន្ធនឹងដាក់ជូនសាធារណៈ ដើម្បីឱ្យសាធារណជនបានដឹង»។
លោក កែន សេរីរដ្ឋា នាយកកម្មវិធីរបស់អង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) បានឱ្យដឹងថា គម្រោងរេដបូក ដែលយើងរៀបចំនៅភូមិភាគខាងជើង ដែលគ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិមួយចំនួន ដែលយើងចាប់ផ្តើមពីតំបន់ការពារសត្វព្រៃឆែប ដែលជម្រកសត្វ ព្រៃព្រះរកា ដែលជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនេះ គឺជាជំហ៊ានបឋម ដើម្បីឱ្យយើងអាចឈានទៅពង្រីកការគ្របដណ្តប់វិសាលភាព នៃផ្ទៃដីគម្រោងរេដបូក សម្រាប់ភូមិសាស្ត្រខេត្តព្រះវិហារទាំងមូល»។
លោក កែន សេរីរដ្ឋា បានបន្តថា សម្រាប់គម្រោងរេដបូកនេះ គឺទទួលបានការគាំទ្រផ្នែកគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការបច្ចេកទេស ដោយបានផ្តល់នូវកិច្ចគាំទ្រទៅលទិដ្ឋភាពផ្លួវច្បាប់ និងបច្ចេកទេសសម្រាប់ធ្វើលើកិច្ចការងារនេះ។ បន្ថែមនេះ អង្គការ WCS បានទទួលជំនួយពីគម្រោង USAID តាមរយៈគម្រោងព្រៃឡង់បៃតង សម្រាប់ជួយឧបត្ថម្ភប្រើប្រាស់នូវថវិកា ក្នុងការដំណើរការទូទៅនេះជាដើម។
លោក កែន សេរីរដ្ឋា បានបន្តថា សម្រាប់កិច្ចការរៀបចំកម្រោងលក់ឥណទានកាបូននេះ គឺអង្គការរបស់លោកបានរៀបចំដកស្រង់នូវបទពិសោធន៍មួយចំនួនដែលអង្គការ WCS បាននឹងកំពុងតែអនុវត្តបានដោយជោគជ័យ ចំពោះការងាររៀបចំគម្រោងរេដបូកនេះ នៅភាគខាងកើតប្រទេសកម្ពុជា គឺក្នុងដែនជម្រកសត្វព្រៃកែវសីមា ដូច្នេះ សម្រាប់បទពិសោធន៍ដែលយើងទទួលបានជោគជ័យនៅដែនជម្រកសត្វព្រៃកែវសីមា ដែលមានរយៈពេល១ឆ្នាំកន្លងមកនេះ នឹងត្រូវយកមកអនុវត្តគម្រោងនេះ នៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ។
លោកបានបន្ថែមថា ការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តកម្ពុជា ដែលទទួលបានជោគជ័យកន្លងមក និងជាមោទនភាពមួយរបស់កម្ពុជា ដែលយើងបានចូលរួមជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជា ជាប្រទេសមួយដែលបានឈានមុនគេក្នុងការលក់ឥណទានកាបូន។
លោកបានគូសបញ្ជាក់ថា នេះជាមោទភាពមួយដែលកម្ពុជា ពីមុនត្រូវរងការរិះគន់ ពីសំណាក់មហាជនមួយចំនួនថា កម្ពុជា ជាតំបន់មួយដែលបាត់បង់ព្រៃឈើ តាមការកាប់បំផ្លាញព្រៃឈើ។ល។ និង ។ល។ ដូច្នេះ តាមរយៈការតាំងនេះរបស់កម្ពុជាលើកិច្ចការពារព្រៃឈើ និងធនធានធម្មជាតិ តាមរយៈការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តនេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការការពារព្រៃឈើរបស់ខ្លួន៕