ការដ្ឋានធ្វើស្ពាន ៧កន្លែង និងបុកសុីផាយនៅប្រឡាយទួលពង្រ១ សម្រេចបាន ៨៥ភាគរយហើយ គ្រោងរួចរាល់នៅពាក់កណ្តាលខែកក្កដាងាយស្រួលក្នុងការឆ្លងកាត់
ភ្នំពេញ៖ បើទោះបី ជម្ងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈយ៉ាងក្តី ក៏ប៉ុន្តែការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ដោយគិតមកដល់ត្រឹមថ្ងៃទី១១ មិថុនានេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយហើយ នឹងគ្រោងរួចរាល់នៅក្នុងពាក់កណ្តាលខែកក្កដាឆ្នាំ២០២១ខាងមុខនេះ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ បានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី១១ មិថុនានេះថា ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរចណ្ឌពោធិសែនជយ័ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហ៊ំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រដោយ ធ្វើការសាងសង់ស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ត្រឹមថ្ងៃទី១១ មិថុនានេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយហើយ និងគ្រោងរួចរាល់នៅក្នុងពាក់កណ្តាលខែកក្កដាឆ្នាំ២០២១ខាងមុខនេះ ។
លោកបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុង ភូមិ សាស្ត្រ ខណ្ឌមានជយ័ទៅកាន់បឹងជេីងឯកនិង បន្ត ហូរ ទៅកាន់ស្ទឹងជ្រៅ ។ នៅពេលគំរោងការនេះ បញ្ចប់វានឹងអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀង បានមួយកំរិតធំ។ លោកសាំ ពិសិដ្ឋ បានបន្តទៀតថា ៖ក្នុងពេលសាងសង់ស្ពាន៧កន្លែងនេះ យើងបានដាក់លូប្រអប់បណ្តោះ ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវមួយចំនួនកាលពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក។ចំណែកនៅមុខផ្ទះប្រជាពលរដ្ឋដែលបានកាត់ផ្តាច់ផ្លូវ យើងបានបុកស៊ីផាយដើម្បីទប់ដីកុំឱ្យបាក់ប្រវែងជាង២០០ម៉ែត្រផងដែរ។
គម្រោង ស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ។
គួរបញ្ជាក់ថា ៖ការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះ បានធ្វើពិធីក្រុងពាលីតាមបែបសាសន៍ ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី២១ មិនាឆ្នាំ២០២១ ក្រោមវត្តមានលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ ៕