អាជ្ញាធរស្រុកស្វាយជ្រំ បើកឱ្យដំណើរការតូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ឡើងវិញ
ស្វាយរៀង៖ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំបានដឹកនាំក្រុមការងារស្រុក សហការជាមួយក្រុមប្រឹក្សាឃុំដូនស ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក ស្តីពីការបញ្ចប់ការធ្វើចត្តាឡីស័ក និងដំណើរការតូបលក់ដូរនៅទីប្រជំុជនផ្សារដូនស ស្ថិតនៅឃុំដូនស ឡើងវិញចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១តទៅ។
សូមបញ្ជាក់ថា តូបលក់ដូរនៅទីប្រជំុជនផ្សារដូនស ត្រូវបានផ្អាកជាបណ្តោះអាសន្នអស់រយ:ពេល១៨ ថ្ងៃ ដោយសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅទីប្រជំុជនផ្សារនេះ ។ តាមចុះស្រាវជ្រាវរុករកដោយយកចិត្តទុកដាក់របស់ក្រុមការងារគឺរកឃើញអ្នកមានការពាក់ព័ន្ធផ្ទាល់ និងប្រយោល ១៧១ នាក់ ក្នុងនោះអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន ១៨ នាក់ ហើយបច្ចុប្បន្នបានសះស្បើយ ៦នាក់ កំពុងព្យាបាល ១១នាក់ និងបានស្លាប់បាត់បង់ជីវិត១នាក់។
រដ្ឋបាលស្រុកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ ” ៣ការពារ ៣កុំ” ជាប់ជាប្រចាំ៕