ក្រសួងការពារជាតិបញ្ជាក់ថា ចេតនាអនុព័ន្ធយោធាអាមេរិកចុះទៅកាន់តំបន់រាម «មិនមែនដើម្បីអស់មន្ទិលសង្ស័យអំពីមូលដ្ឋានទ័ពចិន» ឡើយ ហើយប្រកាសទាត់ចោលសេចក្តីថ្លែងការណ៍របស់អាមេរិក
ភ្នំពេញ៖ អនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ បន្ទាប់ពីមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែក្នុងពេលចុះពិនិត្យនេះទាហានអាមេរិកបានព្យាយាមរុករកពីកន្លែងមួយទៅកន្លែងមួយ រហូតហួសអំពីសំណើរបស់ខ្លួន ដែលស្នើសុំចុះទស្សនកិច្ច ព្រមទាំងចេញសេចក្តីថ្លែងការណ៍អះអាងថា កម្ពុជាបើកចំហរមិនពេញលេញ។
ករណីនេះមន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា បានសង្ស័យថា ចេតនារបស់សហរដ្ឋអាមេរិកក្នុងការចុះពិនិត្យនៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ មិនមែនដើម្បីអស់មន្ទិលសង្ស័យអំពីមូលដ្ឋានកងទ័ពចិន នៅក្នុងប្រទេសកម្ពុជានោះឡើយ ប៉ុន្តែអាចជាការធ្វើមើលមិនឃើញថា «គ្មានមូលដ្ឋានទ័ពចិន» ហើយបង្កើតបញ្ហាបន្តបន្ទាប់ ដើម្បីផលប្រយោជន៍ «ភូមិសាស្រ្តនយោបាយ»។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទី ប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា៖ «គេធ្វើឆោត ដើម្បីផលប្រយោជន៍ណាមួយ គេមិនមែនដឹងមិនដឹងថា ប្រទេសយើងមានអធិបតេយ្យភាព មានច្បាប់ទម្លាប់ មានផ្នែកយោធាដែលត្រូវលាក់ការណ៍នោះទេ ប៉ុន្តែគោលដៅរបស់គេប្រហែលជាដឹងគ្រប់គ្នាហើយ ដូចអ្វីដែលសម្តេចពិជ័យសេនា លើកឡើងគឺ “ភូមិសាស្រ្តនយោបាយ” និងអ្វីដែលជាតម្រូវការ និងផលប្រយោជន៍របស់គេ»។
នៅក្នុងពេលចុះពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយឯក Marcus M. Ferrara អនុព័ន្ធយោធាអាមេរិក និងមន្រ្តីរបស់លោក បានចុះទៅកាន់ទីតាំងច្រើនកន្លែង តាមការស្នើ និងលើសពីការស្នើសុំមកកាន់ក្រសួងការពារជាតិកម្ពុជាទៅទៀត។
ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ តំណាងក្រសួងការពារជាតិ ដែលទទួលស្វាគមន៍អនុព័ន្ធយោធាអាមេរិក បានបញ្ជាក់ឱ្យដឹងថា យោធាកម្ពុជាបាននាំអនុព័ន្ធយោធាអាមេរិក ទៅមើលកន្លែងជាច្រើននៅមូលដ្ឋានកងទ័ពជើងទឹករាម គឺកន្លែងដែលគាត់សង្ស័យ ជាពិសេសគឺកន្លែងដែលយើងរើទីបញ្ជាការដ្ឋានជួរមុខរបស់គណៈកម្មការជាតិលំហសមុទ្រ។
ឯកឧត្តមអះអាងថា៖ «យើងបាននាំគាត់ទៅមើលកំពង់ផែរាម ទៅមើលនាវារបស់យើង ដែលគាត់សង្ស័យថាជាមូលដ្ឋានទ័ពរបស់ចិន បន្ទាប់មកយើងនាំគាត់ទៅមើលរោងជាង ដែលជាជំនួយរបស់អូស្រ្តាលីមួយទៀត ដែលនៅក្បែរនោះ ហើយបន្ទាប់មកទៀត គាត់ចង់ទៅមើលមន្ទីរពេទ្យ យើងក៏បានជូនទៅមើលមន្ទីរពេទ្យទៀត ចុងក្រោយយើងបាននាំគាត់មើលទីកន្លែងថ្មីរបស់ទីបញ្ជាការដ្ឋានជួរមុខ របស់គណៈកម្មការជាតិលំហសមុទ្រនៅកោះព្រាបទៀត»។
ឯកឧត្តមបានបន្តថា «គាត់ព្យាយាមរុលទៅរកកន្លែងផ្សេងទៀតដែលមិនចាំបាច់ និងមិនស្ថិតនៅក្នុងសំណូមពរ និងសំណើដែលគាត់បានស្នើមកទេ គឺគាត់បានបង្កើតសំណើភ្លាមៗតែម្តង សឹងតែថារុលឱ្យទៅដល់ចង្រ្កានបាយ និងកន្លែងដេករបស់យើង។ វាជាការជ្រៀតជ្រែកក្នុងបេះដូងរបស់យើង»។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ច ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយតាមបណ្តាញសង្គមថា កម្ពុជាមិនអនុញ្ញាតឱ្យយោធាអាមេរិក ចូលទៅកាន់គ្រប់កន្លែងនោះទេ។ ស្ថានទូតបានលើកឡើងថា៖ «នៅក្នុងពេលទស្សនកិច្ចដ៏ខ្លីនោះ មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធា ទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ»។ ស្ថានទូតមហាអំណាចនេះបញ្ជាក់ទៀតថា នៅពេលដឹងច្បាស់ថា លោកមិនត្រូវបានអនុញ្ញាតឲ្យចូលមើលបានអស់ លោកវរសេនីយឯក Ferrara បានបញ្ចប់ការដើរមើល ហើយបានស្នើសុំឲ្យមន្រ្តីយោធាកម្ពុជាកំណត់ពេលទស្សនកិច្ចឡើងវិញ ដោយអនុញ្ញាតឲ្យមានការដើរមើលគ្រប់កន្លែង នៅក្នុងពេលខាងមុខឲ្យបានឆាប់បំផុត។
ឆ្លើយតបនឹងការវាយប្រហារនេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមការងារបានអនុវត្តពេញលេញណាស់ជាមួយបទបញ្ជាថ្នាក់លើ ក្នុងការទទួលអនុព័ន្ធយោធាអាមេរិកតាមបច្ចេកទេស។ ឯកឧត្តមបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលយើងឃើញព័ត៌មានចេញពីស្ថានទូត គឺប្រាសចាកពីភាពជាក់ស្តែង និងការពិត»។ ឯកឧត្តមថា៖ «វាជាការយល់ខុសមួយយ៉ាងធំដែលថា យើងមិនសហការនោះ គឺយើងបានធ្វើយ៉ាងល្អតាមក្បួនខ្នាត ដែលមាន ហើយដែលលើកឡើងដោយថ្នាក់ដឹកនាំ»។
មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បានបញ្ជាក់ថា ការទាមទារទៅមើលកន្លែងផ្សេងៗទៀតនោះ គឺហួសព្រំដែននៃកម្រិតទស្សនកិច្ចដែលបានដាក់ចុះ។ ឯកឧត្តមបញ្ជាក់បន្ថែមថា ក្នុងការទស្សនកិច្ចយោធា គឺមានកម្រិតនៅគ្រប់កន្លែង មិនមែនតែនៅកម្ពុជាទេ។ ដោយឡែកការចង់ចុះទៅច្រើនដងទៀត គឺអាស្រ័យលើការជជែកគ្នាបន្តទៀត រវាងភាគីទាំងពីរ។
«យើងជាម្ចាស់ប្រទេស យើងក៏មានការគិតគូរលាក់ការណ៍ខ្លះដែរ សម្រាប់វិស័យការពារជាតិយើង ប្រទេសណាក៏មានកម្រិតដែរ ដោយសារផ្នែកយោធាត្រូវមានបែបបទច្បាស់លាស់ណាស់»។ នេះជាការបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍។
ការចុះពិនិត្យនៅតំបន់រាមរបស់អនុព័ន្ធយោធាអាមេរិក បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពតាមរយៈ លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក ឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិក អំឡុងបំពេញទស្សនកិច្ច ចុះពិនិត្យកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិលសង្ស័យថាមានមូលដ្ឋានទ័ពចិន។
កន្លងទៅសារព័ត៌មានមួយចំនួនរបស់សហអាមេរិក នៅតែបន្តវាយប្រហារជាបន្តបន្ទាប់ថា កម្ពុជាបានអនុញ្ញាតឱ្យចិន ដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេស នៅតំបន់រាម ខណៈដែលកម្ពុជាបានបំភ្លឺម្តងហើយម្តងទៀតថា ខ្លួនមិនអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនោះឡើយ ហើយក៏មិនមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជាដូចការផ្សព្វផ្សាយបំភ្លៃនោះដែរ៕