សម្តេចពិជ័យសេនា ទៀ បាញ់ :ការចោទប្រកាន់របស់អនុព័ន្ធយោធាអាមេរិកគឺជាការមិនត្រឹមត្រូវ
ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលខាងភាគីអាមេរិកបានចោទប្រកាន់ថា មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹក គឺជាការនិយាយមួលបង្កាច់ និងមិនត្រឹមត្រូវនោះទេ។
ការបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជាបានធ្វើឡើងបន្ទាប់ពីអនុព័ន្ធយោធាអាមេរិកបានចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាមរបស់កម្ពុជានៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ។ ប៉ុន្តែនៅពេលដែលកម្ពុជាអនុញ្ញាតឲ្យចុះពិនិត្យមើលទីតាំងកំពង់ផែរាម បែរជាភាគីអាមេរិកចោទថា មន្ត្រីកម្ពុជាមិនអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកដើរមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកទៅវិញ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១១ខែមិថុនានេះថា ការចោទប្រកាន់របស់ភាគីអាមេរិក គឺជាការនិយាយមួលបង្កាច់ និងមិនមានការពិតត្រឹមត្រូវនោះទេ។ ដោយសម្តេចបានបញ្ជាក់ថា “អ្វីដែលមិនបានតាមបំណងរបស់គេ គេចេះតែនិយាយបំផ្លើស និយាយមួលបង្កាច់ បំផ្លើសនេះ បំផ្លើសនោះ តែនេះជារឿងរបស់គេ តែរឿងរបស់យើង យើងក៏មានសិទ្ធិបកស្រាយដោះស្រាយបញ្ហាតាមរបៀបយើងដែរ”។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា អនុព័ន្ធយោធាអាមេរិកបានចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាមរួចហើយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ ដោយមន្ត្រីកម្ពុជាដែលនាំអនុព័ន្ធយោធាអាមេរិកចុះទៅកំពុងតែបកស្រាយចំពោះការកើតរឿងថ្មីៗនិងការចោទប្រកាន់របស់អាមេរិក។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានឯកភាពនិងអនុញ្ញាតឲ្យអនុព័ន្ធយោធារបស់អាម៉េរិកចុះទៅមើលកំពង់ផែរាម ក្រោយជំនួបជាមួយលោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០២១ កន្លងមកនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍កាលពីថ្ងៃទី៣ ខែមិថុនា ថា នៅពេលដែលលោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី១ខែមិថុនា បានសំណូមសុំឲ្យអនុព័ន្ធយោធារបស់អាមេរិកចុះទៅពិនិត្យនៅកំពង់ផែរាមរបស់កម្ពុជា គឺសម្តេចនាយករដ្ឋមន្ត្រីបានឯកភាពនិងអនុញ្ញាតឲ្យអនុព័ន្ធយោធារបស់អាមេរិកចុះទៅកំពង់ផែរាម ហើយការចុះទៅនេះគឺមិនមានបញ្ហាអ្វីទេ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា ចំពោះការអភិវឌ្ឍកំពង់ផែរាមរបស់កម្ពុជាឱ្យទំនើបជាងមុន គឺមិនមែនសហរដ្ឋអាមេរិកមិនដឹងទេ ក៏ប៉ុន្តែសហរដ្ឋអាមេរិកនៅតែចិញ្ចឹមចិត្តថា កម្ពុជាបានផ្តល់កំពង់ផែរាមឲ្យប្រើប្រាស់ផ្តាច់មុខទៅខាងចិនប៉ុន្តែរឿងនេះដែលវាមិនមានហេតុការណ៍នេះទាល់តែសោះ ដែលសហរដ្ឋអាមេរិកយល់របៀបនេះ។ ដូច្នេះមិនដឹងជាទៅហាមឃាត់គេរបៀបណាទេ បើគេចង់យល់របៀបនឹងទៅហើយ។
ប្រមុខការពារជាតិកម្ពុជាបានបញ្ជាក់ថា “ការធ្វើកំពង់ផែរាមនេះ គឺច្បាស់ណាស់យើងនឹងមានការអភិវឌ្ឍ និងកំពុងប្រុងប្រៀងអភិវឌ្ឍន៍កំពង់ផែរាម ។ច្បាស់ណាស់យើងនឹងអភិវឌ្ឍន៍ ពីព្រោះការអភិវឌ្ឍវាត្រូវតែរៀបចំលក្ខណៈសម្បត្តិឲ្យបានជាមុនដើម្បីត្រៀមធ្វើការអភិវវឌ្ឍន៍ ទាំងការរៀបចំទីកន្លែង និងចាំបាច់ត្រូវតែបូមស្តារឲ្យវាមានជម្រៅទឹក រៀបចំធ្វើផែ ធ្វើរោងជាងសម្រាប់ជួសជុលនាវា ហើយសំណង់ធំៗណាស់ដែលត្រូវធ្វើ ដើម្បីបម្រើឲ្យមូលដ្ឋានយោធារាមរបស់កម្ពុជាគឺមានការរីកចំរើន និងមានការអភិវឌ្ឍន៍មានកម្រិតទៀត”។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា រឿងនេះមិនមានអ្វីចម្លែកទាល់តែសោះ គ្រាន់តែការធ្វើកំពង់ផែរាមរបស់កម្ពុជា គឺកម្ពុជាស្វះស្វែងរកដៃគូរដើម្បីជួយអភិវឌ្ឍន៍ ដោយសារកម្ពុជាពុំមានលទ្ធភាពធ្វើដោយខ្លួនឯងបានភ្លាមៗទៅតាមតម្រូវការនៃការអភិវឌ្ឍន៍នោះបាន កម្ពុជាក៏ស្វែងរកដៃគូរ ហើយវាក៏មិនមានរឿងអ្វីចម្លែកដែរ។ ហើយការចោទប្រកាន់ថា កម្ពុជាឲ្យកំពង់ផែរាមទៅចិន គឺខុសពីការពិតឆ្ងាយណាស់ ការបង្កើតនៅការរារាំងអំពីការអភិវឌ្ឍន៍របស់កម្ពុជាយ៉ាងជាក់លាក់តែម្តង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ភាគីចិនដែលជាមិត្តដែកថែបបានជួយអភិវឌ្ឍន៍កំពង់ផែរាមរបស់កម្ពុជាឱ្យទំនើបជាងមុនដោយមិនមានចំណង ហើយបន្ទាប់ពីសង់រួចទុកឲ្យកម្ពុជាជាអ្នកប្រើប្រាស់ដោយអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ មិនមែនសម្រាប់ផ្តាច់មុខឲ្យចិននោះទេ។ការរួមចំណែកក្នុងការអភិវឌ្ឍកំពង់ផែរាមនេះ ដើម្បីលើកកម្រិតវិស័យការពារជាតិកម្ពុជា ខាងផ្នែកសមុទ្រ ឬឱ្យកម្ពុជាមានមូលដ្ឋាន ដើម្បីមានកន្លែងសមរម្យ មានរោងជាងសម្រាប់ជួសជុលបណ្តានាវាខាងសមុទ្រ មានផែសម្រាប់ចតនាវាឱ្យបានសមរម្យ។ សព្វថ្ងៃនេះ គឺឃើញច្បាស់ហើយ ទឹកវារ៉ាក់តូច អត់មានរោងជាងទេ ដូច្នេះគេមកជួយនេះ កម្ពុជាដឹងគុណណាស់ អរគុណគេ ហើយជំនួយនេះមានការជជែកវែកញែកគ្នាច្បាស់លាស់ គេជួយដោយអត់មានចំណងទេ៕
ដោយៈពលជ័យ