គ្រួសារទីទ័លក្រីក្រចំនួន០២គ្រួសារ នៅក្នុងសង្កាត់វត្តគរនិងនៅក្នុងបរិវេណក្រុមហ៊ុនស៊ិនទ្រី ក្រុងខេត្តបាត់ដំបង បានទទួលអំណោយឯកឧត្តមអភិបាលខេត្តបាត់ដំបង តាមរយៈក្រុមការងារអ្នកសារព័ត៌មានក្នុងខេត្ត
តាមរយៈក្រុមការងារនៃបណ្តាញព័ត៌មានមកពីអង្គភាពនានា ប្រចាំខេត្តបាត់ដំបង បានពាំនាំនូវអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់ឯកឧត្តមអភិបាលខេត្តបាត់ដំបង ដើម្បីផ្តល់ជូនដល់គ្រួសារក្រីក្រតោកយ៉ាកនិងកំពុងតែជួបនូវបញ្ហាជីវភាពខ្វះខាតខ្លាំងចំនួន ០២គ្រួសារ ដែលរស់នៅក្នុងសង្កាត់អូរម៉ាល់និងសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១នេះ។
អំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលត្រូវបាននាំយកទៅចែកនិងប្រគល់ជូនដោយផ្ទាល់ដៃដល់គ្រួសារទីទ័លក្រដែលកំពុងតែលំបាកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃចំនួន២គ្រួសារ ខាងលើនេះ៖១- អ៊ុស្រីឈ្មោះ ផែននិន រស់នៅបរិវេណក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ខេត្តបាត់បង ដែលស្ថិតក្នុង ភូមិព្រៃកូនខ្លា សង្កាត់អូរម៉ាល់ និងទី២- អ៊ុស្រីឈ្មោះ តក់ វ៉ាន់ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង។ ហើយអំណោយ ដែលគ្រួសារក្រីក្រទាំង០២ ត្រូវទទួលបាននៅពេលនេះ គឺក្នុងគ្រួសារនីមួយៗរួមមាន៖អង្ករ៥០គក្រ.មី១កេស,ត្រីខ១យួរ,ទឹកត្រី០១យួរ,ទឹកស៊ីអ៊ីវ០១យួរ,សៀង០៣ដប,ទឹកសុទ្ធដបធំ១កេស, មុង,ភួយ,សារុង,ក្រម៉ា,កន្ទេលបត់ថៃ១,អង្រឹង១,សំពត់តង់១ និង ថវិកា ចំនួន២០ម៉ឺនរៀល ផងដែរ។ដោយឡែកអ៊ុស្រីម្នាក់ទៀត រស់នៅក្នុងបរិវេណក្រុមហ៊ុនស៊ិនទ្រី និង មានជីវភាពខ្វះខាតដែរនោះក្នុងនោះក្រុមការងារក៏បានផ្តល់នូវថវិកាចំនួន១០ម៉ឺនរៀល ជាអំណោយសប្បុរសជនទទួលបានពីលោក តូច ឈួនសៅរិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង ជូនដល់អ៊ុស្រីម្នាក់ នៅក្បែរខាងគ្នាទីនោះផងដែរ។
តាមការគូសបញ្ជាក់ពីលោក អ៊ុក សំអាន ជាតំណាងក្រុមការងាររួមជាមួយភ្នាក់ងារព័ត៌មាននានាក្នុងខេត្តបានឲ្យដឹងថាដោយក្រុមការងារខ្លួនបានជួបប្រទះគ្រួសារទាំង០២ខាងលើនិងមានបញ្ហាប្រឈមពីស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃនិងកំពុងជួបការលំបាកខ្លាំងក្នុងការរ៉ាប់រងដល់ការចិញ្ចឹមបីបាច់ចៅៗកំព្រាឪពុក-ម្តាយ ចំនួន០៤នាក់ ស្ថិតក្នុងបន្ទុកហើយជីវភាពរស់នៅក្រតោកយ៉ាក និងកំពុងស្នាក់នៅតាមសំយ៉ាបផ្ទះ ដែលគេឲ្យស្នាក់នៅបណ្តោះអាសន្នជាមួយនិងចៅៗ ហើយសុខភាពផ្ទាល់ខ្លួនក៏កំពុងមានជម្ងឺប្រចាំកាយទៀតផង និងដោយមើលឃើញពីការលំបាក ពីស្ថានភាពព្រាត់ប្រាស់កូនចៅ ជាមួយនិងជីវភាពក្រីក្រពិតប្រាកដនៅក្នុងស្ថានភាពមួយដែលជម្ងឺរាតត្បាតនិងពីការឆ្លងជម្ងឺកូវីដ-19ផងនោះ។ក្នុងនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៌បានផ្តល់នូវអំណោយទាំងនេះ ប្រគល់ឲ្យក្រុមការងារយកទៅប្រគល់ជូនដល់អ៊ុស្រីទាំង០២ខាងលើ ដើម្បីជួយសម្រួលដល់ជីវភាពខ្វះខាតរបស់អ៊ុស្រីខាងលើនេះ។តាមរយៈអំណោយផ្ទាល់ដៃទាំងនេះអ៊ុស្រីទាំង០២ខាងលើ ក៏បានថ្លែងអំណរគុណ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយថែរក្សា ឯកឧត្តមនិងលោកជំទាវ និងជូននូវពរ ទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាតឡើយ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )