គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយចុះបណ្តេញអ្នករស់នៅលើបែចិញ្ចឹមត្រី

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ អ្នករស់នៅលើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកដែលចល័តពីខណ្ឌច្បារអំពៅទៅឈប់ចតដើម្បីស្នាក់នៅលើផ្ទៃទឹកទន្លេមេគង្គក្រោម ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះបណ្តេញចេញពីភូមិសាស្ត្រស្រុកកៀនស្វាយមិនអោយឈប់ចតស្នាក់នៅឡើយ ។
យុទ្ធនាការនេះធ្វើឡើងពេញមួយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំដោយលោក សុខ ពិសិដ្ឋ អភិបាលរងស្រុក , លោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុក និងលោក អ៊ួន សុផាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រមទាំងមានការចូលរួម ពីផ្នែករដ្ឋបាលជលផល និងសង្កាត់រដ្ឋបាលជលផលកៀនស្វាយផងដែរ ។
យុទ្ធនាការថ្ងៃដំបូងនេះកម្លាំងចម្រុះស្រុកបានចែកចេញជាពីរគោលដៅ , គោលដៅទី១-ប្រើទូកម៉ាស៉ីនចាំស្ទាក់ នៅចំនុចព្រំប្រទល់ខណ្ឌច្បារអំពៅនិងស្រុកកៀនស្វាយ ដោយមិនអោយឈប់ចតស្នាក់នៅក្នុងភូមិសាស្ត្រស្រុកឡើយ និងគោលដៅទី២- ចុះត្រួតពិនិត្យតាមទីតាំដែលមានបែចិញ្ចឹមត្រីនិងបញ្ជីឈ្មោះអ្នករស់នៅចាស់ ជាលទ្ធផលកម្លាំងចម្រុះរកឃើញអ្នករស់នៅលើបែចិញ្ចឹមត្រីចូលមកស្នាក់នៅថ្មីលើផ្ទៃទន្លេក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ចំនួន១០គ្រួសារ មាន២៥បែចិញ្ចឹមត្រី ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកធ្វើការណែនាំនិងសម្រេចអោយម្ចាស់បែ អូសចេញពីភូមិសាស្ត្រ ស្រុកកៀនស្វាយ ។
ក្នុងយុទ្ធនាការនេះដែរលោក សុខ ពិសិដ្ឋ អភិបាលរង តំណាងលោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានណែនាំដល់ម្ចាស់បែចិញ្ចឹមត្រីនិងផ្ទះបណ្តែតទឹកដែលមានបំណង់ចូលមកឈប់ចតស្នាក់នៅថ្មីលើផ្ទៃទឹកទន្លេ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ត្រូវតែរុះរើ ឬចល័តចេញដោយខ្លួនឯងមិនអោយចូលមកស្នាក់នៅឡើយ បើរឹងរូសគណៈបញ្ជាការឯកភាពស្រុកនិងចាត់វិធានការរដ្ឋបាលមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ ។ ដោយឡែកអ្នកតាំងទីលំនៅចាស់និងមានបែចិញ្ចឹមត្រីដែរនោះ រដ្ឋបាលស្រុកបានចុះស្រង់ស្ថិតិរួចរាល់ហើយ រង់ចាំតែមានផែនការពីថ្នាក់លើតែប៉ុណ្ណោះ ។
លោកអភិបាលរងបានបន្តថា អ្នកចិញ្ចឹមត្រីក្នុងបែ អ្នករស់នៅលើផ្ទះបណ្តែតទឹកមានបែចិញ្ចឹមត្រីខាងក្រោម ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ជីវៈចំរុះនៅក្នុងទឹក ទឹកក្រខ្វក់ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាល ពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណ ភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែល បាន ប្រើប្រាស់ទឹកមិនស្អាតផងដែរ ។
សណ្តោស-ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner