ខេត្តកំពង់ចាម មានអ្នកឆ្លងថ្មី៣៨នាក់ (Video Inside)
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣៨នាក់ ទៀត និងជាមួយអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ។ ការឃើញឆ្លងថ្មីចំនួន ៣៨នាក់ នៅថ្ងៃនេះ គឺតួលេខឆ្លងខ្ពស់ជាងម្សិល ម៉ិញរហូតដល់ទៅ១៨នាក់ ដែលកាលពីម្សិលម៉ិញនោះ ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២០ នាក់ ។
យោងតាមរដ្ឋបាលខេត្តករណីរកឃើញឆ្លងចំនួន៣៨នាក់ នៅថ្ងៃនេះ សុទ្ធតែជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ។ អ្នកឆ្លងថ្មីទាំង ៣៨នាក់នោះ គឺជាពលរដ្ឋមានអាសយដ្ឋាននៅក្នុងស្រុកស្រីសន្ធរចំនួន១៥នាក់, ស្រុកបាធាយ ៧នាក់, ស្រុកចំការលើ៦នាក់, ក្រុងកំពង់ចាម ៣នាក់, ស្រុកព្រៃឈរ ៣នាក់, ស្រុកកំពង់សៀម ម្នាក់, ស្រុកស្ទឹងត្រង់ ម្នាក់, ស្រុកកោះសុទិន ម្នាក់ និងស្រុកព្រៃឈរចំនួនម្នាក់ ។
ចំណែកករណីមានអ្នកស្លាប់ម្នាក់ដោយសារជំងឺកូវីដ១៩នោះវិញ ត្រូវបានរដ្ឋបាលខេត្ត បញ្ជាក់អត្តសញ្ញាណ គឺជាបុរស អាយុ ៣៨ឆ្នាំ ឈ្មោះ ឈិន វ៉ា ជាអ្នកជំងឺចំណូលថ្មីមកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ សពបុរសរូបនោះ ត្រូវបានគេបញ្ជាក់ថា មានជំងឺលើសឈាមប្រចាំកាយ និងជំងឺកូវីដ១៩ មានសភាពធ្ងន់ធ្ងរឡើង ដោយមានហត់ ដង្ហក់ខ្លាំង ទើបគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន បើទោះជាប្រើគ្រប់វិធីក៏ដោយ ។ បុរសរូបនោះបានស្លាប់ ក្រោយទទួលបានការព្យាបាលជំងឺកូវីដ១៩ តែ២ថ្ងៃ ប៉ុណ្ណោះ ។ ក្រុមគ្រូពេទ្យបញ្ជាក់ថា បុរសរូបនោះ ស្លាប់ ដោយសាររលាកសួតធ្ងន់ធ្ងរ បង្ករដោយវីរុសកូវីដ១៩ និងមានជំងឺលើសឈាមរ៉ាំរ៉ៃ ។
ខេត្តកំពង់ចាម គិតត្រឹម ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១ពាន់១៧៣ មានអ្នកជាសះស្បើយចំនួន ៧១៦នាក់ ដោយបូកបញ្ចូល ទាំងអ្នកជាសះស្បើយចំនួន១២នាក់ ក្នុងថ្ងៃនេះថែមទៀត និងអ្នកកំពុងទទួលការព្យាបាលចំនួន ៤៥៥ នាក់។