កម្ពុជាគ្រោងបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអឺរ៉ុប អាមេរិក កាណាដា ចិន និងអូស្រ្តាលី ក្រោយនាំចេញជោគជ័យទៅទីផ្សារជប៉ុន
ភ្នំពេញ៖ ទិសដៅអនាគត ក្រុមហ៊ុន Top Planning Japan (TPJ) សហការជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដែលមានទីតាំងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ មានការសម្រួលពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងបង្កើនការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា ចិន និងអូស្រ្តាលី ដោយបង្កើនទំហំផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីអោយបាន២០តោនក្នុងមួយខែ ។ បង្កើនបរិមាណប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ចំនួន១ពាន់តោនក្នុងឆ្នាំ២០២១ និងកើនឡើងបន្តបន្ទាប់ ។
ជាមួយគ្នានេះ សហការជាមួយសមាគមស្វាយចន្ទីកម្ពុជា កសាងឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីស្រស់ដែលមានសមត្ថភាពស្តុកទុកគ្រាប់យ៉ាងតិច៥ពាន់តោន ដើម្បីធានាបរិមាណផ្គត់ផ្គត់ និងតម្លៃកិច្ចសន្យា ។ នៅឆ្នាំ២០២៣ ក្រុមហ៊ុន TPJ គ្រោងបង្កើតរោងចក្រកែច្នៃ ដែលមានសមត្ថភាពផលិតបានរហូតដល់២ទៅ៣ពាន់តោនក្នុងមួយឆ្នាំ ។ ការឲ្យដឹងនេះ ធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ អញ្ជើញមកពិនិត្យសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ នាពេលថ្មីៗនេះ ។ គួរកត់សម្គាល់ ដោយមានការជួយជ្រោមជ្រែងពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Top Planning Japan (TPJ) បានចុះអនុសារណៈយោគយល់គ្នា (MOU) ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចជាការសាកល្បង ។ MOU នេះមានគោលបំណងលើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទីស្រស់ និងផ្តល់តម្លៃខ្ពស់ដល់កសិករក្នុងតំបន់ និងកសិករដែលបានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ធានាគុណភាព និងសុវត្ថិភាពគ្រាប់ស្វាយចន្ទី បង្កើតឱកាសការងារ និងប្រាក់កម្រៃសមរម្យដល់ស្រ្តី និងយុវជននៅក្នុងសហគមន៍ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងទាំងនៅលើទីផ្សារនៅក្នុងតំបន់ និងទីផ្សារអន្តរជាតិ ។ បច្ចុប្បន្នសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន១០តោនក្នុងមួយខែ ។ លទ្ធផលនៃការអនុវត្ត MOU និងដោយមានកិច្ចសហការល្អជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម ធ្វើឲ្យគ្រាប់ស្វាយចន្ទីកែច្នៃរួចបានបង្ហាញខ្លួននៅលើទីផ្សារជប៉ុននាពេលថ្មីៗនេះ ។ ជាក់ស្តែងនៅថ្ងៃទី០៧ ខែឧសភា សិប្បកម្មគ្រាប់ស្វាយចន្ទីជ័យសំបូរបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួន៧តោនទៅកាន់ប្រទេសជប៉ុនសម្រាប់លើកទី១ ហើយលើកទី២គឺនាពេលថ្មីៗនេះ មានចំនួន៩តោនបានដាក់ចូលក្នុងទូកុងទីន័ររួចរាល់ គ្រោងនាំចេញនៅថ្ងៃទី១៧ខាងមុខ ហើយសង្ឃឹមថា ផលិតផលខ្មែរនេះនឹងទៅដល់ទីក្រុង OSAKA នៅថ្ងៃទី១៥ ខែកក្កដា ។
សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ គ្រោងនាំចេញក្នុងបរិមាណ៩តោនជារៀងរាល់ខែ ហើយបរិមាណនេះនឹងមានការកើនឡើងតាមការបញ្ជាទិញពីទីផ្សារជប៉ុននាពេលអនាគត ។ ក្រៅពីទីផ្សារអន្តរជាតិ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានផ្គត់ផ្គងឲ្យទីផ្សារក្នុងស្រុកដូចជាសហករណ៍សរីរាង្គខ្មែរ លក់ដុំ លក់រាយជូនអតិថិជនទៅតាមបណ្តាខេត្ត និងតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុកផងដែរ ៕