សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ឆ្នាំ២០២១-២០២៥
ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់(ទី៣) និងបន្តអាណត្តិថ្មី(ទី៤) ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលបានប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។

គណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាអាណត្តិថ្មីនេះ ទទួលបានការគាំទ្រតាមរយៈការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ដោយឯកឧត្តម អ៊ូ រតនា ជាប្រធានសហព័ន្ធ អមដោយអនុប្រធានចំនួន៧រូប រួមមាន៖ លោក សុខ មុនី, លោក រស់ មនិន្ទៈ, លោក គិន ឆេងលី, លោក លី សុធា, លោក ឡុង សុផាត, លោក សំ សុខយី និង លោក ជា ហុងរី។ អគ្គលេខាធិការ គឺលោក យ៉ាំ ថៃសាន អមដោយអគ្គលេខាធិការរង៣រូប គឺលោក លាង ណារិទ្ធ, លោក អាំ សុផល និងលោក ម៉ិច សីហា។ អគ្គហិរញ្ញិក គឺលោកស្រី ញឹម ម៉ី និងអគ្គហិរញ្ញិករង លោកស្រី ប៉ុក ករុណា រួមទាំងសមាជិក៥រូបទៀត គឺលោក ប៊ូ វីរៈ, លោក គង់ ហួន, លោក កៅ មករា, លោក ទេព ជីវៈសុខុម និងលោក ម៉េង សៅណេង។

ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងសមាជិកប្រតិបត្តិសហព័ន្ធ ដែលមានសាមគ្គីផ្ទៃក្នុងល្អ ក៏ដូចជាគំរូដ៏ល្អ សម្រាប់សហព័ន្ធដទៃៗទៀត។ ឯកឧត្តមបានលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំសហព័ន្ធដ៏មានសក្ដានុពលមួយនេះ បន្ដការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទាំងធនធានមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ឲ្យកាន់តែសម្បូរធនធានបន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា និងគោលដៅ ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ពិសេសគឺគោលដៅដ៏ធំចម្បង ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ក្នុងនាមប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ឯកឧត្តម អ៊ូ រតនា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិ ហើយឯកឧត្តមបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការដឹកនាំអភិវឌ្ឍន៍ និងរក្សានូវសក្ដានុពលរបស់សហព័ន្ធលើឆាកអន្ដរជាតិ ដែលសហព័ន្ធធ្លាប់សម្រេចបានកន្លងមក។ បេសកកម្មធំៗ២ គឺការត្រៀមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ «ជាមួយនិងភាពរីករាយនេះ វាក៏ជាអម្រែកមួយដ៏ធ្ងន់ដែរ ក្នុងការដឹកនាំសហព័ន្ធ ក្នុងស្ថានភាពវិបត្តិកូវីដ-១៩នេះ។ យើងមានកម្មវិធីធំៗជាច្រើន ចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២០២៣។ តែយ៉ាងណាយើងនឹងខិតខំធ្វើយ៉ាងម៉េច ដើម្បីចូលរួមទប់ស្កាត់កូវីដផង និងរក្សានូវកម្រិតបច្ចេកទេសរបស់កីឡាករ-កីឡាការិនីផង យើងនឹងរិះរកគ្រប់មធ្យោបាយ ដើម្បីថែរក្សាទម្រង់ និងរក្សាសក្ដានុពល ត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣។ យើងប្ដេជ្ញាធ្វើយ៉ាងណាដឹកនាំសហព័ន្ធកីឡាវ៉ូវីណាមឲ្យដើរទៅមុខប្រកបដោយសក្ដានុពល»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម អ៊ូ រតនា៕