មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម សាងសង់រួចរាល់៨៥ភាគរយហើយ

អត្ថបទដោយ៖
សារ៉ាន ទីងី

មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចការសាងសង់បាន៨៥ភាគរយហើយបើគិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ។

នាឱកាសចុះពិនិត្យការដ្ឋានសាងសង់ កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការនៃអគ្គលេខាធិ ការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាននៅពេលនេះ។
ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលមានទីតាំងក្នុងអង្គភាពអង្គរក្ស ក្រោយព្រះបរមរាជវាំងមួយនេះ ជាទីកន្លែងប្រមូលផ្តុំកីឡាជាច្រើនប្រភេទ ដែលមានបទដ្ឋានស្តង់ដារអន្តរជាតិ និងលំដាប់លេខ១ក្នុងព្រះរាជាណាចក្រកម្ពុជា ត្បិតហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបរិក្ខារសាងសង់ ក៏ដូចជាគ្រឿងបំពាក់ខាងក្នុងសុទ្ធតែមានគុណភាពខ្ពស់ ដែលអាចធានាដល់ការរៀចំព្រឹត្តិការណ៍កីឡានានាជាច្រើនប្រភេទដូចជា៖ ប្រភេទកីឡាប្រយុទ្ធ កីឡាយុទ្ធសិល្ប៍ចំរុះ កីឡាវាយសី វាយកូនឃ្លីលើតុ ក៏ដូចជាប្រភេទកីឡាផ្សេងៗទៀតផងដែរ ទាំងលក្ខណ:ជាតិ និងអន្តរជាតិបានយ៉ាងល្អប្រសើរ។

ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានមានប្រសាសន៍ទៀតថា នៅពេលដែលមជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា សាងសង់រួចរាល់ជាស្ថាបពរហើយនោះ ក្រសួងមហាផ្ទៃ នឹងអញ្ជើញមិត្តនគរបាលតាមបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន មកចូលរួមការប្រកួតកីឡាលក្ខណៈអន្តរជាតិ មិត្តភាពនគរបាលអាស៊ានទៅតាមប្រភេទកីឡានិមួយៗផងដែរ មានដូចជា៖ កីឡាប្រយុទ្ធ កីឡាយុទ្ធសីល្ប៍ចំរុះ កីឡាវាយសី កីឡាវាយកូនឃ្លី និងប្រភេទកីឡាផ្សេងៗទៀត ដ្បិតមជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ពិតជាអាចបំរើដល់ការរៀបចំរាល់ព្រឹត្តិការណ៍កីឡាជាលក្ខណៈអន្តរជាតិបានយ៉ាងល្អប្រសើរ។

សូមជម្រាបជូនថា មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានទំហំទទឹង២០ម៉ែត្រ និងបណ្តោយ៤១ម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាសាងសង់ប្រមាណជាង៣សែនដុល្លារអាមេរិក ។

ដំណើរសាសងសង់មជ្ឈមណ្ឌលកីឡាមួយនេះ ត្រូវបានសម្របសម្រួលផ្តល់ទីតាំងដោយ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្ដម ឧត្ដមសេនី យ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិកម្ពុជា ក្រោមការសហប្រតិបត្តិការសាងសង់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner