រថយន្ត ពន្លត់អគ្គិភ័យ ទំលុះជញ្ជាំងចំនួន ២គ្រឿង ដែលជាអំណោយរបស់ ឯកឧត្ដម នេត សាវឿន ប្រគល់ជូននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ បានប្រគល់រថយន្តពន្លត់អគ្គិភ័យទំលុះជញ្ជាំង ចំនួន មួយគ្រឿង ដល់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ រឺឯរថយន្ត ពន្លត់ អគ្គិភ័យ មួយគ្រឿងទៀតបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយរថយន្តពន្លត់អគ្គិភ័យទំលុះជញ្ជាំងនេះ មានសមត្ថភាពពន្លត់អគ្គិភ័យបានរយៈកម្ពស់ខ្ពស់ និងបានពីចម្ងាយផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានបំពាក់នូវសម្ភារៈមធ្យាបាយ ជាពិសេសរថយន្តពន្លត់អគ្គិភ័យដល់នាយកដ្ឋានជំនាញ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីមានលទ្ធភាពជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីកើតហេតុការណ៍គ្រោះអគ្គិភ័យកើតឡើង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យដែលបានផ្តល់ជូននាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាពេលនេះ គឺមានអត្ថប្រយោជន៍ច្រើនជាងរថយន្តដែលប្រទេសកម្ពុជាយើងបានប្រើពីកន្លងទៅ ដោយសាររថយន្តនេះអាចផ្ទុកទឹកបាន ៨ពាន់លីត្រ និងធ្វើការបាញ់ទឹកចេញបានលឿន ក្នុងរយៈកម្ពស់ជាង ៣០ម៉ែត្រ ជាពិសេសអាចស្វានបុកជញ្ជាំងបានថែមទៀតផង។

ឯកឧត្តម ក៏បានសំណូមពរដល់នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានរថយន្តនេះហើយ សូមធ្វើការថែទាំឲ្យបានល្អ ដើម្បីជាប្រយោជន៍បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីអគ្គិភ័យ ដែលករណីនេះតែងតែកើតឡើងជារើយៗមិនថារដូវវស្សា ឬក៏រដូវប្រាំងនោះទេ ដូច្នេះក្នុងគេហដ្ឋាននីមួយៗគប្បីមានឧបករណ៍សង្រ្គោះបឋម ដូចជាបំពង់ពន្លត់អគ្គិភ័យជាដើម ហើយបើទោះបីជាមន្រ្តីជំនាញមានរថយន្ត និងសម្ភារៈទំនើបក្តី ក៏បងប្អូនមិនត្រូវធ្វើការធ្វេសប្រហែសនោះឡើយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner