ធនាគារវីងសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីកៀរគរការបរិច្ចាគពីសប្បុរសជនសំដៅរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា

ភ្នំពេញ៖ ធនាគារ វីង (ខេមបូឌា) ម.ក និង មូលនិធិគន្ធបុប្ផាកម្ពុជា បានសហការគ្នាដើម្បីកៀរគរថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យសប្បុរសធម៌ដ៏ធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា ។ មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃចាប់តាំងពីការបង្កើតឡើងវិញនៅឆ្នាំ១៩៩២ ដោយ លោកវេជ្ជបណ្ឌិត Beat Richner ។ ទោះជាយ៉ាងណាក៏ដោយការរីករាតត្បាតពីវីរុសកូវីដ-១៩ បានធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនថវិកាបរិច្ចាគ តាមរយៈមូលនិធិគន្ធ-បុប្ផាកម្ពុជា ។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាលកុមាររាប់មិនអស់ និងបានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលជិត៣០ឆ្នាំ កន្លងមកនេះ។ ខណៈពេលដែលអនាគតនៃប្រទេសកម្ពុជាពឹងផ្អែកលើការរីកចម្រើន ក៏ដូចជាការអភិវឌ្ឍកុមារ, រាល់ការបរិច្ចាគដើម្បីគាំទ្រចំពោះមន្ទីរពេទ្យដ៏អស្ចារ្យនេះ គឺពិតជាមានអត្ថន័យខ្លាំងណាស់ ដោយសារតែឥទ្ធិពលរបស់វាចំពោះសហគមន៍” ។ តាមរយៈកិច្ចសហការនេះ ធនាគារវីងគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការទទួលការបរិច្ចាគ និងកៀរគរវិភាគទានសប្បុរសធម៌នានា។ យុទ្ធនាការនេះ នឹងត្រូវធ្វើឡើងជាមួយនឹងបណ្តាញនៃធនាគារវីង ដែលរួមមាន៖ គេហទំព័ររបស់វីង បណ្តាញសង្គមកម្មវិធីស្មាតហ្វូនវីង និងភ្នាក់ងារវីងដែលមានជិត១០ ០០០ កន្លែងជាដើម ។ តាងនាមឱ្យមូលនិធិគន្ធបុប្ផាកម្ពុជា, ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិ បានថ្លែងអំណរគុណធនាគារវីងចំពោះកិច្ចសហការនេះ។ “ធនាគារវីង ក៏ដូចជាក្រុមហ៊ុននានាជាច្រើនទៀតនៅកម្ពុជា ដឹងពីសារសំខាន់ក្នុងការគាំទ្រសហគមន៍ និងជាពិសេសកុមារៗដែលកំពុងត្រូវការជំនួយ។ មូលនិធិគន្ធបុប្ផាកម្ពុជា រីករាយ និងស្វាគមន៍កិច្ចសហការរយៈពេលវែងជាមួយធនាគារវីង នេះ និងការខិតខំប្រឹងប្រែង ក៏ដូចជាការប្តេជ្ញាចិត្តរបស់របស់ធនាគារក្នុងការផ្តល់នូវការគាំទ្រពីបុគ្គលិក និងអតិថិជន ចូលរួមក្នុងយុទ្ធនាការនះ ។”

មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាអស់ជិត ៤០ លានដុល្លារ សម្រាប់ប្រតិបត្តិការក្នុងឆ្នាំកន្លងទៅ។ កុមារជាង ៦៣៩ ២៦០ នាក់ បានមកទទួលការពិនិត្យ និងព្យាបាលនៅឯមន្ទីរពេទ្យគន្ធបុប្ផា។ អ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣៣ ០២៦ នាក់ បានមកសម្រាក និងព្យាបាលក្នុងមន្ទីរពេទ្យដោយឥតគិតថ្លៃ នៅក្នុងឆ្នាំ២០២០ កនុ្លងទៅនេះ ។ ក្រៅពីការព្យាបាលកុមារ មន្ទីរពេទ្យគន្ធបុប្ផា (ឬមន្ទីរពេទ្យជ័យវរ្ម័នទី៧) នៅក្នុងខេត្តសៀមរាបក៏មានបន្ទប់សម្ភព និងសម្រាលកូនផងដែរ។ នៅឆ្នាំ២០២០ ស្ត្រីមានផ្ទៃពោះចំនួន ១៣២ ៤៤៣ នាក់ បានមកពិនិត្យ និងព្យាបាល ហើយមានស្ត្រីចំនួន ២៥ ៧៧១ នាក់ បានសម្រាលកូនក្នុងមន្ទីរពេទ្យគន្ធបុប្ផានេះ ។ សាធារណជនទាំងឡាយត្រូវបានលើកទឹកចិត្តឱ្យផ្តល់ការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងដើម្បីបន្តកិច្ចដំណើការរបស់មន្ទីរពេទ្យ ក៏ដូចជាផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារ ផងដែរ ។ អ្នកប្រើប្រាស់សេវាកម្មវីងអាចចូលរួមចំណែកដល់កិច្ចការសប្បុរសធម៌នេះ តាមរយ:ការបរិច្ចាគទៅគណនីលេខ ៥៥៥៩ ជាប្រាក់រៀល ឬ ៥៥៥៨ ជាប្រាក់ដុល្លារ។ មិនតែប៉ុណ្ណោះ ការបរិច្ចាគក៏អាចធ្វើបាននៅតាមភ្នាក់ងារវីង នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ មិនគិតថ្លៃសេវា។ ធនាគារវីងធានាថាប្រាក់វិភាគទានសប្បុរសធម៌ ១០០ % នឹងទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner