ក្រុមជម្រើសជាតិទោចក្រយានទៅដល់ប្រទេសបារាំងហើយ ដើម្បីបន្តការហ្វឹកហាត់បង្កើនបច្ចេកទេស

អត្ថបទដោយ៖
សារ៉ាន ទីងី

ភ្នំពេញ៖ ក្រុមជម្រើសជាតិកីឡាទោចក្រយានចំនួន៣នាក់គឺ កីឡាករ គឹម ចាន់ធូ, សាន ណាម៉ា ,កីឡាករ សាន ណាម៉ាវ និងគ្រូបង្វឹកម្នាក់ គឺលោក ខ្លូត ករណី បានចាកចេញពីមាតុភូមិកំណើត កាលពីល្ងាចថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ឆ្ពោះទៅកាន់ទឹកដីប្រទេសបារំាង ដើម្បីបន្តការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស នៅទីនោះរយៈពេល៣ខែ។

បើតាមលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានបញ្ជាក់ថា ក្រុមកីឡាករជម្រើសជាតិកម្ពុជា និងគ្រូបង្វឹកម្នាក់សរុប៤នាក់បានធ្វើដំណើរទៅដល់ប្រទេសបានបារំាងប្រកបដោយសុវត្ថិភាពហើយ កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ នេះជាឱកាសជាលើកដំបូង ដែលក្រុមជម្រើសជាតិកង់កម្ពុជាបានទៅហ្វឹកហាត់បង្កើនបច្ចេកទេសនៅតំបន់អឺរ៉ុប ដោយសារតែការជួយជ្រោមជ្រែង និងទទួលបានការឧបត្ថម្ភទាំងស្រុងពីលោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមកីឡាប្រណាំងកង់កម្ពុជា (Cambodia Cycling Accademy-CCA) ដែលមានទីស្នាក់ការនៅប្រទេសបារាំងនិងកម្ពុជា ដោយសមាគមរបស់លោកស្រីនឹងជួយដល់ការស្នាក់នៅ ហូបចុក និងការធ្វើដំណើរទៅមកក្នុងការហ្វឹកហាត់ និងការប្រកួតដកស្រង់ងបច្ចេកទេសជាមួយក្រុមជំនាញកម្រិតខ្ពស់នៅបារំាង។

អគ្គលេខាធិការរូបនេះអះអាងទៀតថា ការហ្វឹកហាត់នៅក្រៅប្រទេសនេះ ត្រូវបានធ្វើឡើងក្រោមការជួយជ្រោមជ្រែងលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយធ្វើយ៉ាងណាប្រឹងប្រែងជំរុញឲ្យគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីប្រណាំងកង់ ទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ការប្រកួតអន្តរជាតិ ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ ២០២៣។ តាមការគ្រោងទុក នាពេលខាងមុខសហព័ន្ធនឹងបញ្ជូនកីឡាការិនី១ក្រុមទៀតចេញទៅហ្វឹកហាត់នៅក្រៅប្រទេសដែរ។

មុនពេលចេញដំណើរ លោក ខ្លូត ករណី គ្រូបង្វឹកកីឡាទោចក្រយានជម្រើសជាតិកម្ពុជា ដែលត្រូវដឹកនាំកីឡាករទាំង៣នាក់ទៅហ្វឹកហាត់នៅប្រទេសបានបារាំងជឿជាក់ថា ការហ្វឹកហាត់នៅប្រទេសអឺរ៉ុបជាលើកដំបូងរបស់កម្ពុជានេះ នឹងជួយបង្កើនគុណភាពបច្ចេកទេសកីឡាករយើងកាន់តែល្អប្រសើរបន្ថែមទៀត ពីព្រោះថា យើងនឹងមានការប្រកួតធំៗជាច្រើនទៀត ជាពិសេសគឺគោលដៅស៊ីហ្គេម នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១ ឬអាចឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។

ជម្រើសជាតិប្រណាំងកង់គក់ទាំង៣នាក់នេះ គឺកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ ក៏បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំបន្តការហ្វឹកហាត់នៅប្រទេសបារំាង ដើម្បីបង្កើនគុណភាពបច្ចេកទេសជាមួយក្រុមកីឡាករអាជីពនៅប្រទេសបារំាង និងនាំយកនូវសិទ្ធផលពីការហ្វឹកហាត់នោះ មកបម្រើដល់ការប្រកួតនានា សម្រាប់ជាតិកម្ពុជា នាពេលខាងមុខជាបន្ទាបន្ទាប់ ជាពិសេស គឺគោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្តង៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner