(Update) អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះទៅទាំងយប់ដើម្បីត្រួតពិនិត្យ និងបើកលុយអោយកម្មករសិន ក្រោយឃាត់ខ្លួនអ្នកម៉ៅការ KMB ដែលមិនបើកលុយអោយពួកគាត់

ប៉ោយប៉ែត៖ នៅយប់ថ្ងៃទី១៤ ខែមិថុនានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទៅកាន់តំបន់ទីតាំងគម្រោងអភិវឌ្ឍន៍ទីក្រុងរណប Poipet Satellite City ជាប់នឹងព្រំដែនថៃទាំងយប់ ដើម្បីត្រួតពិនិត្យបើកប្រាក់ជូនបងប្អូនកម្មករ ខណៈដែលអ្នកម៉ៅការត្រូវបានអាជ្ញាធរឃាត់ខ្លួន ។

អ្នកឧកញ៉ា ឡេង ណាវ៉ត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានបង្ហោះសារលើទំព័រហ្វេសប៊ុកមុននេះបន្តិថា ខ្ញុំធ្វើដំណើរទាំងយប់មកព្រំដែនថៃក្នុងគំរោងទីក្រុងរណប Poipet Satellite City ហើយបង្ខំចិត្តឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម៉ៅការ KMB ធ្វើតាមផ្លូវច្បាប់ ដែលក្រុមហ៊ុនម៉ៅការនេះ មិនបើកប្រាក់អោយកម្មករ ។ បើតាមអ្នកឧកញ៉ា ក្រុមហ៊ុនបានទូទាត់ទៅក្រុមហ៊ុនម៉ៅការតាមកិច្ចសន្យាអស់ទៅហើយ តែក្រុមហ៊ុនម៉ៅការនោះ បែរជាមិនបើកអោយកម្មករទៅវិញ ដែលធ្វើអោយកម្មករយល់ច្រលំមកលើក្រុមហ៊ុនអ្នកឧកញ៉ា ។ អ្នកឧកញ៉ាបន្ថែមថា តែទោះជាយ៉ាងខ្ញុំបានអោយក្រុមការងារចេញលុយផ្ទាល់ខ្លួន បើកបញ្ចប់អោយកម្មករសិន ។ ចំពោះក្រុមហ៊ុនម៉ៅការ KMB យើងបន្តនីតិវិធីដោះស្រាយតាមក្រោយ ។

សូមរំលឹកផងដែរថា ថ្មីៗនេះផ្ទុះការតវ៉ាពីបងប្អូនកម្មករបំរើការងារអោយគម្រោងទីក្រុងរណប Poipet Satellite City របស់មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា ថា មិនបានបើកលុយអោយកម្មករ ។ ភ្លាមៗនោះ អ្នកគ្រប់គ្រងនៅគម្រោងទីក្រុងរណបរបស់អ្នកឧកញ៉ាបានស្វែងរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB ដែលម៉ៅការសាងសង់ ដើម្បីមកទទួលខុសត្រូវ ។ គម្រោងសាងសង់ទីក្រុងរណប របស់អ្នកឧកញ៉ា មានផ្ទៃដីទំហំរហូតជិត៤០០០ហិចតានោះ បានម៉ៅការទៅអោយក្រុមហ៊ុន KMB សាងសង់អាគារពាណិជ្ជកម្មគ្រោង៣០អាគារ មានដូចជា៖ កាស៉ីណូ សណ្ឋាគារ រីសត ខុនដូ និងអាគារពាណិជ្ជកម្មជាច្រើនទៀត ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner