ឯកឧត្តម ប្រាជ្ញ ចន្ទ និង ឯកឧត្តម កា លាន បាន​ក្លាយជា​បេក្ខជន​សម្រាប់​តំណែង​ប្រធាន គ​.​ជ​.​ប​.

​ភ្នំពេញ : ឯកឧត្តម ប្រាជ្ញ ចន្ទ និង ឯកឧត្តម កា លាន បាន​ក្លាយជា​បេក្ខជន​សម្រាប់​តំណែង​ជា​ប្រធាន​គ​ញណៈ​ក​ម្មា​ធិ​ការ ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.)​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានអនុម័ត​យល់ព្រម​លើ​បេក្ខជន ទាំងពីរ​២​រូប​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែមិថុនា​នេះ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដឹកនាំ​ដោយ​សម្ដេច​អគ្គ​មហា ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​តាម​ប្រព័ន្ធ​វីដេអូ​។​តាម​នីតិវិធី​បេក្ខជន​ឈរឈ្មោះ​នេះ​នឹងត្រូវ​បញ្ជូនទៅ​គណបក្សនយោបាយ​ពាក់ព័ន្ធ​ជ្រើសរើស​បេក្ខជន​មួយរូប រួច​ផ្ញើមក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។​

​ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និង ជា​អ្នកនាំពាក្យ​ដ្ឋ​សភាជាតិ​បាន​ប្រាប់​AMS នៅមុននេះ​បន្តិច​ថា ឯកឧត្តម ប្រាជ្ញ ចន្ទ និង ឯកឧត្តម កា លាន គឺជា​បេក្ខជន​ដែល​បាន​ពាក្យ​ឈរឈ្មោះ​ធ្វើជា​បេក្ខជន​ប្រធាន​គ​.​ជ​.​ប​. ក្នុងចំណោម​ឥស្សរជន​៤ រូប​ដែល​បានមក​យកពាក្យ​ឈរឈ្មោះ​ពី​រដ្ឋសភា​។
​លោក​បន្តថា​ការទទួល​ពាក្យ​បេក្ខជន​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន គ​.​ជ​.​ប​. រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែមិថុនា ដោយមាន​បេក្ខជន​ចំនួន​៤​រូប​តែប៉ុណ្ណោះ ហើយ​ក្នុងចំណោម​បេក្ខជន​ទាំង ៤​រូប គឺមាន​បេក្ខជន​២​រូប​ទេ​ដែល​បាន​បំពេញបែបបទ​យកមក​ដាក់​នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។​បេក្ខជន​ចំនួន ២​រូបនេះ​មាន​សំណុំបែបបទ​គ្រប់គ្រាន់​ហើយ​បេក្ខជន​ចំនួន ២​រូប​ទៀត គឺ​មិនបាន​ដាក់ពាក្យ​ទេ​។​

​លោក​បាន​បន្តថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៥ ខែមិថុនា នេះ​ដើម្បី​ពិនិត្យ​ជ្រើសរើស បេក្ខភាព​ប្រធាន​គ​.​ជ​.​ប​.​ថា​តើ​ត្រឹមត្រូវ​តាមច្បាប់​ឬក៏​អត់​?​។​នៅពេល​ពិនិត្យ​មើលថា​ត្រឹមត្រូវ​តាមច្បាប់​ហើយ​គណៈកម្មាធិការ អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ទៅ​សម្របសម្រួល​សុំ​ឲ្យ​គណបក្ស​ដែល​បាន​ស្នើសុំ​តែងតាំង​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ជា​ប្រធាន​គ​.​ជ​.​ប​. ពីមុនមក ដើម្បី​ឲ្យ​ធ្វើការ​ជ្រើសរើស​បេក្ខជន​ទាំង​ពីររូប ប៉ុន្តែ​ជ្រើសរើស​យកតែ​បេក្ខជន​មួយរូប​ទេ​។

​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ប្រជុំ​ពិនិត្យ​រួចហើយ គឺ​រយៈពេល ៣​ថ្ងៃ ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៧ ខែមិថុនា គណៈកម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភា​ប្រជុំ​ជាមួយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សម្រេច​ជ្រើស​រើសយក​បេក្ខជន មួយរូប​ក្នុងចំណោម​ពីររូប ដែល​បានដាក់​ពាក្យ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​គ​.​ជ​.​ប​.​។​
​ឯកឧត្តម ប្រាជ្ញ ច័ន្ទ ត្រូវបាន​គេ​ស្គាល់​ថា ជា​អតីត​អភិបាលខេត្ត​បាត់ដំបង ខេត្ត​ត្បូងឃ្មុំ ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ចុងក្រោយ​ជា​តំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ។ ចំណែក​ឯកឧត្តម កា លាន មិនសូវមាន​អ្នក​
​ស្គាល់​ពី​លោក​ច្បាស់​ទេ​។​

​សូមជម្រាបថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ថ្ងៃទី​៤ ខែមិថុនា​បានអនុម័ត​យល់ព្រម​លើ​សំណើ​លាឈប់​ពី តួនាទី និង​តំណែង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​របស់​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក និង​បានអនុម័ត​យល់ព្រម​នូវ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការកំណត់​បែបបទ​និង​នីតិវិធី​នៃ​ការជ្រើសរើស​បេក្ខជន​ប្រធាន​គ​.​ជ​.​ប និង​ប្រគល់ ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ធ្វើ​សេចក្តីជូនដំណឹង​ជ្រើសរើស​បេក្ខជន​ជា​ប្រធាន​គ​.​ជ​.​ប ជំនួស​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក​។ ការអនុម័ត​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ធ្វើឡើង​បន្ទាប់ពី​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក បានដាក់​ពាក្យសុំ​លាលែង​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃទី​១ ខែមិថុនា​ឆ្នាំ​២០២១​។​

​ក្រៅពីនេះ អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ដល់​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ពិនិត្យ សិក្សា ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។
​ជាមួយគ្នានេះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី ការប្រកួតប្រជែង ជូន​ដល់​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ពិនិត្យ សិក្សា ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ ផងដែរ​៕ ដោយ​: ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner