សត្វផ្សោតមួយក្បាល មានទម្ងន់ជិត ២០០គីឡូក្រាម បានអណ្តែតទឹកនៅកណ្តាលដងទន្លេមេគង្គ សង្ស័យស្លាប់ដោយសារការប្រើឧបករណ៍នេសាទល្មើសច្បាប់ នៅខេត្តស្ទឹងត្រែង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង ៖ សត្វផ្សោតដ៏ធំមួយក្បាល មានទម្ងន់ជិត ២០០គីឡូក្រាម និងមានប្រវែងជាង ២ម៉ែត្រ ត្រូវបានគេប្រទះឃើញ អណ្តែតទឹក នៅក្នុងអន្លង់អូរឈើទាល កណ្តាលដងទន្លេមេគង្គ វេលាម៉ោងប្រមាណជា ៣ទៀបភ្លឺ ថ្ងៃទី១៤មិថុនាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រីឯការស្លាប់របស់វា ត្រូវគេសង្ស័យថា អាចបណ្តាលមកពីការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ នៅក្នុងរដូវបិទការនេសាទនេះ ពីក្រុមជនខិលខូច ។
ប្រជាសហគមន៍នេសាទ រួមទាំងឆ្មាំទន្លេមេគង្គ បានរាយការណ៍ថា សត្វផ្សោត ១ក្បាលដែលគេបានប្រទះស្លាប់ ដោយអណ្តែតទឹកទន្លេមេគង្គ នៅក្នុងពេលនេះ ជាសត្វផ្សោតញី មានទម្ងន់ ១៨០គីឡូក្រាម ហើយសត្វផ្សោតនេះ ត្រូវបានឆ្មាំទន្លេប្រទះឃើញអណ្តែតទឹក នៅក្នុងអន្លង់អូរឈើទាល ដែលជាអន្លង់អភិរក្សសត្វផ្សោត នៅក្នុងសកម្មភាពចុះល្បាតនៅពេលយប់ និងក្រោយការប្រទះឃើញ សហគមន៍នេសាទ និងឆ្មាំទន្លេ បាននាំគ្នាចាប់ចង និងនាំយកមកស្នាក់ការឆ្មាំ ដោយរង់ចាំមន្ត្រីជលផល និងអង្គការដៃគូ គឺអង្គការ WWF មកធ្វើការវិន្និច្ឆ័យ និងទទួលយកទៅចាត់ចែងតាមជំនាញ ។ លោកបានសម្តែងការសោកស្តាយ ខណៈត្រីផ្សោតក្នុងអន្លង់អភិរក្ស នៃដងទន្លេមេគង្គ បានរងនូវការបាត់បង់ជីវិតជាបន្តបន្ទាប់ ព្រោះត្បិតត្រីផ្សោត គឺជាប្រភេទសត្វកម្រ និងជិតផុតពូជ ហើយប្រសិនបើមិនមានការចូលរួមអភិរក្សទាំងអស់គ្នាទេ នោះត្រីផ្សោតនឹងត្រូវបាត់បង់ពូជអស់ ក្នុងពេលដ៏ខ្លីខាងមុខនេះ ជាក់ជាពុំខានឡើយ។
មន្ត្រីឆ្មាំទន្លេមេគង្គបានឲ្យដឹងថា សត្វផ្សោតនេះ ត្រូវបានក្រុមមន្ត្រីរដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងមន្ត្រីអង្គការ «WWF» បានចុះមកពិនិត្យ និងធ្វើសំណាកទៅតាមបច្ចេកទេស ហើយបាននាំយកទៅរក្សាទុក ដើម្បីធ្វើពិសោធន៍រកមូលហេតុពិត ពីការស្លាប់របស់វា ។ លោកបានបញ្ជាក់ថា កាលពីថ្ងៃ២៣មេសាឆ្នាំ២០២១ កន្លងទៅនេះ មានសត្វផ្សោត ១ក្បាល មានទម្ងន់ជាង ១០០គីឡូក្រាម ក៏ត្រូវបានស្លាប់ផងដែរ ហើយនៅខណៈនោះ មន្ត្រីរដ្ឋបាលជលផល និងមន្ត្រីអង្គការ WWF បានចុះមកយកទៅពិនិត្យ និងធ្វើសំណាក ដើម្បីរកពីមូលហេតុ នៃការស្លាប់របស់សត្វផ្សោត ប៉ុន្តែមិនដែលឃើញចេញលទ្ធផលវាយតម្លៃយ៉ាងណានោះទេ រីឯការដាក់ចេញ នូវយុទ្ធសាស្ត្រការពារ ក៏នៅមិនទាន់បានបង្ហាញជាទ្រង់ទ្រាយនៅឡើយដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner