អូស្រ្តាលី ប្តេជ្ញាបន្តជួយកម្ពុជាលើដំណើរការរៀបចំសេចក្តីព្រាង​ច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ

ភ្នំពេញៈ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួប លោក Luke Arnold អគ្គរាជទូតស្តីទីអូស្រ្តាលីប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធទនឹងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា និងវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ ជំនួបពិភាក្សារវាងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគ្គរាជទូតស្តីទីអូស្រ្តាលីបានធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថាក្នុងឱកាសនោះលោក Luke Arnold បានថ្លែងអំណរគុណ និងបង្ហាញសុឆន្ទៈ និងការប្តេជ្ញាបន្តជួយដល់កម្ពុជាជាពិសេសដំណើការនៃការរៀបចំ សេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ។ វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលទទួលបានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ឱ្យខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នករៀបចំ ហើយខាងអូស្រ្តាលី ក៏បានចូលរួមសហការផងដែរ ក្នុងការផ្តល់ជាធាតុចូលតាមរយៈអង្គការវេទិកា អាស៊ីប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅអូស្ត្រាលី។ ឯកឧត្តមបន្តថា ពេលនេះក្រុមការងារបានបញ្ចប់រួចហើយនូវសេចក្តីព្រាងដំបូង និងកំពុងរៀបចំនូវកិច្ចពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធជាបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះដែរ អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថាពាក់ព័ន្ធនឹង ស្ថានភាពសិទ្ធិមនុស្សជាទូទៅ ខាងអូស្រ្តាលីបានកត់សម្គាល់ពីចំណុចវិជ្ជមានមួយចំនួនពាក់ព័ន្ធសេរីភាពសាសនា និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការដឹកនាំរបស់សម្តេចតេជោ ជាពិសេសក្នុងការឆ្លើយតបនឹងការឆ្លងរាលដាលកូវីដ១៩ តាមរយៈការដាក់ចេញជាវិធានការនានា ដូចជាការផ្តល់លំហូរសាច់ប្រាក់ និងជំនួយសង្រ្គោះបន្ទាន់ដល់គ្រួសារដែលរងផលប៉ះពាល់ពីកូវីដ១៩ នាពេលកន្លងមកជាដើម។ល។ ទន្ទឹមនឹងនេះ ខាងអូស្រ្តាលីក៏បានបង្ហាញនូវការបារម្ភមួយចំនួនផងដែរអំពីស្ថានការណ៍នយោបាយបច្ចុប្បន្ន និងសិទ្ធិសេរីភាពផ្នែកនយោបាយនៅកម្ពុជា។ ឆ្លើយតបនឹងការបារម្ភនេះ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន (គ.ស.ម.ក.) ក៏បានធ្វើការបកស្រាយ និងបំភ្លឺវិញដែរ ដោយផ្អែកលើទិដ្ឋភាពនយោបាយ ច្បាប់ ប្រវត្តិសាស្រ្ត និងបរិបទសង្គមកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមលោក ជិន ម៉ាលីន៕ ដោយៈពលជ័យ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner