លោកជំទាវ ម៉ែន សំអន ៖ មរណភាពរបស់ ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ គឺជាបាត់បង់នូវមត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ ដែលបានរៀបចំឡើងនៅ នាយកដ្ឋានទស្សនីយភាព ក្រោមការដឹកនាំដោយផ្ទាល់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១។
សូមរំលឹកផងដែរថា ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពក្នុងជន្មាយុ៨៨ឆ្នាំ វេលាម៉ោង ០០៖២០ នាទីរំលងអធ្រាត ថ្ងៃអង្គារ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាពាធ ។

នៅក្នុងឱកាសដ៏សោកសង្រេងនេះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសាររបស់ឧបាសិកា និងបានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះ មរណភាពរបស់ព្រឹទ្ធាចារ្យ ឯម ធាយ គឺជាបាត់បង់នូវ ម្ដាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ក៏ដូចជាបាត់បង់នូវមត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ ដែលមួយជីវិតរបស់ឧបាសិកា បានលះបង់ពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមចំណែកលើកស្ទួយ ថែរក្សា និងអភិរក្សនូវសិល្បៈវប្បធម៌របស់ជាតិខ្មែរ ។

ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិស បួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner