ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់ និងជាស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី១៦មិថុនា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ជាអ្នករស់នៅក្រុងសៀមរាប ខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តក៏បានជូនដំណឹងដែរថា នៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ ឈ្មោះ ឈួ ណយ ភេទស្រី អាយុ៨៤ឆ្នាំ អាសយដ្ឋាននៅភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២១ ដោយជំងឺរលាកសួតបង្កដោយមេរោគកូវីដ-១៩ គួបផ្សំនឹងបញ្ហាបេះដូង ផងនោះ អ្នកជំងឺបានស្លាប់ នៅវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ មកទល់នឹងថ្ងៃទី១៦មិថុនាឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០៨នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១១៨នាក់ ស្លាប់៤នាក់ និង៣៨៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner