សែលកាតផ្តល់អាហារូបករណ៍ដើម្បីជួយគាំទ្រដល់អ្នកអភិវឌ្ឍន៍កម្មវិធីជំនាន់ថ្មីនៅកម្ពុជា

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនសែលកាតបានសហការជាមួយ SabaiCode ដើម្បីផ្តល់ជូនដល់សិស្សនិស្សិតចំនួន ១០រូប នូវឱកាសចូលរួមក្នុងវគ្គ Bootcamp សរសេរកូដ។នេះជាផ្នែកមួយ ក្នុងការជួយកសាងចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថលនៅកម្ពុជា។

ក្រុមហ៊ុនសែលកាតបានឱ្យដឹងនៅថ្ងៃទី ១៧ ខែ មិថុនាថា តាមរយៈកិច្ចសហការជាដៃគូរយៈពេលមួយឆ្នាំនេះ សែលកាតនឹងជួយឧបត្ថម្ភដល់សិស្សនិស្សិតឱ្យបានចូលសិក្សាផ្នែកអភិវឌ្ឍន៍សូហ្វវែរនិងកម្មវិធី នៅក្នុងវគ្គ Full Stack Developer Bootcamp ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយផ្ទាល់ពីការិយាល័យកណ្តាលរបស់ SabaiCode នៅឯ Silicon Valley។

គួរបញ្ជាក់ថាBootcamp គឺជាកម្មវិធីសិក្សារយៈពេល ១២ខែ ដែលនឹងជួយផ្លាស់ប្តូរសិស្សនិស្សិតវ័យក្មេងដែលមិនមានបទពិសោធន៍ក្នុងការសរសេរកូដ ឱ្យក្លាយខ្លួនជាអ្នកជំនាញអភិវឌ្ឍន៍កម្មវិធី ដែលអាចចូលរួមបម្រើការងារប្រកបដោយសមត្ថភាពពេញលេញ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត ឱ្យដឹងថា វគ្គសិក្សានេះគឺជាការបោះជំហានទៅមុខដ៏អស្ចារ្យមួយ ក្នុងការជម្រុញឱ្យយុវជនជ្រើសរើសយកនូវជំនាញដែលពុំសូវពេញនិយមនាពេលកន្លងមក ដើម្បីជួយផ្លាស់ប្តូរប្រទេសកម្ពុជាឱ្យក្លាយទៅជាឌីជីថលនីយកម្ម។

លោកបានប្រាប់ថា ជំហ៊ានដំបូងនេះ នឹងជួយកសាងមូលដ្ឋានគ្រឹះសម្រាប់ពេលអនាគត ដើម្បីលើកទឹកចិត្តឱ្យសិស្សនិស្សិតកាន់តែច្រើនឡើង មកចាប់យកជំនាញសរសេរកូដនេះ។

      នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត រូបនេះបន្ថែមឱ្យដឹងថា៖ “យើងបានឃើញសន្ទុះកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា ស្របពេលដែលពលរដ្ឋខ្មែរ ចាប់ផ្តើមចេះបញ្ជាទិញទំនិញតាមអនឡាញ បង់វិក្កយបត្រ សិក្សា និងជួបប្រជុំតាមរយៈកម្មវិធីទូរស័ព្ទជាដើម”។

លោកថា“នេះជាឱកាសដ៏ប្រសើរបំផុតមួយសម្រាប់យុវជនខ្មែរ ដែលពុំមានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការចាប់យកនូវអាជីពថ្មីក្នុងវិស័យឌីជីថល ដែលកំពុងមានភាពទាក់ទាញខ្លាំងនៅក្នុងប្រទេសកម្ពុជា”។

ដោយឡែកលោក ឡេង ពិសិដ្ឋ ស្ថាបនិក SabaiCode ដែលបច្ចុប្បន្នមានមូលដ្ឋាននៅ Silicon Valley បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាត ដែលបានផ្តល់អាហារូបករណ៍ជូនដល់សិស្សនិស្សិត ដែលស្រឡាញ់ចូលចិត្តផ្នែកបច្ចេកវិទ្យា ដើម្បីក្លាយខ្លួនជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សូហ្វវែរ។

        គួរបញ្ជាក់ដែរថាតាមរយៈវគ្គ Bootcamp នេះ សិស្សនិស្សិតទាំងអស់ នឹងទទួលបានការណែនាំដោយអ្នកសរសេរកូដដែលមានបទពិសោធន៍ខ្ពស់ ស្របពេលដែលពួកគេកំពុងក្រេបយកនូវជំនាញដែលត្រូវការជាចាំបាច់ ដើម្បីក្លាយខ្លួនជាអ្នកសរសេរកម្មវិធីអាជីព។ វគ្គសិក្សានេះ រួមបញ្ចូលទាំងគម្រោងអនុវត្តន៍ជាក់ស្តែង ដែលអនុញ្ញាតឱ្យសិស្សនិស្សិតអាចកសាងគុណវុឌ្ឈិដ៏រឹងមាំ សម្រាប់បង្ហាញជូនដល់ក្រុមហ៊ុនដែលពួកគេមានចំណាប់អារម្មណ៍ចង់បម្រើការងារជូនផងដែរ។  បន្ទាប់ពីបញ្ចប់ការសិក្សារួច SabaiCode នឹងជួយដល់សិស្សនិស្សិតក្នុងការស្វែងរកការងារនៅក្នុងវិស័យអភិវឌ្ឍន៍សូហ្វវែរឱ្យបានជោគជ័យ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner