ក្រុមជម្រើសជាតិហែលទឹកបង្កើនការហ្វឹកហាត់ ដើម្បីក្តីសង្ឃឹមនៅស៊ីហ្គេម

អត្ថបទដោយ៖
សារ៉ាន ទីងី

ភ្នំពេញ៖ អត្តពពលិកជម្រើសជាតិហែលទឹកកម្ពុជាកំពុងបង្កើនការហ្វឹកហាត់ តាមផែនការរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ដោយបន្ថែមម៉ោងហ្វឹកហាត់កាន់តែច្រើនក្នុង១ថ្ងៃៗ ដើម្បីជាក្តីសង្ឃឹមក្នុងការស្វែងរកមេដាយ ពីព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ ស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១នេះ ជាពិសេស គឺសម្រួចផែនការយុទ្ធសាស្ត្រឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកថ្លែងប្រាប់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះថា នៅក្នុងចំណោមវិញ្ញាសាសរុបចំនួន៤០ ដែលម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមកំណត់បង្ហាញនេះ គឺសហព័ន្ធខ្មែរកីឡាហែលទឹកមិនទាន់កំណត់ចំនួនកីឡាករ កីឡាការិនី និងប្រភេទវិញ្ញាសាចំនួនប៉ុន្មាន សម្រាប់ស៊ីហ្គេម ឆ្នាំ២០២១ អាស្រ័យដោយការស្នើសុំ និងការសម្រេចពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា នាពេលខាងមុខ។ «ជាក្តីសង្ឃឹមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២១នេះ គឺស៊ីហ្គេមវាស់ស្ទង់កម្រិតសមត្ថភាព តម្រង់ទិសឆ្ពោះទៅ ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។ អ្វីដែលសំខាន់ គឺកីឡាករ កីឡាការិនីកំពុងបង្កើនការហ្វឹកហាត់ ក្នុងគោលដៅស្វែងរកនូវលទ្ធផលថ្មីៗ ដោយយើងចង់បានមេដាយនៅក្នុងការប្រកួត ទោះបីជាមេដាយ នៅក្នុងកម្រិតណាក្តី។ មានវិញ្ញាសាមួយចំនួន គឺជាក្តីរបស់យើងដែរ ដូចជាវិញ្ញាសាហែលរបៀបកង្កែប ដែលកីឡាករ កីឡាការិនីហែលទឹកកម្ពុជាមានសិទ្ធផលក្បែរនឹងសិទ្ធផលរបស់កីឡាករ កីឡាការិនីក្នុងតំបន់អាស៊ីអាគ្នេយ៍នេះដែរ»។

ជាមួយគ្នានោះ សហព័ន្ធខ្មែរកីឡាហែលទឹកក៏កំពុងតែប្រឹងប្រែងបន្ថែមចំពោះការត្រៀមខ្លួនរបស់យើង ដើម្បីជំរុញឲ្យដល់លទ្ធភាពមួយ ដែលអាចឈានដល់ការប្រកួតប្រជែងមេដាយបាន។ នៅក្នុងការត្រៀមខ្លួនរបស់ប្រភេទកីឡាហែលទឹកនេះ គឺការបណ្តុះបណ្តាលនៅក្នុងស្រុក ដែលកំពុងបន្តធ្វើជាប់ជាប្រចាំ បើទោះជាបច្ចុប្បន្នស្ថិត នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏យើងនៅតែប្រឹងប្រែងទាំងក្នុងការប្រមូលផ្តុំ ការស្វែងរកទីតាំង និងផ្តោតសំខាន់ទៅលើកម្មវិធីហ្វឹកហាត់របស់កីឡាករ កីឡាការិនី ដោយបានផ្លាស់ប្តូរការហ្វឹកហាត់ក្នុង១ថ្ងៃៗ ពីត្រឹម៤ម៉ោង មកហ្វឹកហាត់៦ម៉ោង ទៅ៦ម៉ោងកន្លះ ដោយចែកចេញជាពីរពេល ដោយពេលព្រឹក៣ម៉ោង និងពេលល្ងាច៣ម៉ោងកន្លះ។ ដូច្នេះហើយ បន្ទុកនៃការហ្វឹកហាត់ក៏មានភាពប្រែប្រួលដែរ ដែលតាមរយៈការខិតខំនេះនឹងផ្តល់នូវក្តីសង្ឃឹមឲ្យមានការប្រែប្រួលកាន់តែលឿន ហើយយើងចង់ឲ្យរីកចម្រើនរបស់ក្រុមជម្រើសជាតិហែលទឹកកាន់តែល្អប្រសើរបន្ថែមទៀត។ តាមលក្ខណៈបច្ចេកទេសវិស័យកីឡាហែលទឹកនេះ ត្រូវការពេលវេលាដើម្បីបន្តការអភិវឌ្ឍឲ្យកម្រិតបច្ចេកទេស ល្បឿនកាន់ឈានឆ្ពោះទៅមុខ ដែលអាចប្រកួតប្រជែងបាន។
លោក ហែម គីរី បន្ថែមទៀតថា នៅក្នុងការត្រៀមខ្លួននេះដែរ ក៏សហព័ន្ធខ្មែរកីឡាហែលទឹកបានត្រៀមក្រុមជម្រើសជាតិចំនួន១០នាក់ កីឡាករ៥នាក់ កីឡាការិនី៥នាក់ និងគ្រូបង្វឹកម្នាក់ទៅបន្តការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន តាមរយៈផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដែលគោលដៅសំខាន់គឺផ្តោតទៅលើការចូលរួមប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាមតែម្តង ដើម្បីវាស់ស្ទង់ថាតើហែលទឹកកម្ពុជាអាចដណ្តើមបានមេដាយ ឬមិនទាន់ដណ្តើមបាន ហើយរៀបចំផែនការបន្ថែមយ៉ាងណា ដើម្បីឲ្យទទួលបានមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ដូច្នេះទាំងនេះ គឺជាជំហានថ្មីមួយ ក្នុងការស្ទាបស្ទង់កម្រិតសមត្ថភាពពិតប្រាកដរបស់កីឡាករ កីឡាការិនីហែលទឹកកម្ពុជា។ ពីមុន យើងមានការខ្វះខាតមួយចំនួនជាមូលហេតុ ប៉ុន្តែពេលនេះយើងបានបំពេញបន្ថែមនូវការខិតខំទាំងឡាយ ដើម្បីលទ្ធផលមួយថ្មីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣នេះឯង។
អគ្គលេខាធិការសហព័ន្ធរូបនេះក៏បានលើកបង្ហាញនូវការព្យាយាមស្វះស្វែងរកកីឡាករ កីឡាករិនីកូនខ្មែររស់នៅក្រៅប្រទេសបន្ថែមទៀត ដើម្បីចូលរួមក្នុងក្រុមជម្រើសជាតិហែលទឹក ដែលបច្បុន្នជម្រើសជាតិហែលទឹកជាកូនខ្មែររស់នៅសហរដ្ឋអាមរិក៣នាក់ និងម្នាក់ទៀតហ្វឹកហាត់បាន២ឆ្នាំនៅប្រទេសថៃ។ បន្ថែមពីលើនេះ សហព័ន្ធក៏កំពុងរិះរកកូនខ្មែររស់នៅអូស្ត្រាលី បារាំងជាដើម ដើម្បីមកចូលរួមក្នុងក្រុមជម្រើសជាតិហែលទឹកកម្ពុជា ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ គឺសហព័ន្ធនឹងពិនិត្យមើលគុណភាពបច្ចេកទេសរបស់កូនខ្មែរនៅក្រៅប្រទេសនេះខ្ពស់ៗជាងកូនខ្មែរនៅក្នុងស្រុក ដោយមិនមែនថាឲ្យតែកូនខ្មែរនៅបរទេសសុទ្ធតែយកទាំងអស់នោះឡើយ៕ រូបភាពសហព័ន្ធខ្មែរកីឡាហែលទឹក

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner