មន្ទីរសុខាភិបាលខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាបន្ដបន្ទាប់ រហូតដល់ជាង ៦០នាក់ ក្រោយមានការឆ្លងចូលសហគមន៍ ក្នុងក្រុងបានលុង ខេត្តរតនគិរី

អត្ថបទដោយ៖
ធី ដា

រតនគិរី ៖ បន្ទាប់ពីធ្វើតេស្ដវិជ្ជមានលើបុគ្គល២នាក់ប្ដីប្រពន្ធ ដែលប្ដីមានឈ្មោះ សូ វណ្ណា អាយុ ៥១ឆ្នាំ និងប្រពន្ធឈ្មោះ អៀក សុខឃៀង អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរីបាន ស្វែងរកអ្នកពាក់ព័ន្ធ និងធ្វើតេស្ដរហ័សលើកទី១ លើបុគ្គលដែលពាក់ព័ន្ធ ករណីឆ្លងចូលក្នុងសហគមន៍បានចំនួន ១៨០នាក់ ដែលបានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់ ក្នុងនោះស្រី ០៥នាក់។ លុះមកដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ជាបឋម គឺមានមនុស្សចំនួនសរុប រហូតដល់៦១នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅក្រុងបានលុង ខេត្តរតនគិរី។ នេះបើតាមការឲ្យដឹងពី លោក អេង គុណវឌ្ឍ ប្រធានការិយាល័យបង្ការជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តរតនគិរី។

លោកបានអះអាងទៀតថា មនុស្សទាំង៦១នាក់នេះមានការជាប់ពាក់ព័ន្ធជាមួយប្ដីប្រពន្ធ ០២នាក់ ដែលបានរកឃេីញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលបានប៉ះពាល់មនុស្សជាច្រើននាក់ផ្សេងទៀត។

លោក អេង គុណវឌ្ឍ បានបន្ដទៀតថា សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវបានយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងកន្លែងសម្រាកព្យាបាលនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ។ យ៉ាងណាចំនួនអ្នកវិជ្ជមានកូវីដ-១៩ ពិតប្រាដក នឹងបង្ហាញអត្តសញ្ញាណនៅពេលបន្ទាប់ទៀត ដោយសារក្រុមការងារកំពុងប្រតិបត្តិការតេស្តរហ័សអ្នកពាក់ព័ន្ធផ្សេងទៀតបន្ថែម។

សូមបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះផងដែរ ស្ថានភាពទូទៅនៅផ្សារបានលុងខេត្តរតនគិរី គឺមានសភាពស្ងប់ស្ងាត់ មិនមានមនុស្សចេញចូល ហើយអាជីវករលក់ដូរនៅផ្សារបានលុងភាគច្រើន បារម្ភពីបញ្ហាឆ្លងកូវីដ-១៩ក្នុងសហគមន៍នេះ គឺពួកគាត់បានបិទតូបមិនលក់នោះទេ មានតែអាជីវករមួយចំនួនតូចប៉ុណ្ណោះដែលបើកលក់៕ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner