កម្ពុជា បើកដំណើរការចម្រាញ់រ៉ែមាសលើកដំបូងនៅថ្ងៃនេះ

ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទទី២១ ខែមិថុនា ឆ្នាំ២០២១បាន បើកដំណើរការរោងចក្រចម្រាញ់មាស លើកដំបូង។ ពិធីប្រារព្ធបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានរៀបចំឡើង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើឡើងក្រោមវត្តមាន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ។

នៅក្នុងបណ្តាញហ្វេសប៊ុក សម្តេចអគ្គមហាសេនាបត្តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះដែរ មានប្រសាសន៍អបអរសាទរចំពោះសមិទ្ធផលប្រវត្តិសាស្រ្ត ដែលកម្ពុជាប្រារព្ធពិធីបើកដំណើរការចម្រាញ់រ៉ែមាសលើកដំបូង ដែលរៀបចំដោយ ក្រសួងរ៉ែនិងថាមពល។ សម្តេចតេជោ មានប្រសាសន៍បន្ថែមថា រ៉ែមាសអាចផលិតមាសសុទ្ធ បានចំនួន៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំដំបូង។ អរគុណសន្តិភាព!

សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) ដែលជាក្រុមហ៊ុនអូស្ត្រាលីទី១ បានសិក្សាស្រាវជ្រាវស្វែងរុករករ៉ែមាសរយៈពេល ១៤ ឆ្នាំ ដែលបានចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែមាសដុំពាក់កណ្ដាលសម្រេច ដែលមានអត្រាមាស៩០%។

កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែ តំបន់អូរខ្វាវ នឹងផ្ដល់ប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥ លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងពីសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ លានដុល្លារ ក្នុងមួយឆ្នាំ។ ហើយថវិការទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner