គ្រូពេទ្យជំនាញព្យាបាលជំងឺបេះដូង ទឹកនោមផ្អែម និងលើសឈាម របស់ប្រទេសចិនបានស្ម័គ្រចិត្តបណ្ដុះបណ្ដាលគ្រូពេទ្យកម្ពុជានៅស្រុកស្អាង

(កណ្តាល)៖ ចំណងមិត្តភាពកម្ពុជា-ចិនលើវិស័យសុខាភិបាល ត្រូវបានសម្ដែងឱ្យឃើញមួយផ្នែកទៀត តាមរយៈកិច្ចសហការរបស់មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន អង្គការ YUNDI និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានស្ម័គ្រចិត្តបណ្ដុះបណ្ដាលជំនាញព្យាបាល «ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម» ជូនដល់ក្រុមគ្រូពេទ្យកម្ពុជា ដែលបម្រើការងារមណ្ឌលសុខភាពទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

កម្មវិធីបណ្ដុះបណ្ដាលនេះធ្វើឡើងតាមរយៈប្រព័ន្ធ Online ក្នុងរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់គ្រូពេទ្យកម្ពុជា ១០ រូប ដែលសុទ្ធតែបម្រើការងារនៅមណ្ឌលសុខភាពទឹកវិលខាងលើនោះ។

ក្នុងពេលបើកកម្មវិធីបណ្ដុះបណ្ដាល លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ចំនួន ២ រួមមាន៖ ទីមួយ ដើម្បីបង្កើនការយល់ដឹងពីការរករោគវិនិច្ឆ័យដោយបច្ចេកវិទ្យាថ្មីលើការវិភាគពីជំងឺបេះដូង ទឹកនោមផ្អែម និងលើសឈាមលើបុគ្គលដែលមានអាយុចាប់ពី ៣៥ ឆ្នាំឡើងទៅ និងទីពីរ ដើម្បីចូលរួមសិក្សាស្រាវជ្រាវរួមគ្នាជាមួយក្រុមគ្រូពេទ្យជំនាញបេះដូងនៅមន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ប្រទេសចិន។

លោកវេជ្ជបណ្ឌិត សុខា ដារ៉ាពិសិដ្ឋ ដែលជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលនេះ បានគូសបញ្ជាក់ថា ក្រោយពីចូលរួមសិក្ខាសាលាស្តីពីជំងឺបេះដូង ទឹកនោមផ្អែម និងលើសឈាម កាលពីចុងឆ្នាំ២០១៩ នៅមន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ទើបលោកវេជ្ជបណ្ឌិតមានបំណងចែករំលែកពីបទពិសោធន៍របស់ខ្លួន រួមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីរបស់មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ក្នុងការវិភាគរករោគវិនិច្ឆ័យពីជំងឺទាំងនេះ។

លោក ណាត ប៊ុនអេង ប្រធានមណ្ឌលសុខភាពទឹកវិល បានសាទរនឹងពុទ្ធិ និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដែលក្រុមគ្រូពេទ្យទទួលបាននាថ្ងៃនេះ ហើយអាចយកទៅអនុវត្តដោយមានជំនួយពីបច្ចេកវិទ្យាទំនើបរបស់ចិនក្នុងការវិភាគ និងកំណត់បានកាន់តែច្បាស់ និងលឿននូវរោគវិនិច្ឆ័យពីជំងឺទាំងនេះជូនដល់ប្រជាពលរដ្ឋ។

លោក ឈីវ លីម អគ្គលេខាធិការរងអាជ្ញាធរមីនកម្ពុជា ដែលជាអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលនេះ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់គ្រប់ភាគីទាំងអស់ ព្រោះជាប្រយោជន៍ផ្តល់នូវពុទ្ធិ និងបទពិសោធន៍ថ្មីៗពីវេជ្ជបណ្ឌិតជំនាញនៃប្រទេសមិត្តទាំងពីរ ហើយសង្ឃឹមថាតាមរយៈវគ្គបណ្តុះបណ្តាលនេះ បរិមាណក្រុមគ្រូពេទ្យកម្ពុជាកាន់តែច្រើននឹងមានឱកាសទៅសិក្សា ទទួលយក និងចែករំលែកនូវបទពិសោធន៍ថ្មីៗលើជំងឺទាំងនេះ យកមកបម្រើការងារជូនដល់មណ្ឌលសុខភាព និងបម្រើសេវាសុខាភិបាលកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

គួរបញ្ជាក់ថា គិតមកដល់ខែមិថុនា ឆ្នាំ២០២១នេះ សមាគមបានរៀបចំវគ្គបណ្តុះបណ្តាលនេះចំនួន ៣ លើកហើយ មានសិក្ខាកាមសរុបចំនួន ៤០ រូប ដោយលើកទី១ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ខេត្តរតនគិរី មានសិក្ខាកាមចំនួន ១៥ រូប និងលើកទី២ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានសិក្ខាកាមចំនួន ១៥ រូប៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner