ទស្សនីយភាពសំខាន់ៗចំនួន៣ រួមបញ្ចូលតែមួយ នឹងក្លាយ​ជាទស្សនីយភាពដ៏ទាក់ទាញបង្ហាញ ថ្ងៃទទួល​ទង់ពី​វៀតណាម

ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានមានប្រសាសន៍ឲ្យដឹង ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងាររៀបចំពិធីសម្តែង និងទទួលទង់ ស៊ីហ្គេម ពិធីបិទរបស់ម្ចាស់ផ្ទះស៊ីហ្គេម ចុងឆ្នាំ២០២១ មកស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះថា កម្ពុជាយើងបានត្រៀមនូវផែនការលម្អិត ទាក់ទងនឹងទស្សនីយភាពសំខាន់ៗចំនួន៣រួមបញ្ចូលជាទស្សនីភាពតែមួយ ដើម្បីបង្ហាញប្រទេស ក្នុងតំបន់អាស៊ាន នាថ្ងៃទទួលទង់ស៊ីហ្គេមពីប្រទេសវៀតណាម ។


ឯ ឧ បានគូបញ្ជាក់ថា ទស្សនីយភាព៣ដែលកម្ពុជាត្រៀមបង្ហាញនោះ មាន វប្បធម៌ និងតំបន់ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធកីឡា និងការសម្តែងសិល្បៈ វប្បធម៌ខ្មែរ ដូចជា របាំ ចម្រៀង ក្បាច់គុនល្បុក្កតោ ដើម្បីឲ្យស័ក្តិសមជាប្រទេសដែលមានអរិយធម៌ និងបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើវិស័យកីឡាផងដែរ ។

ឯ ឧ អគ្គលេខាធិការ បានបញ្ជាក់ទៀតថា ពិធីសម្តែងទទួលទង់ ថ្វីដ្បិតតែមានរយៈពេលខ្លីពិតមែន ប៉ុន្តែធ្វើយ៉ាងណាឲ្យមានការទាក់ទាញ ដើម្បីឲ្យគេចង់មកចូលរួមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ហើយបើកាលណាមានការគាំទ្រ នោះស៊ីហ្គេម នៅកម្ពុជាយើងនឹងទទួលបានជោគជ័យជាក់ជាមិនខាន ។


ឯ ឧ ក៏បានបញ្ជាក់ជំហរយ៉ាងរឹងមាំជាថ្មីផងដែរ គឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅតែធ្វើតាមរកំណត់ គឺក្នុងខែមិថុនា ឆ្នាំ២០២៣ បើទោះបីជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ វៀតណាម មានបំណងចង់លើកពេល ទៅឆ្នាំ២០២២ ឬពន្យាពេលរយៈពេលវែងរំលងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ទៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ យ៉ាងណាក្តី ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner