សម្តេចក្រឡាហោម ស ខេង៖ ការចាប់ខ្លួនសកម្មជនចំនួន៣រូប គឺសមត្ថកិច្ចមានភស្តុតាងច្បាស់លាស់

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីការចាប់ខ្លួនសកម្មជនចំនួន ៣រូប កាលពីពេលថ្មីៗកន្លងមកនេះ គឺអាជ្ញាធរមានសមត្ថកិច្ចមានភស្តុតាងជាក់លាក់ច្បាស់លាស់ទៅលើសកម្មភាពដែលពួកគេបានប្រព្រឹត្តកន្លងមក។

ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងចប់អាណត្តិប្រចាំកម្ពុជា នៅក្នុងជំនួបកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងឱកាសនេះជំនួបនេះ លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ក៏បានលើកឡើងនៅកិច្ចការចំនួន២ជម្រាបជូនសម្ដេចក្រឡា ហោម ស ខេង ទី១. គឺការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ និងការងារទី១.ពាក់ព័ន្ធចាប់ខ្លួនសកម្មជនបរិស្ថានចំនួន៣រូបកាលពីពេលថ្មីៗនេះ។ ពាក់ព័ន្ធនឹងបញ្ហាទាំងពីរនេះ លោកជំទាវបានស្នើសុំព័ត៌មាន និងការយល់ឃើញបន្ថែមពីសម្ដេចក្រឡាហោម។

ចំពោះការចាប់ខ្លួនសកម្មជន៣រូប សម្ដេចក្រឡាហោម បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតបារាំងថា សម្ដេចយល់ពីបញ្ហានេះ ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមានភស្តុតាងជាក់លាក់ច្បាស់លាស់ទៅលើសកម្មភាពដែលពួកគេបានប្រព្រឹត្តកន្លងមក ដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តច្បាប់ទៅលើសកម្មភាពដែលច្បាប់ហាមឃាត់ និងច្បាប់ផ្ដន្ទាទោសនោះទេ។

ពាក់ព័ន្ធនឹងបញ្ហាឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតបារាំងថា ពិតមានការឆ្លងជំងឺនេះក្នុងពន្ធនាគារក្នុងរយៈពេលកន្លងមក និងថាក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ដោយពេលនេះបានទទួលជោគជ័យ។ សម្ដេចក៏បានជម្រាបជូនថា មានវិធានការសំខាន់ៗមួយចំនួនត្រូវបានអនុវត្ត និងកំពុងពិចារណាអនុវត្ត ក្នុងនោះរួមមានការធ្វើតេសរហ័សរកជំងឺកូវីដ-១៩ និងការញែកអ្នកមានជំងឺ និងអ្នកគ្មានជំងឺឱ្យនៅដាច់ដោយឡែក ហើយក្រសួងមហាផ្ទៃក៏បានយកចិត្តទុកដាក់ទាំងចំពោះអ្នកជាប់ឃុំ និងមន្រ្តីអនុរក្សពន្ធនាគារ។

ពាក់ព័ន្ធនឹងបញ្ហាពន្ធនាគារនេះដែរ ចំពោះករណីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃបានធ្វើកិច្ចសហការយ៉ាងល្អជាមួយក្រសួងសុខាភិបាលដើម្បីជំរុញដល់ការព្យាបាលទាន់ពេលវេលា និងថាជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បាន និងកំពុងធ្វើការជាមួយក្រសួងយុត្តិធម៌ដើម្បីធ្វើយ៉ាងណាអាចជួយសម្រួលដល់ស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារក្នុងគ្រាប្រឈមនឹងជំងឺកូវីដ-១៩។ ជារួមពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាទទួលបានជោគជ័យយ៉ាងល្អប្រសើរ និងធ្វើឱ្យចំនួនគ្រោះថ្នាក់មានតិចបំផុត។

លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងបានថ្លែងអំណរគុណសម្ដេចក្រឡាហោម ចំពោះការផ្ដល់ព័ត៌មានពាក់ព័ន្ធទៅនិងករណីទាំងពីរខាងលើនេះ និងបានជម្រាបជូនសម្ដេចក្រឡាហោមថាមុននឹងបញ្ចប់អាណត្តិការទូតនៅកម្ពុជា លោកជំទាវសូមអះអាងថាឯកអគ្គរដ្ឋទូតបារាំងដែលនឹងបន្តអាណត្តិក្រោយនឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជា និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ៕

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner