WHO នឹងបញ្ចូនអ្នកជំនាញទៅជួយផលិតវ៉ាក់សាំងកូវីដ ដល់វៀតណាម
អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ មិថុនា ២០២១ថា ខ្លួននឹងបញ្ជូនក្រុមអ្នកជំនាញទៅប្រទេសវៀតណាមដើម្បីជួយប្រទេសមួយនេះ ស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
ក្នុងពេលមានជំនួបតាមទូរស័ព្ទជាមួយនឹងលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក លោក Pham Minh Chinhនាយករដ្ឋមន្ត្រីវៀតណាមបានសាទរចំពោះការសម្រេចចិត្តនេះ ដោយបញ្ជាក់ថា វៀតណាមប្រឹងប្រែងជាមួយពិភពលោកក្នុងការផលិតវ៉ាក់សាំង ហើយស្ងើចសរសើរខ្លាំងចំពោះតួនាទីរបស់ WHO ក្នុងការសម្របសម្រួលលើកិច្ចប្រឹងប្រែងអន្តរជាតិ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ ហើយជំរុញខ្លាំងលើការចែកចាយវ៉ាក់សាំងស្មើភាព។
លោក Tedros Adhanom Ghebreyesusបាននិយាយថា WHO ទទួលស្គាល់ពីសំណើរបស់វៀតណាម ដែលចង់បានអាទិភាពក្នុងច្រកប្រភពវ៉ាក់សាំង ហើយក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងប្រចាំតំបន់។
ចាប់តាំងពីផ្តើមចាក់វ៉ាក់សាំង កាលពីខែមីនា វៀតណាមបានចាក់លើមនុស្សប្រមាណ៣លាននាក់ វ៉ាក់សាំង AstraZeneca ខណៈវៀតណាមដាក់ផែនការមានវ៉ាក់សាំង១៥០លានដូស ក្នុងឆ្នាំនេះ ចាក់ជូនពលរដ្ឋ៧០ភាគរយនៃចំនួនប្រជាជនសរុប៕ ប្រភពពី VNexpress