ក្រុមហ៊ុនសែលកាត ផ្តល់ជូននូវអាហារូបករណ៍ ដើម្បីជួយគាំទ្រដល់អ្នកអភិវឌ្ឍន៍ កម្មវិធីជំនាន់ថ្មីនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាតប្តេជ្ញាចិត្តក្នុងការជួយកសាងចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថលនៅកម្ពុជា សែលកាតបានសហការជាមួយ SabaiCode ដើម្បីផ្តល់ជូនដល់សិស្សនិស្សិតចំនួន ១០រូប នូវឱកាសចូលរួមក្នុងវគ្គ Bootcamp សរសេរកូដ។

តាមរយៈកិច្ចសហការជាដៃគូរយៈពេលមួយឆ្នាំនេះ សែលកាតនឹងជួយឧបត្ថម្ភដល់សិស្សនិស្សិតឱ្យបានចូលសិក្សាផ្នែកអភិវឌ្ឍន៍សូហ្វវែរនិងកម្មវិធី នៅក្នុងវគ្គ Full Stack Developer Bootcamp ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយផ្ទាល់ពីការិយាល័យកណ្តាលរបស់ SabaiCode នៅឯ Silicon Valley។

Bootcamp គឺជាកម្មវិធីសិក្សារយៈពេល ១២ខែ ដែលនឹងជួយផ្លាស់ប្តូរសិស្សនិស្សិតវ័យក្មេងដែលមិនមានបទពិសោធន៍ក្នុងការសរសេរកូដ ឱ្យក្លាយខ្លួនជាអ្នកជំនាញអភិវឌ្ឍន៍កម្មវិធី ដែលអាចចូលរួមបម្រើការងារប្រកបដោយសមត្ថភាពពេញលេញ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា វគ្គសិក្សានេះគឺជាការបោះជំហានទៅមុខដ៏អស្ចារ្យមួយ ក្នុងការជម្រុញឱ្យយុវជនជ្រើសរើសយកនូវជំនាញដែលពុំសូវពេញនិយមនាពេលកន្លងមក ដើម្បីជួយផ្លាស់ប្តូរប្រទេសកម្ពុជាឱ្យក្លាយទៅជាឌីជីថលនីយកម្ម។

លោកបានថ្លែងថា ជំហ៊ានដំបូងនេះ នឹងជួយកសាងមូលដ្ឋានគ្រឹះសម្រាប់ពេលអនាគត ដើម្បីលើកទឹកចិត្តឱ្យសិស្សនិស្សិតកាន់តែច្រើនឡើង មកចាប់យកជំនាញសរសេរកូដនេះ។

លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា៖ “យើងបានឃើញសន្ទុះកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា ស្របពេលដែលពលរដ្ឋខ្មែរ ចាប់ផ្តើមចេះបញ្ជាទិញទំនិញតាមអនឡាញ បង់វិក្កយបត្រ សិក្សា និងជួបប្រជុំតាមរយៈកម្មវិធីទូរស័ព្ទជាដើម”។

“យើងត្រូវបង្កើនជំនាញឌីជីថល ដូចជាការសរសេរកូដនេះជាដើម ដើម្បីធានាថា យើងអាចដើរទន្ទឹមគ្នាជាមួយប្រទេសជិតខាងរបស់យើង ក៏ដូចជាជួយផ្តល់ដល់សហគ្រិនវ័យក្មេង និងធុរកិច្ចថ្មីៗ នូវការគាំទ្រដែលពួកគេត្រូវការជាចំបាច់ផងដែរ”៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner