ប្រមុខរាជរដ្ឋាភិបាលប្តេជ្ញាការបន្តបង្ក្រាបគ្រឿងញៀន (Video Inside)

រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការបន្តបង្ក្រាបគ្រឿងញៀនបើទោះបីជាកម្ពុជាកំពុងស្ថិតក្នុងការគម្រាម កំហែងដោយសារការឆ្លងនឹងជម្ងឺកូវីដ១៩ក៏ដោយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសារលិខិតក្នងឳកាស ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦មិថុនា បានថ្លែងថាបើទោះបីជាសកលលោកក៏ដូចជា កម្ពុជានៅតបន្តរងទទួលនូវឥទ្ធិពលនៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ក៏ដោយ, រាជរដ្ឋាភិបាលកម្ពុជានៅតែសម្រេច បន្តរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកម្រិតថ្នាក់ជាតិក្រោមប្រធានបទ «គ្មានគ្រឿងញៀន និងគ្មានជម្ងឺកូវីដ១៩, សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍន៍» ក្នុងរូបភាពជាយុទ្ធនាការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមនិងការរៀបចំដុតបំផ្លាញគ្រឿងញៀន ដែលចាប់បានក្នុងប្រតិបត្តិ ការបង្ក្រាបបទល្មើសគ្រឿងញៀននាពេលកន្លងមក។

យោងតាមសេចក្តីរាយការណ៍ការបង្ក្រាប​បទល្មើសគ្រឿងញៀនក្នុងឆ្នាំ២០២០ ដែលមានការឆ្លងកូវីដ១៩មកនេះ មានចំនួនច្រើនជាងឆ្នាំ២០១៩។ ក្នុងឆ្នាំ២០២០នោះ ការបង្ក្រាបគ្រឿងញៀនមានចំនួន១ម៉ឺន៤៦១ករណី ច្រើនជាងឆ្នាំកន្លងមកប្រមាណ៦កណ្តក់សញ្ញា៧៩ភាគរយ។ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យគ្រឿងញៀនចំនួន២ម៉ឺន១ពាន់៥៦៦នាក់, ចាប់គ្រឿងញៀនគ្រប់ប្រភេទបាន ចំនួនជាង៣ពាន់៨៧៥គីឡូក្រាមដែលបរិមាណបង្ក្រា​បនេះ បានកើនឡើង៥១៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៩។

សារលិខិត៥ទំព័ររបស់សម្តេច បានបង្ហាញនូវការប្តេជ្ញាបន្តការបង្ក្រាបគ្រឿងញៀន និងបានផ្តល់អនុ សាសន៍៦ចំណុច ដើម្បីការបន្តប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុវត្តទិសស្លោក៣កុំ, មួយរាយការណ៍ ដែលមាន ន័យថា កុំទីមួយគឺកុំពាក់ព័ន្ធ, កុំជួញដូរ, កុំចែកចាយ, កុំធ្វើខ្នងបង្អែក, កុំឃុបឃិត និងកុំប្រើប្រាស់ គ្រឿងញៀន។ កុំទី២ មានន័យថាកុំអន្តរាគមន៍, កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន, និងកុំទី៣ គឺកុំលើកលែង, កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។ ចំណែកមួយរាយការណ៍វិញ គឺត្រូវ រាយការណ៍ផ្តល់ ព័ត៌មានដល់សមត្ថកិច្ចពីបញ្ហាគ្រឿងញៀនដែលគេបានដឹង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner