នៅចំពោះមុខមេដឹកនាំជាច្រើន សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈផ្ទាល់ខ្លួនអំពីវិធីដែលគណបក្សនយោបាយអាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលទៅលើនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

អត្ថបទដោយ៖
AMS OneMinute

នៅចំពោះមុខមេដឹកនាំជាច្រើន សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈផ្ទាល់ខ្លួនអំពីវិធីដែលគណបក្សនយោបាយអាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលទៅលើនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៖

១. យើងត្រូវផ្តោតលើកិច្ចការចំពោះមុខដែលចាំបាច់បំផុត, ពោលគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ យើងត្រូវចាត់ទុកកិច្ចការនេះជាបេសកកម្មរួមរបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាត និងចៀសវាងនូវរាល់ផលរំខានផ្នែកនយោបាយដែលអាចកើតមានឡើង ។

២. ក្រោយពេលវិបត្តិជំងឺកូវីដ១៩, យើងត្រូវរួមគ្នាជំរុញការងើបឡើងវិញប្រកបដោយភាពធន់ទាំងអស់គ្នា ។ រុស្ស៊ី និងអាស៊ាន អាចរួមគ្នាជាធ្លុងមួយក្នុងការសម្រេចបាននូវគោលបំណង តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍ ពិសេសលើការគាំទ្រការអនុវត្តយុទ្ធសាស្ត្រទាំង៥ នៃក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ។

៣. យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងឱ្យបានទ្វេដង ក្នុងការលើកកម្ពស់ប្រព័ន្ធអន្តរជាតិមួយ ដែលមានអង្គការសហប្រជាជាតិជាស្នូល និង ការស្ថាបនាឡើងនូវនិមាបនកម្មតំបន់ ដែលមានភាពបើកចំហ, យុត្តិធម៌, ស្ថិរភាព និងភាពអាចប៉ាន់ប្រមាណបាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើគោលការណ៍នៃការគោរព និងយោគយល់គ្នាទៅវិញទៅមក, ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។

៤. យើងចាំបាច់ត្រូវតែផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការដែលជំរុញឱ្យមានការជឿទុកចិត្តគ្នា និងបង្កើនទំនុកចិត្ត ព្រោះចំណងយុទ្ធសាស្រ្តនេះ ត្រូវបានកសាងឡើងពីការជឿទុកចិត្ត ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឆ្លើយតបទៅនឹងស្មារតីនៃសង្រ្គាមត្រជាក់ ។

៥. ចំពោះទិដ្ឋភាពវប្បធម៌, ខ្ញុំសូមផ្តល់ការគាំទ្រទាំងស្រុងចំពោះ “ម៉ារ៉ាតុងវប្បធម៌” ដែលជាគំនិតផ្តួចផ្តើមរបស់គណបក្សរួបរួមរុស្ស៊ី និងមានភាពស៊ីចង្វាក់ទៅនឹងចក្ខុវិស័យរបស់កម្ពុជា ក្នុងការកសាង “ច្រករបៀងវប្បធម៌” ដើម្បីលើកកម្ពស់សន្តិភាព, សុខដុមភាព និងវិបុលភាពរបស់យើង ។

កម្ពុជាប្តេជ្ញាចិត្ត ក្នុងការជំរុញទំនាក់-ទំនងសន្ទនារវាងអាស៊ាន និងរុស្ស៊ី ជាពិសេសនៅពេល ដែលកម្ពុជានឹងដើរតួជា ប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងសន្ទនានេះ ចាប់ផ្តើមពីខែសីហា ២០២១ នេះតទៅ ។

ដកស្រង់ពីបទអន្តរាគមន៍សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងសន្និសីទតុមូល ក្រោមប្រធានបទ “តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។

ads banner