អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ច្រានចោលការ​ចុះផ្សាយថា «វីរុសកូវីដ១៩ បំប្លែងខ្លួនឈ្មោះ​អាល់ហ្វា​ឆ្លងពីកម្ពុជាទៅថៃ»

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បានច្រានចោលចំពោះការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ថា វីរុសកូវីដ១៩ប្រភេទថ្មីឈ្មោះ អាល់ហ្វា ឆ្លងពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់តាមបណ្តាញតេឡេក្រាមថា៖ «ប្រទេសកម្ពុជា ទទួលរងការឆ្លងវីរុសនេះ ដោយរកឃើញលើអ្នកដំណើរចូលមកកម្ពុជា ជាពិសេសគឺពលករវិលត្រឡប់មកពីប្រទេសថៃនេតែម្តង​។ ថៃមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ រួចមកពលករក៏បានធ្វើដំណើរជាបន្តបន្ទាប់វិលត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជា រហូតដល់បច្ចុប្បន្ននេះ»

លោកជំទាវបានបន្ថែមថា យើងមិនត្រូវចោទប្រកាន់ថាមកពីខាងណាៗនោះឡើយ សំខាន់ចរាចររបស់វីរុសកូវីដ-១៩នេះ គឺទៅ មកៗ ដោយទូលំទូលាយ ដោយគ្មានប៉ាស្ព័រ និងគ្មានព្រំដែនទេ ហើយយើងត្រូវរួបរួមគ្នាទប់ស្កាត់ការចម្លងទៅមកនេះ ជាពិសេសពីបុគ្គលម្នាក់ទៅម្នាក់ កុំឱ្យការចម្លងនេះ មានដំណើរឆ្ពោះទៅរកហួសបន្ទាត់ក្រហមឱ្យសោះ។

យ៉ាងណាក៏ដោយ លោកជំទាវសំណូមពរឱ្យបុគ្គលគ្រប់រូប ចាប់ផ្តើមធ្វើសកម្មភាពការពារខ្លួនរៀងៗខ្លួន ហើយ បុគ្គលវ័យកណ្តាល និងយុវវ័យ មិនត្រូវនាំវីរុសកូវីដ-១៩ ចូលផ្ទះ ចម្លងដល់ក្រុមគ្រួសារ ឪពុកម្តាយ ឬជីដូនជីតារបស់ខ្លួននោះឡើយ។ លោកជំទាវលើកឡើងថា៖ ១គ្រប់គ្នាត្រូវធ្វើសកម្មភាពការពារការចម្លងវីរុសនេះ រៀងៗខ្លួនឥឡូវនេះ ទើបយើងអាចទប់មិនឱ្យការចម្លងក្លាយទៅជាការឆ្លងទ្រង់ទ្រាយធំ ក្នុងសហគមន៍ ដែលនឹងបង្កការលំបាកខ្លាំងមែនទែនដល់យើងទាំងអស់គ្នា ។ សុខចិត្តលំបាកនៅពេលនេះក្នុងរយ:ពេលខ្លី ជាជាងលំបាកនៅពេលក្រោយក្នុងរយ:ពេលយូរពេក ហើយសុខចិត្តលំបាកក្នុងពេលខ្លី ដើម្បីផលចំណេញក្នុងរយ:ពេលយូរ»។

អាល់ហ្វា (Alpha) គឺជាវីរុបំប្លែងខ្លួនថ្មីប្រភេទ (B.1.1.7) ដែលមានប្រភពមកពីចក្រភពអង់គ្លេស ដែលត្រូវបានដាក់ឈ្មោះដោយអង្គការសុខភាពពិភពលោក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner