អ្នកជំនាញ៖ ចាក់វ៉ាក់សាំងរួចប៉ុន្តែករណីនៅតែច្រើន មិនមែនមានន័យថាវ៉ាក់សាំងចិនមិនមានប្រសិទ្ធិភាពនោះទេ
សៅ សម្ភស្ស
កាលពីថ្ងៃទី ២០ ខែមិថុនា ប្រទេសចិនបានសម្រេចចែកចាយវ៉ាក់សាំងកូវីដ-១៩ ចំនួនជាង ១ពាន់លានដូស ឬស្មើនឹងជិត ៤០% នៃចំនួនវ៉ាក់សាំង ដែលបានចែកចាយប្រមាណ ២,៥ ពាន់លានដូសនៅទូទាំងពិភពលោក។ វ៉ាក់សាំង ដែលបាននាំចេញភាគច្រើន គឺវ៉ាក់សាំង Sinopharm និង Sinovac ក្នុងប្រមាណ រាប់រយលានដូស ត្រូវបានចែកចាយទៅកាន់ប្រទេសជាង ៨០ នៅទូទាំងពិភពលោក។
យ៉ាងណាមិញ ករណីឆ្លងកូវីដ-១៩ បានផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក បានចោទជាសំណួរដល់ប្រសិទ្ធភាពនៃវ៉ាក់សាំង Sinopharm និង Sinovac ក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។
តួរយ៉ាង វ៉ាក់សាំងផលិត ដោយចិនជាង ៦០ ភាគរយ គឺជាការទទួលទិញ ដោយឥណ្ឌូនេស៊ី ដែលជាប្រទេសមានចំនួនករណីឆ្លងធំបំផុតក្នុងប្រទេស ដែលករណីឆ្លងថ្មីប្រមាណជិត ២ ម៉ឺនករណីក្នុងមួយថ្ងៃ នៅដើមសប្តាហ៍នេះ ដែលភាគច្រើនជាករណីវ៉ារ៉្យង់ Delta ថ្មី។
លោកស្រី Olivia Herlinda ប្រធានគោលនយោបាយនៅមជ្ឈមណ្ឌលសម្រាប់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ យុទ្ធសាស្ត្រឥណ្ឌូណេស៊ី បានប្រាប់សារព័ត៌មានតួគី TRT World ថា៖ «ការសន្និដ្ឋានណាមួយអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinovac បច្ចុប្បន្នវាពិបាកថា ដោយសារអត្រាចាក់វ៉ាក់សាំងនៅប្រទេសនេះនៅទាបនៅឡើយ ហើយអ្នក ដែលទទួលបានវ៉ាក់សាំង Sinovac ភាគច្រើនជាបុគ្គលិកក្នុងវិស័យសុខាភិបាល និងចំនួនប្រជាជានមានអាយុក្រោម ៦០ ឆ្នាំ នៅមានកម្រិតទាបនៅឡើយ។
ដូចប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី ដឹងថាមានតែប្រទេសចិនទេ ដែលអាចផ្គត់ផ្គង់នូវចំនួនដូសក្នុងកម្រិត ដែលចាំបាច់សម្រាប់ផ្ដល់ឱ្យប្រជាជនចំនួន ៧០ ភាគរយ ដើម្បីសម្រេចគោលដៅទទួលបានភាពស៊ាំជាសហគមន៍នៅឆ្នាំនេះ។
វេជ្ជបណ្ឌិត Pawin Numthavaj អ្នកជំនាញផ្នែករោគរាតត្បាតនៅមន្ទីរពេទ្យ Ramathibodi ក្នុងប្រទេសថៃបានប្រាប់សារព័ត៌មាន TRT World ថា អាជ្ញាធរថៃកំពុងពិចារណាទិញ Sinovac ពីព្រោះ វាងាយស្រួលក្នុងការទិញជាងវ៉ាក់សាំងដទៃ។ លោក បានបន្ថែមថា ថ្មីៗនេះរដ្ឋាភិបាលកំពុងស្វែងរកវ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនវ៉ាក់សាំងផលិតផ្សេងៗទៀត ប៉ុន្តែក្រុមហ៊ុនទាំងនោះផលិតយឺតពេលបន្តិច ហើយត្រូវរងចាំងផលិតកម្មយូរ ត្រូវចាំយ៉ាងហោចក៏ដំណាច់ឆ្នាំនេះដែរ។
បើក្រឡេកមើល ប្រទេសម៉ុងហ្គោលី បើទោះជាមានការបិទខ្ទប់ និងចំនួនប្រជាជនទទួលបានវ៉ាក់សាំងទាំង ២ ដូស ក្នុងប្រទេសមានដល់ទៅ ៥០% នៃចំនួនប្រជាជនរបស់ពួកគេ (ភាគច្រើនជាវ៉ាក់សាំងចិន) ក៏ដោយក៏ចំនួននៃការឆ្លងក្នុងស្រុកនៅ តែមានចំនួនច្រើនជានិច្ច ពោលគឺច្រើនជាង ១០០ ករណីក្នុងមួយថ្ងៃ។
វេជ្ជបណ្ឌិត Fiona Russell អ្នកជំនាញខាងរោគឆ្លង និងវ៉ាក់សាំងនៅសាកលវិទ្យាល័យ University of Melbourne បាននិយាយថា៖ «មានហេតុផលជាច្រើន ដែលអាចកើតមានចំពោះបញ្ហានេះ។ យើងត្រូវសិក្សាឱ្យបានល្អិតល្អន់ ជាជាងការនិយាយដោយស្មាន។ លោកស្រី បាននិយាយថា ករណី ដែលកើនឡើងនោះ កើតចំពោះអ្នកមិនទាន់ចាក់វ៉ាក់សាំង ឬ ចាក់មិនទាន់គ្រប់ ឬ ប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវ៉ារ៉្យង់ថ្មីនៅ មិនទាន់គ្រប់គ្រាន់ ឬ ការចែកចាយវ៉ាក់សាំងដល់ប្រជាជនទូទាំងប្រទេសនៅមិនទាន់ដល់កម្រិតឱ្យបង្កើតភាពស៊ាំជាសហគមន៍ ឬយ៉ាងណា»។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានច្រានចោលនូវ ចម្ងល់ពីប្រសិទ្ធភាពនៃវ៉ាក់សាំង Sinopharm និង Sinovac របស់ប្រទេសចិនថា ជាការរិះគន់ បែបលំអៀង និងលាបពណ៌ផងដែរ។
ទោះយ៉ាងណា ក្រុមអ្នកជំនាញនិយាយថា ទោះបីវ៉ាក់សាំងចិនទាំងនេះមិនមានប្រសិទ្ធភាពខ្លាំងដូចវ៉ាក់សាំងដទៃ ក៏មិនមែនមានន័យថាវ៉ាក់សាំងចិនមិនមានប្រសិទ្ធិភាពដែរ។ មិនមានវ៉ាក់សាំងណាមួយផ្តល់ការការពារ ១០០% ប្រឆាំងនឹងកូវីដ-១៩ទេ។ វ៉ាក់សាំងចិនមានសារៈសំខាន់ក្នុងការការពារកុំឱ្យមានករណីស្លាប់ និងការសម្រាកនៅមន្ទីរពេទ្យច្រើន មិនមែនធ្វើឱ្យករណីឆ្លងធ្លាក់ដល់សូន្យនោះទេ។
សាស្រ្តាចារ្យ Jin Dong-yan សាកលវិទ្យាល័យហុងកុង បាននិយាយថា៖ «ប្រសិនបើយើងចង់កាត់បន្ថយករណីធ្ងន់ធ្ងរ និងចំនួនអ្នកស្លាប់ វ៉ាក់សាំង Sinopharm និង Sinovac អាចជួយបាន»។ លោក Ben Cowling សាស្ត្រាចារ្យផ្នែករោគឆ្លងនៃសាកលវិទ្យាល័យតែមួយ បាននិយាយថា៖ «វ៉ាក់សាំងចិន ហាក់ដូចជាបន្ថយចំនួនអ្នកឆ្លងធ្ងន់ធ្ងរ និងអ្នកស្លាប់ និងបានជួយជិវិតមនុស្សបានច្រើនណាស់»។
អ្នកស្រី Enkhsaihan Lkhagvasuren មន្ត្រីក្រសួងសុខាភិបាលម៉ុងហ្គោលី បានអះអាងថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពណាស់។ អ្នកស្រីបានបន្ថែមថា៖ «យើងមិនអាចបែងចែកប្រសិទ្ធិភាពវ៉ាក់សាំង ដោយនិយាយថាវ៉ាក់សាំងនេះមិនល្អ ឬវ៉ាក់សាំងមួយណាល្អជាងឡើយ»។
ប្រភព៖
What do we know about the efficacy of Chinese vaccines so far?
Why Covid-19 outbreaks in countries using Chinese vaccines don’t necessarily mean the shots have failed
https://edition.cnn.com/2021/07/02/china/vaccines-sinovac-sinopharm-intl-hnk-dst/index.html
China completes half-year vaccination goal early, will cover as many people as possible in H2