សម្តេចតេជោ អនុញ្ញាតឱ្យម្ចាស់តោយកតោទៅចិញ្ចឹមនៅផ្ទះវិញ

ភ្នំពេញ : សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យម្ចាស់សត្វតោយកតោទៅចិញ្ចឹមនៅផ្ទះវិញ ប៉ុន្តែត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ 

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្តិភាពទាំងមនុស្ស ក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ”។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សុខុន បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះរឹបអូសយកសត្វតោមួយក្បាលនៅផ្ទះលេខ២២ ផ្លូវ៣០៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាមបណ្តឹងរបស់អ្នកជិតខាង និងអ្នកទេសចរបរទេស។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ដោយយល់ឃើញថា សត្វតោត្រូវបានម្ចាស់មានការថែរក្សាបានល្អតាំងពីតូចមកម្ល៉េះ និងដោយសារមានមហាជនជាច្រើនមានការអាណិតអាសូរដល់សត្វតោ និងម្ចាស់ដែលថែរក្សាដែរនោះ មុននេះបន្តិច សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្រេចប្រគល់សត្វតោនោះជូនម្ចាស់វិញ ដើម្បីអនុញ្ញាតឲ្យម្ចាស់បន្តការចញ្ចឹម និងថែរក្សា ដោយតម្រូវឲ្យម្ចាស់នោះមានកិច្ចសន្យាដែលមានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ទាក់ទងទៅនឹងបច្ចេកទេសនៃការចិញ្ចឹមដែលមានលក្ខណៈសមស្របតាមបទដ្ឋានបច្ចេកទេស បរិស្ថានរស់នៅនៃសត្វតោ និងប្រកបដោយសុវត្ថិភាពមិនឲ្យមានហានិភ័យដល់អ្នកថែរក្សា និងអ្នកជិតខាង។

សូមរម្លឹកឱ្យដឹងថា អាជ្ញាធរចម្រុះ បានចុះដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិនដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន។ ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោដែលជាប្រភេទសត្វព្រៃកម្រនេះ ដឹកនាំដោយលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។  

ប្រតិបត្តិការចុះដកហូតសត្វតោនោះ ធ្វេីឡេីងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅផ្ទះលេខ២២ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ដែលជនជាតិចិនបានចិញ្ចឹមសត្វតោឈ្មោលមួយក្បាលជាប្រភេទសត្វព្រៃនៅក្នុងផ្ទះដោយខុសច្បាប់។ ដូចនេះនាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ បានប្រាប់ឱ្យដឹងថា ដោយសារមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡាខាងលេីពីសំណាក់បុរសជនជាតិចិន ទេីបអាជ្ញាធរសហការជាមួយអាជ្ញារមូលដ្ឋានចុះធ្វេីការស្រាវជ្រាវឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដេីម្បីបញ្ជូនទៅថែរក្សាទុក ។

លោកបន្តថា ពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃដែលជាប្រភេទសត្វកម្រនោះទេ ដែលផ្ទុយពីច្បាប់ និងមាត្រា ៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខណ្ឌ២ ត្រង់ចំណុច៣ ដែលបានចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់។ ចំពោះសត្វតោឈ្មោលមួយក្បាលនោះនឹងធ្វើការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដេីម្បីចិញ្ចឹមបីបាច់បន្ត។ ចំពោះជនជាតិចិនដែលជាម្ចាស់ត្រូវបានអាជ្ញាធរហៅទៅធ្វើការណែនាំឈប់ឱ្យចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត ។ 

សូមបញ្ជាក់ថា សត្វតោឈ្មោលនោះមានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានបុរសជនជាតិចិនចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃស៊ីសាច់ឆៅប្រមាណ៦គីឡូក្រាម៕

ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner