WHO ព្រមានថា ពិភពលោកកំពុងស្ថិតក្នុងពេលវេលាគ្រោះថ្នាក់ ខណៈវីរុសកូវីដ-១៩បម្លែងថ្មី Delta កំពុងរាតត្បាតខ្លាំង
ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ពិភពលោកកំពុងស្ថិតក្នុងពេលវេលាមួយដ៏គ្រោះថ្នាក់បំផុត ដោយសារជំងឺរាតត្បាតកូរ៉ូណា ខណៈដែលវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌានោះ ត្រូវបានគេរកឃើញនៅក្នុងប្រទេស និងតំបន់សរុបចំនួន៩៨ហើយ ។
ទន្ទឹមនេះ អង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានគូសបញ្ជាក់ថា វីរុសបម្លែងថ្មីដែលត្រូវបានគេរាយការណ៍ជាលើកដំបូងនៅឥណ្ឌា គឺមានគ្រោះថ្នាក់ ខណៈដែលវាបន្តវិវត្ត និងបំប្លែងខ្លួន ហើយថា ដូច្នេះវាទាមទារអោយមានការវាយតម្លៃអោយបានខ្ជាប់ខ្ជួន និងការថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្ន នៃការឆ្លើយតបសុខភាពសាធារណៈ ។
គួរកត់សម្គាល់ វីរុសបម្លែងថ្មី Delta ក៏បាននិងកំពុងវាយលុកខ្លាំងនៅទូទាំងទ្វីបអាស៊ីផងដែរ ដោយបណ្តាប្រទេសនានារាប់ចាប់ពីអូស្រ្តាលី ដល់ម៉ាឡេស៊ី បានរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងថ្មីៗ និងជំរុញអោយប្រទេសខ្លះ ដាក់វិធានការបិទខ្ទប់ឡើងវិញ ក៏ដូចជាពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង ៕ ប្រភព៖ The Straits Times