អាមេរិករម្លឹកខួបលើកទី ២៤៥ នៃទិវាបុណ្យឯករាជ្យជាតិ
កាលពីថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) ពិធីរម្លឹកខួបលើកទី ២៤៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកត្រូវបានរៀបចំ ជាមួយការអនុញ្ញាតឱ្យមានការរៀបចំ ពិធីជួបជុំមួយចំនួននៅតាមទីសាធារណៈ ក្រោយត្រូវបានរឹតត្បិតអស់រយៈពេលជាងមួយឆ្នាំមកនេះ ដោយសារតែការឆ្លងរាតត្បាតជំងឺ COVID-19។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោកស្រីជំទាវទី១ Jill Biden បានអញ្ជើញមន្ត្រីយោធា និងបុគ្គលិកបម្រើការផ្នែកសង្រ្គោះបន្ទាន់ជាង ១,០០០នាក់ មកកាន់សេតវិមាន ដើម្បីចូលរួមក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងទស្សនាការបាញ់កាំជ្រួច។
ពិធីបុណ្យឯករាជ្យជាតិថ្ងៃទី០៤ ខែកក្កដា ត្រូវបានប្រារព្ធឡើង នៅទូទាំងសហរដ្ឋអាមេរិក ហើយក្នុងនោះនៅឯទីក្រុងញូយ៉ក កាំជ្រួចប្រមាណជា ៦៥,០០០ដើមត្រូវបានបាញ់ទៅលើអាកាស ដើម្បីអបអរសាទរពិធីបុណ្យជាតិអាមេរិកមួយនេះ៕