មេទ័ពជើងគោក: ទោះនៅក្នុងកាលៈទេសៈដ៏លំបាក ក៏សម្តេចតេជោ ហ៊ុន សែន បានដឹកនាំការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញៈ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ទោះនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំការងារយ៉ាងសកម្ម និងជាប្រចាំក្នុងរយៈពេលពីរ ឆ្នាំកន្លងមកនេះ ដោយបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការព្យាបាល និងការរៀបចំធនធានដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានជូនប្រជាពលរដ្ឋ រួមមាន ការដាក់ឱ្យដំណើរការយន្តការជំនួយសង្គម សម្រាប់ប្រជាជនដែលជួបការលំបាកផ្នែកជីវភាព ជាដើម។

ការបញ្ជាក់នេះ នៅក្នុងពិធីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នេះ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ជាទិសដៅការងារបន្តចំពោះមុខឆ្លើយតបនឹងបទបញ្ជាជាយុទ្ធសាស្ត្រថ្មីៗរបស់សម្តេចតេជោ ក៏ដូចជាគោលការណ៍ណែនាំរបស់ក្រសួងការពារជាតិលើកិច្ចការនេះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានសម្រេចដាក់ចេញនូវគោលការណ៍ភារកិច្ចជាក់ស្តែងមួយចំនួន។ ក្នុងនោះ កម្លាំងទាំងអស់នៅតាមព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់ជំនាញ ដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ ប្រភេទថ្មី។ អង្គភាពទាំងអស់ ត្រូវបន្តចាត់វិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអង្គភាព តាមរយៈការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់, ការត្រួតពិនិត្យការចេញ-ចូល, ការរៀបចំកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលកម្រិតស្រាល។ ត្រូវប្រុងប្រៀបរៀបចំធ្វើតេស្តដល់យោធិននៅតាមបណ្តាអង្គភាព ដោយយកចិត្តទុកដាក់ជាពិសេសដល់កម្លាំងទាំងអស់ដែលចេញប្រតិបត្តិការតាមច្រកព្រំដែន, ពេទ្យយោធា, កម្លាំងចូលរួមចាក់វ៉ាក់សាំង និងកម្លាំងដែលចូលរួមប្រតិបត្តិការក្នុងតំបន់មានហានិភ័យខ្ពស់ ដូចជាតំបន់ក្រហម ជាដើម។ បន្តភារកិច្ចដែលបានអនុវត្តកន្លងមក ក៏ដូចជាត្រៀមកម្លាំងដើម្បីចូលរួមអនុវត្តភារកិច្ចនៅពេលមានបទបញ្ជា ដូចជា៖ ការរៀបចំក្រុមគ្រូពេទ្យ, ការចូលរួមក្នុងការការពារ និងរក្សាសន្តិសុខនៅតាមមណ្ឌលចត្តាឡីស័ក, ការចូលរួការបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត និងការដឹកជញ្ជូនពលករត្រលប់មកពីបរទេស។ បន្តចូលរួម និងត្រៀមចូលរួមនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមផែនការរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៅគ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ ចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ទោះជាក្នុងកាលៈទេសៈលំបាកនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងឆមាសទី១ ឆ្នាំ២០២១ នេះតែម្តង គឺនៅក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលយើងកំពុងមានការប្រឈមខ្លាំង។ ក្នុងនេះ ទោះបីមានសកម្មភាពមួយចំនួនយើងមិនអាចអនុវត្តន៍បាន ប៉ុន្តែចំពោះលទ្ធផលការងារជារួម គឺយើងនៅតែអាចរក្សាបាននូវប្រតិបត្តិការជាធម្មតា, ការត្រៀមលក្ខណៈរៀបរយក្នុងការបំពេញភារកិច្ច និងការចូលរួមនៅក្នុងកិច្ចការនានាទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយយើងបានខិតខំប្រឹងប្រែងសម្រេចបានគួរជាទីមោទនៈ ជាពិសេសនៅក្នុងការងារគ្រប់ភារកិច្ចសំខាន់ៗចាំបាច់ចំពោះមុខ ពាក់ព័ន្ធនឹងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តមឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការងារលើកកម្ពស់សុខមាលភាពរបស់កងទ័ព ជាពិសេសការការពារជំងឺកូវីដ-១៩ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ស្ថាប័ន-កងឯកភាពទាំងអស់ ដែលបានខិតខំអនុវត្តន៍វិធានសុខាភិបាលក្នុងការគ្រប់គ្រងកម្លាំងក្នុងរយៈកាលកន្លងមកនេះ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តរឹតបន្តឹងការអនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីការពារខ្លួននៅក្នុងជួរទ័ព, គ្រួសារទ័ព និងសហគមន៍៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner