សាវតារលើជញ្ជាំង ភាគទី២: វិចិត្រសាលប្រវត្តិសាស្ត្រ

នៅពេលលោកអ្នកអញ្ជើញទៅទស្សនានៅប្រាសាទអង្គរវត្ត សូមកុំរំលងឱ្យសោះ ក្នុងការទស្សនាចម្លាក់នៅផ្ទាំងខាងត្បូងចំហៀងខាងលិច នេះគឺជា វិចិត្រសាលប្រវត្តិសាស្ត្រ ដែលបានកើតឡើងក្នុងជំនាន់ព្រះរាជា ព្រះបាទសូរ្យវរ្ម័នទី២

ចម្លាក់ផ្ទាំងនេះ បង្ហាញពីក្បួនហែសឹក ជំនិះព្រះមហាក្សត្រ មន្ត្រី សភាវុធ និងគ្រឿងកិត្តិយសនៅក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះបាទសូរ្យវរ្ម័នទី២។ មានការសន្និដ្ឋានថា ចម្លាក់នេះបានឆ្លាក់ក្រោយពេលដែលព្រះអង្គសុគតបន្តិច ត្បិតព្រះនាមដែលចារឹកនៅជិតព្រះអង្គ គឺព្រះបរមវិស្ណុលោក។

វិចិត្រសាលខាងត្បូងស្លាបខាងលិច ដែលត្រូវបានគេឲ្យឈ្មោះថា វិចិត្រសាលប្រវត្តិសាស្ត្រ  ដោយរៀបរាប់អំពីរព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្ថាបនិកនៃប្រាសាទអង្គរវត្តនេះ។ 

រូបព្រះអង្គអង្គុយធ្វើសាវនាការ រូបនេះពេញនិយមបំផុត នៅតាមសណ្ឋាគារក្ដី ជាពិសេសនៅតុលាការ ដោយគេយកទៅដាក់ជាសញ្ញានៅគ្រប់ច្រកចូល។ ព្រះអង្គធ្វើសាវនាការនេះ នៅលើកំពូលភ្នំសិវបាទបូព៌ា ដែលអ្នកសិក្សាក្រោយមក សន្និដ្ឋានថាគឺជាភ្នំព្រះវិហារ។

បន្ទាប់មកមានចម្លាក់ រូបមន្ត្រីកំពុងរាយការណ៍ អំពីស្ថានភាពនានានៅក្នុងប្រទេស អាចទាក់ទងទៅនឹងបញ្ហាកងទ័ព។ រួចបន្តមក ព្រះអង្គក៏បានបញ្ជា ឲ្យលើកទ័ពទៅវាយស្ដេចដាយវៀត(វៀតណាម)។ កងទ័ពខ្មែរ ចាប់ផ្ដើមធ្វើព្យុះហយាត្រា មានមេទ័ព ទ័ពដំរី ទ័ពខ្លះកាន់អាវុធមានលំពែងចេញទៅ កងទ័ពថ្មើជើង និងទ័ពសេះផងដែរ។ 

យាន្តជំនិះ ឬព្រះទីន័ង ដែលព្រះរាជាប្រើ មានការតាក់តែងផ្សេងៗដូចជា មានក្លស់ច្រើន មានផ្លឹត ហើយដំរីជាទីន័ងរបស់ព្រះអង្គ គឺមានពាក់មង្កុដ។ ព្រះរាជាកាន់ ផ្គាក់មានសង្វារ ជាអាវុធ ហើយផ្គាក់នេះ នៅមានសល់ប្រើ តែអ្នកខេត្តសៀមរាបប៉ុណ្ណោះ។​ 

ផ្ទាំងខាងមុខបន្តទៀត ឃើញមានទង់របស់ព្រះអង្គ ដែលមានរូបព្រះវិស្ណុជិះលើគ្រុឌ បានសេចក្ដីថា ព្រះអង្គគឺជាអ្នកកាន់និកាយព្រះវិស្ណុ។ ក្នុងនោះយើង មានសិលាចារឹកដែលចារឹកថាបរមវិស្ណុលោក មានន័យថា នេះជារូបព្រះបាទសូរ្យវរ្ម័នទី២ ពេលដែលលោកសុគតទៅ មាននាមមួយជាពិសេស គឺបរមវិស្ណុលោក ដោយមានជំនឿថាវិញ្ញាណខណ្ឌរបស់ព្រះអង្គ នឹងយាងទៅកាន់សោយសុខនៅឋានព្រះវិស្ណុ។ ហើយប្រាសាទអង្គរវត្តនេះ ពេលកសាងចប់ គេក៏បានដាក់ឈ្មោះថាបរមវិស្ណុលោក ក៏ជាមរណនាមរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ 

គ្រប់ស្ដេចទាំងអស់ នៅពេលដែលសុគត គឺមានឈ្មោះមួយ ដែលហោថាមរណនាម ដោយឡែក ព្រះអង្គគោរពព្រះវិស្ណុជាងគេ ទើបគេដាក់ឈ្មោះថាបរមវិស្ណុលោក គឺព្រះវិញ្ញាណក្ខន្ធរបស់ ស្ដេចបាន​យាង ទៅសោយសុខនៅឋានព្រះវិស្ណុ។ 

យើងអាចដឹងបាន តាមរយៈអក្សរដែលបានចារឹកនេះ តាមការសិក្សាកន្លងមកយើង ឃើញថា បានចារឹកឡើងអំពីបរមវិស្ណុលោក ហើយមានឈ្មោះមន្ត្រី ឋានន្ដរសក្កិ ក៏ដូចជាមន្ត្រីរាយការ ក៏មានឈ្មោះដែរ។ មន្ត្រីទាំងអស់នោះ សិលាចារឹកទាំងអស់ដែលបានសរសេរនៅតាមហ្នឹង គឺបាន

ចារឹកឡើងនៅក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៧។ លក្ខណៈនៃការសិក្សា ដោយការយកលក្ខណៈពិសេសនៃតួអក្សរ ទៅប្រៀបធៀបជាមួយសិលាចារឹកនានា ដែលបានចារនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ 

នៅក្នុងថែវនេះ កងទ័ពមិនមែនប្រយុទ្ធគា្នទេ គឺចាប់ផ្ដើមធ្វើព្យុះហយាត្រា ចេញដំណើរ​ចាកចេញពីភ្នំសិវបាទបូព៌ា សំដៅទៅរកនគរដាយ របស់ស្ដេចដាយវៀត។ ក្នុងនោះ នៅផ្ទាំងខាងចុង យើងឃើញទ័ពមាន​ស្លៀកសំពត់ច្រើន នោះគេហៅថាទ័ពដ្យាម (ដ្យាមនេះជាកុលសម្ព័ន្ធមួយ ដែលរស់នៅលើទឹកដី នៃរាជាណាចក្រខ្មែរយើងភាគខាងលិច ក្រោយមកបានអភិវឌ្ឍន៍អរិយធម៌ឲ្យរីកចម្រើនរហូតក្លាយជាសៀមសព្វថ្ងៃ)។ យើងឃើញមានសម្លៀកបំពាក់ ស្លៀក​​សំពត់ខុសពីខ្មែរ គេដាក់ជាទ័ពជួរមុខ ដើម្បីឱ្យបើកផ្លូវធ្វើសង្គ្រាម។

សារៈសំខាន់របស់ថែវប្រវត្តិសាស្ត្រនេះ គឺរៀបរាប់ពីវីរៈភាព របស់ព្រះបាទសូរ្យវរ្ម័នទី២។ នៅពេលព្រះអង្គអង្គុយធ្វើសាវនាការ ស្ដាប់របាយការណ៍របស់មន្ត្រី បន្ទាប់មកមានរៀបចំក្បួនព្យុះយាហត្រា ដែលសម្ដែងអំពីមហិទ្ធិរឹទ្ធិនៃកងទ័ពក្នុងរាជ្ររបស់ព្រះអង្គ មានទាំងទ័ពថ្មើជើង ទ័ពសេះ និងទ័ពដំរី។ រីឯ មន្រ្តី និងមេទ័ព មានបែងចែកមុខងារ និងឋានន្តរសក្កិ យ៉ាងត្រឹមត្រូវ ដោយពិនិត្យទៅតាមក្លោះ បើក្លោះច្រើនបាន​ន័យថាជាមន្ត្រីថ្នាក់ខ្ពស់ តែបើក្លោះតិចជាមន្ត្រីថ្នាក់ទាប៕

——–

បរិយាយដោយ៖ សាស្រ្តាចារ្យ ថ្លាង សាឃឿន

ផលិតដោយ៖ ក្រុមការងារ លោក សុខ ជំនោរ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner