ពលរដ្ឋជួបការលំបាក ៤០០គ្រួសារ ក្នុងស្រុកស្រីសន្ធរ ទទួលបានអំណោយពីរដ្ឋបាលខេត្តកំពង់ចាម

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំអំណោយផ្ដល់ជូនប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតក្នុងកំឡុងពេលការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចំនួន ៤០០គ្រួសារ ស្ថិតក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា អំណោយមានជាគ្រឿង ឧបភោគ បរិភោគ ដែលរដ្ឋបាលខេត្តបានរៀបចំយកមកដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតក្នុងដំណាក់កាលនៃការបិទខ្ទប់នេះ គឺជាការបញ្ជាក់ អំពីការគោរពស្រឡាញ់ និងការយកចិត្តទុកដាក់ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនឲ្យមានលំនឹង ដើម្បីទប់ខ្លួនកុំឲ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយសារតែវិបត្តិជំងឺកូវីដ១៩នេះ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា ស្រុកស្រីសន្ធរ គឺជាតំបន់ដែលងាយរងគ្រោះជាងគេ ដោយសារកត្តាភូមិសាស្រ្ត កៀកទៅនឹងទីប្រជុំជនរាជធានីភ្នំពេញ ហើយកូនចៅប្រជាពលរដ្ឋក្នុងតំបន់នេះ ភាគច្រើនធ្វើការនៅក្រៅខេត្ត ដោយអ្នកខ្លះធ្វើកម្មករ-កម្មការិនី តាមបណ្ដាលរោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេស និងខ្លះទៀតធ្វើការតាមក្រុមហ៊ុន ដោយពួកគាត់ធ្វើការពេលថ្ងៃនិងពេលយប់វិលត្រឡប់មកសម្រាកនៅតាមផ្ទះឯស្រុកស្រីសន្ធរនេះវិញ។

ជាមួយគ្នានោះ ទីកន្លែងដែលពួកគាត់ធ្វើការ គឺជាតំបន់ក្រហម ពោលគឺតំបន់ដែលមានហានិភ័យខ្ពស់ ក្នុងការចម្លងជំងឺកូវីដ១៩ ។ ហើយប្រសិនបើ ពួកគាត់មានការធ្វេសប្រហែស និងនាំឱ្យឆ្លងជំងឺនោះ នឹងបន្តយកមកចម្លងដល់ក្រុមគ្រួសារ ឈានទៅដល់ក្នុងសហគមន៍តែម្ដង។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ជំងឺកូវីដ១៩ នេះ មានផលប៉ះពាល់ច្រើនណាស់ដល់បងប្អូនប្រជាពលរដ្ឋដូចជា ប៉ះពាល់ដល់សុខភាពធ្វើទុក្ខក្នុងរាងកាយ និងអាចឈានទៅបាត់បង់អាយុជីវិត ដែលជាក់ស្ដែងខេត្តកំពង់ចាម មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងជាបន្តបន្ទាប់ ។ម្យ៉ាងទៀត ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់បងប្អូន ព្រោះនៅពេលដែលប្រជាពលរដ្ឋយើងមានឆ្លងជំងឺនេះ ត្រូវសម្រាកព្យាបាល រីឯអ្នកប៉ះពាល់ផ្សេងទៀត ត្រូវយកទៅធ្វើចត្តាឡីស័ក ហើយក្នុងរយៈពេលព្យាបាល នឹងធ្វើចត្តាឡីស័ក គឺពួកគាត់មិនអាច ចេញទៅខាងក្រៅ ដើម្បីប្រកបរបរចិញ្ចឹមជីវិតបានទេ ដែលប្រការនោះធ្វើឲ្យជីវភាពជួបនូវការខ្វះខាត។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាខិតខំការពារសុខភាពរៀងៗខ្លួន កុំអោយជំងឺនេះកើតមាននៅក្នុងសមាជិកគ្រួសារ និងនៅក្នុងសហគមន៍ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ វិធានសុខាភិបាល «៣ការពារ និង៣កុំ» ពិសេសការលាងសម្អាតដៃជាប្រចាំ ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាលនៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ ក្នុងសហគមន៍៕ (អត្ថបទ និងរូបភាព៖ ចៅវង្ស)

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner