ផ្សារសាមគ្គីក្រុងក្រចេះ ត្រូវបានអនុញ្ញាតឲ្យបើក ដំណើរការ ឡើង វិញ ខណៈចំនួនអ្នកឆ្លងកូវីដ-១៩ មានការថយចុះ

អត្ថបទដោយ៖
ជា សេឌី

អាជ្ញាធរខេត្តក្រចេះ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការផ្សារសាមគ្គីក្រុងក្រចេះឡើងវិញ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីផ្សារមួយនេះត្រូវបានបិទអស់មួយរយៈពេលខ្លីនៅសប្តាហ៍កន្លងទៅ ។

  ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៥ កក្កដា ឆ្នំា២០២១ អាជីវករលក់នៅក្នុងផ្សារសាមគ្គីក្រុងក្រចេះមួយចំនួនធំ បានបើកតូបរៀបចំអីវ៉ាន់លក់ដូរ ដូចធម្មតា ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំនិង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែនៅមានអាជីវករមួយចំនួនតូចនៅតែបន្តបិទទីតាំងតូបរបស់ខ្លួន បើទោះបីជារដ្ឋបាលខេត្តក្រចេះបានសម្រេចអនុញ្ញាតឲ្យបើកដំណើរការផ្សារសាមគ្គីក្រុងក្រចេះនេះឡើងវិញយ៉ាងណាក៍ដោយ ។

 លោកស្រី ម៉ា លី អាជីវករលក់ដូរនៅផ្សារមួយនេះ បានសម្តែងអារម្មណ៍សប្បាយរីករាយ    ខណះដែលផ្សារសាមគ្គីត្រូវបានបើកឡើងវីញ លោកស្រីថាបើទោះបីជាលក់ដូរមិនដាច់យ៉ាងណាក៏បានខ្លះដែរ តែយ៉ាងណាក៏យើងនៅតែប្រុងប្រយត្ន័ ដោយមានវិធានការការពា មានអាកុលនិងពាក់ម៉ាសការពារជានិច្ច ហើយប្រសិនណាបើអតិថិជនគាត់មកទិញអត់មានពាក់ម៉ាស់ យើងជូនម៉ាស់ឲ្យទៅគាត់ពាក់ ហើយបាញ់ទឹកអាកុលលាងសម្អាតដៃអោយបានត្រឹមត្រូវ។

  ទន្ទឹមនោះគេសង្កេតឃើញថា ការលក់ដូរពីសំណាក់អាជីវករនៅក្នុងផ្សារសាមគ្គីក្រុងក្រចេះនៅពុំទាន់បានគ្រប់គ្នានៅឡើយទេ ដោយសារព្រួយបារម្មណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយសម្រាប់ប្រជាពលរដ្ឋដែលពួកគាត់និយមដើរផ្សារទិញបន្លែ ផ្លែឈើ ត្រី សាច់ និងទំនិញផ្សេងៗទៀត គឺមានសភាពស្ងប់ស្ងាត់ជាងមុន លុះត្រាតែមានតម្រូវការចាំបាច់ទើបពួកគាត់មកទិញតែម្តង។

  យោងតាមរបាយការណ៍ មន្ទីរសុខាភិបាលខេត្តក្រចេះ បានឲ្យដឹងថាស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តក្រចេះ គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ករណីអ្នកវិជ្ជមាន សរុបចំនួន១៣០នាក់ ស្រី៦៧នាក់ ជាសះស្បើយ២០នាក់ ស្រី១១នាក់ ករណីស្លាប់៣នាក់ ស្រី២នាក់ និងកំពុងព្យាបាល១០៧នាក់ ស្រី៥៤នាក់។ នៅក្នុងថ្ងៃទី៤ ខែកក្កដដា ឆ្នាំ២០២១នេះ ក្រុមការងារជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញអ្នកវិជ្ជមានកូវិដ-១៩ ចំនួន៦នាក់ ដែលជាតួលេខ មួយអាចបញ្ជាក់បានថា ចំនួនអ្នកឆ្លងមានការថយចុះ ក្នុងអំឡុងនៃការផ្ទុះជំងឺកូវីដ-១៩ ជាសហគមន៍លើកដំបូងក្នុងខេត្តក្រចេះ៕ដោយ ម៉េង គាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner