៦ ខែ​បន្ទាប់​ពី​ការ​វាយ​លុក​ចូល​វិមាន​កាពីតូល​ ការសន្យា​និង​បេ្តជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ធំ​ៗ​នៅ​អាមេរិក​ចាប់​ផ្ដើម​ធ្លាក់​ចុះ

មឹង​ ច័ន្ទ​សុម៉ា​នីតា​

នៅ​ពេល​ដែល​ភាព​ភ្ញាក់​ផ្អើល​ និង​ ច្រួល​ច្របល់​បាន​រាល​ដាល​ពាស​ពេញ​សហរដ្ឋអាមេរិក​បន្ទាប់​ពី​ព្រឹត្តិការណ៍​កូដកម្ម​វាយ​លុក​វិមាន​កាពីតូល​ (អគារ​សភា​អាមេរិក​)នៅ​ថ្ងៃ​ទី ៦​ ខែ​មករា​ ក្រុមហ៊ុន​សាជីវកម្ម​ធំ​ៗ​ជា​ច្រើន​នៅ​អាមេរិក​បាន​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​ការ​ភូតភរ​ដែល​បាន​ជំរុញ​ហ្វូង​មនុស្ស​ឱ្យ​ធ្វើ​សកម្មភាព​បែប​នេះ ប៉ុន្តែ​ការ​សន្យា​ហាក់​ដូច​ជា​មិន​បាន​គោរព​។

ក្រុមហ៊ុន​ធំ​ៗ ​រាប់​សិប​បាន​លើក​ឡើង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ របស់​ពួក​គេ​ចំពោះ​ការ​ថែ​រក្សា​លទ្ធិប្រជាធិបតេយ្យ​ ហើយ​បាន​សន្យា​ផ្អាក​បរិច្ចាគ​ប្រាក់​ដល់​សមាជិក​សភា​ចំនួន​ ១៤៧ ​នាក់​ ដែល​បាន​ជំទាស់​នឹង​ការ​បញ្ជាក់​លទ្ធផល​ជ័យ​ជម្នះ​របស់​លោក​ចូ បៃដិន​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០ ក្រោយ​ពី​មាន​ការ​សំណើ​ដោយ​សម្ព័ន្ធ​របស់​លោក​ដូណាល់ ត្រាំ​ឱ្យ​សើរ​រើ​លទ្ធផល​បោះឆ្នោត​នេះ​ដោយ​ផ្អែក​លើ​ការ​ចោទប្រកាន់​គ្មាន​ភស្តុតាង​ថា​មាន​ការ​លួច​បន្លំ​ សន្លឹក​ឆ្នោត​ ។

ក្រុមហ៊ុន​ធំ​ៗ​បំផុត​របស់​អាមេរិក​ដូចជា​Walmart, Pfizer, Intel, General Electric និង​ AT&T ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ បាន​ប្រកាស​ការ​សន្យា​និង​ប្ដេជ្ញា​របស់​ពួក​គេ​ ក្នុង​នាម​ការពារ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ ពី​អ្នក​គាំទ្រ​លោក​ត្រាំ​បាន​សម្រុក​ចូល​អាគារ​កាពីតូលក្នុ​ង​គោល​បំណង​បង្អាក់​ការ​ផ្ទេរ​អំណាច​ប្រធានាធិបតីដោយប្រើ ហិង្សា​។

ប្រាំ​មួយ​ខែ​ក្រោយ​មក​ ក្រុមហ៊ុន​ទាំង​នេះ ​នៅតែ​បន្ត​ផ្ញើ​ប្រាក់​ទៅ​ទ្រទ្រង់​គណៈ​ធម្មាធិការ​សកម្មភាព​នយោបាយ​ដែល​គាំទ្រ​សមាជិក​សភា​ទាំង​នេះ​ដូច​កាល​ពី​មុន​ដដែល ហើយ​បាន​ផ្ទុយ​ពី​ការ​សន្យា​របស់​ពួកគេ​។

លោក​ Daniel Weiner ​អតីត​អ្នក​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​គណៈ​កម្មការ​រៀបចំ​ការបោះឆ្នោត​ជាតិ ដែល​ឥឡូវ​នេះ​កំពុង​ធ្វើការ​នៅ​កម្មវិធី​កែទម្រង់​ការ​បោះឆ្នោត​នៅ​មជ្ឈមណ្ឌល​យុត្តិធម៌​ Brennan បាន​ មាន​និយាយ​ថា​៖ «កា​ប្ដេជ្ញា​ចិត្ត​មិន​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ទៅ​ឱ្យ​បុគ្គល​ជាក់​លាក់​មួយ​ចំនួន​ មិន​មាន​ន័យ​ បាន​ការ​ច្រើន​ទេ​ នៅ​ពេល​ដែល​ក្រុមហ៊ុន​ធំ​ៗ​ទាំង​នោះ​នៅ​តែ​មាន​មធ្យោបាយ​ជាច្រើន​ ដើម្បី​បន្ត​ផ្គត់ផ្គង់​ប្រាក់​ទៅ​ដល់​មន្ត្រី​ជាប់​ឆ្នោត​ទាំង​នោះ​»។

ជិត​ប្រាំ​មួយ​ខែ​បន្ទាប់​ពី​មាន​កុបកម្ម​ នៅ​សហរដ្ឋ​អាមេរិក​ ក្រសួង​យុត្តិធម៌​របស់​អាមេរិក​​បាន​ចាប់​ផ្ដើម​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​មាន​ការ​ពាក់ព័ន្ធ​នឹង​ – ការ​វាយ​ប្រហារ​លើ​អ្នក​យក​ព័ត៌មាន​ឬ​បំផ្លាញ​សម្ភារៈ​របស់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ពេល​អ្នក​សារព័ត៌មាន​ទាំងនោះ បាន​បង្ហាញ​ពី​អំពើ​ហិង្សា​ ដែល​បាន​ប្រព្រឹត្ត​ដោយ​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​ លោក​ដូណាល់​ ត្រាំ។

ប្រធាន​សភា​មក​ពី​បក្ស​ប្រជាធិបតេយ្យ ​លោកស្រី​Nancy Pelosi បាន​ប្រកាស​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ស៊ើប​អង្កេត​កុប្បកម្ម​។ លោកស្រី​ Pelosi បាន​និយាយ​ ថា​គណៈកម្មាធិការ​ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ​នឹង​មាន​គោលបំណង «ស្វែង​រក​ការ​ពិត​នៅ​ថ្ងៃ​នោះ​ហើយ​ធានា​ថា​ ការ​វាយ​ប្រហារ​ប្រភេទ​នោះ​ មិន​អាច​កើត​ឡើង​ទៀត​បាន​ទេ» ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កុប្បកម្ម​នេះ​បាន​បណ្ដាល​ឱ្យ​មនុស្ស ​៥ នាក់​ស្លាប់ ​ដែល​រួម​មាន​មន្ត្រី​ប៉ូលិស​កាពីតូល​ម្នាក់​ផង​ដែរ​។

ប្រភព៖

Some accused in Capitol riot reportedly tried to scrub info from their phones and social media

https://www.theverge.com/2021/7/3/22562076/court-records-capitol-riot-tried-erase-info-images-texts-phones

https://apnews.com/article/joe-biden-senate-elections-capitol-siege-election-2020-house-elections-62e7985e962e6852ef5041b32c63368c

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner