សេតវិមាន​ចាប់​ផ្ដើម​ការ​ប៉ះប៉ូវ​​ បន្ទាប់​ពី​មាន​ការ​រាយការណ៍​ថា​ខុទ្ទកាល័យ​អនុ​ប្រធានាធិបតី​មាន​ជម្លោះ​ផ្ទៃក្នុង​

សុខ វេងឈាង

នៅ​សប្ដាហ៍​នេះ​សេតវិមាន​បាន​ចាប់​ផ្ដើម​ប៉ះប៉ូវ​​ការ​​បែក​បាក់​​ បន្ទាប់​ពី​មាន​ការ​រាយការណ៍​ថា បុគ្គលិក​ខុទ្ទកាល័យ​របស់​អនុ​ប្រធានាធិបតី​ Kamala Harris មិន​មាន​ដំណើរ​ការ​ត្រឹមត្រូវ​ ហើយ​ពោរពេញ​ទៅ​ដោយ​ជម្លោះ​ផ្ទៃ​ក្នុង​ជា​ច្រើន​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទូរទស្សន៍​ CNN ដោយ​ផ្អែក​លើ​ប្រភព​ចំនួន​ប្រាំ​ដែល​ដឹង​អំពី​កិច្ចការ​​​ផ្ទៃ​ក្នុង​នៃ​ខុទ្ទកាល័យ​លោក​ស្រី​ Harris​។

ប្រភព​ចំនួន​ពីរ​បាន​និយាយ​ថា​បុគ្គល​មួយ​ចំនួន​នៅ​ខាង​ក្នុង​ខុទ្ទកាល័យ​អនុប្រធានា​ធិបតី​មាន​ការ​មិន​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ថា​ជា​ប្រតិបត្តិការ​មិន​ដំណើរ​ការ​ត្រឹមត្រូវ ដែល​ជួន​កាល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ជម្លោះ​ផ្ទៃ​ក្នុង​។ កំហឹង​ភាគ​ច្រើន​នៅ​ទី​នោះ​ គឺ​តម្រង់​ទៅ​កាន់​នាយ​ខុទ្ទកាល័យ​របស់​លោក​ស្រី Harris គឺ​លោក​ស្រី​ Tina Flournoy​។ ប្រភព​មួយ​ទៀត​ដែល​មាន​ភាព​ជិត​ស្និត​ជា​មួយ​បុគ្គលិកនៃ​ខុទ្ទកាល័យ​​រៀបរាប់​ថា​បុគ្គលិក​បាន​ប្រឈម​នឹង «បញ្ហា និង​ការ​លំបាក​»​ និង​​បាន​ឮ​ត្អូញត្អែរ​អំពី​លោក​ស្រី Flournoy ​ពី​បុគ្គលិក​ផង​ដែរ​ ប៉ុន្តែ​បដិសេធ​ថា​ជម្លោះ​បែប​នេះ​មិន​មាន​ថា​ខុទ្ទកាល័យ​នេះ​មាន​ភាព​មិន​ដំណើរ​ការ​ត្រឹមត្រូវ​ ហើយ​ភាព​តានតឹង​នៅ​ទី​នោះ​គឺ​មិន​មែន​បង្ក​ដោយ​សារ​លោក​ស្រី Flournoy ទាំង​ស្រុង​ទេ​។

សារព័ត៌មាន​ Politico បាន​​សម្ភាសន៍​បុគ្គលិក​នៃ​ខុទ្ទកាល័យ​របស់​លោក​ស្រី​ Harrisទាំង​បច្ចុប្បន្ន និង​អតីត ​រាយការណ៍​ថា​នាយ​ខុទ្ទកាល័យ​ Flourny បាន​បង្កើត​បរិស្ថាន​ធ្វើ​ការ​ដោយ​លែក​មួយ​ក្នុង​គោលបំណង​ការពារ​លោកស្រី​ Harris ប៉ុន្តែ​ធ្វើ​ឱ្យ​ការ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​​ និង​ការ​ទុក​ចិត្ត​ធ្លាក់​ចុះ​រវាង​លោក​ស្រី​ Harris ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់ ទីប្រឹក្សា​ ជំនួយការ បុគ្គលិក​សំខាន់​ៗ និង​សម្ព័ន្ធមិត្ត​នយោបាយ​។ ពួកគេ​បាន​លើក​ឧទាហរណ៍​អំពី​ការ​រៀប​ចំ​ទស្សនកិច្ច​របស់​លោក​ស្រី Harris ទៅ​ព្រំដែន​អាមេរិក-មិកស៊ិក​កាល​ពី​ចុង​ខែ​មិថុនា​ ដោយ​កាល​នោះ​ការ​សម្រេច​ចិត្ត​ធ្វើ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​ប្រកាស​ទៅ​កាន់​បុគ្គលិក​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​មុន​កាល​បរិច្ឆេទ​ត្រូវ​ធ្វើ​ នាំ​ឱ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ធ្វើ​ឱ្យ​បុគ្គលិក​ជា​ច្រើន​មាន​ភាព​ច្របូកច្របល់​ ជា​ពិសេស​មន្ត្រី​ទទួល​បន្ទុក​រៀប​ចំ​ការ​ធ្វើ​ដំណើរ​។

ប្រភព​ផ្សេង​ទៀត​បាន​ចោទ​ប្រកាន់​លោក​ស្រី​ Harris ថា​ជា​អ្នក​បង្ក​ភាព​មិន​ដំណើរ​ការ​ត្រឹមត្រូវ​នេះ​។ មន្ត្រី​រដ្ឋបាល​មួយ​រូប​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​៖ «វា(បញ្ហា)គឺ​ចាប់​ផ្ដើម​ពី​ថ្នាក់​លើ​»​។ ប្រភព​មួយ​ទៀត​បាន​និយាយ​ថា​ខុទ្ទកាល័យ​លោក​ស្រី​ Harris គឺ​ «មិនមែន​ជា​បរិស្ថាន​ល្អ​ទេ ហើយ​ជា​រឿយ​ៗ មនុស្ស​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ធ្វើ​បាប​។ វា​មិនមែន​ជា​កន្លែង​ដែល​មនុស្ស​មាន​អារម្មណ៍​ថា​បាន​ទទួល​ការ​គាំទ្រ​នោះ​ទេ ប៉ុន្តែ​ជា​កន្លែង​ដែល​មនុស្ស​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​ចាត់​ទុក​ដូចជា​លាមក​»​។

ភាព​មិន​ដំណើរ​ការ​ត្រឹមត្រូវ​នៃ​ជួរ​បុគ្គលិក​របស់​អនុ​ប្រធានាធិបតី​អាច​ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់​រូបភាព​ដែល​រៀប​ចំ​ឡើង​ដើម្បី​បង្ហាញ​ថា​រដ្ឋបាល​ចូ បៃដិន​គឺ​គ្រប់គ្រង​ដោយ​អ្នក​ជំនាញ​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និត​ ហើយ​ព្យាយាម​ធ្វើ​ការ​ស្រប​គ្នា​ដើម្បី​បំពេញ​គោលបំណង​របស់​លោក​ប្រធានាធិបតី​។

ការ​សន្ទនា​កំពុង​តែ​ដំណើរការ​នៅ​ក្នុង​សេតវិមាន​អំពី​វិធី​ដើម្បី​គាំទ្រ​ដល់​ក្រុម​របស់​អនុ​ប្រធានាធិបតី​ Harris​។ ជំនួយ​ពី​សេតវិមាន គឺ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​រឿង​អាស្រូវ​នេះ អាច​នឹង​ចាប់​ផ្តើម​ប៉ះពាល់​ដល់​លោកស្រី​ Harris ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ស្នង​តំណែង​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ ដោយ​មាន​សក្ដានុពល​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ ២០២៤ បើ​សិន​លោក​បៃដិន​ជ្រើសរើស​ថា​នឹង​មិន​ឈរ​ឈ្មោះ​ម្ដង​ទៀត​។

ដូច្នេះ​មន្ត្រី​ជាន់​ខ្ពស់​សេតវិមាន​ និង​ជំនួយ​ការ​របស់​អនុ​ប្រធានាធិបតី​ជាច្រើន​បាន​ចេញ​មុខ​មក​ការពារ​លោក​ស្រី Harris និង Flourny​។

នាយ​ខុទ្ទកាល័យ​របស់​លោក​ប្រធានាធិបតី​បៃដិន លោក​ Ron Klain ដែល​ជា​មិន​ជិត​ស្និត​របស់​ Floumy បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «អនុ​ប្រធានាធិបតី​Harris និង​ក្រុម​របស់​លោកស្រី​បាន​ចាប់​ផ្តើម​ដំណើរ​ការ​លឿន​បំផុត​និង​ខ្លាំង​បំផុត​ក្នុង​ចំណោម​អនុ​ប្រធាន​ណា​មួយ​ដែល​ខ្ញុំ​បាន​ឃើញ។ លោកស្រី​បាន​ផ្តល់​ជូន​ប្រជាជន​អាមេរិក​លើ​បញ្ហា​អន្តោ​ប្រវេសន៍​ អាជីវកម្ម​ខ្នាត​តូច សិទ្ធិ​បោះឆ្នោត និង​កំណើន​សេដ្ឋកិច្ច​។ ការ​ជឿជាក់​និង​ទំនុក​ចិត្ត​របស់​លោក​ប្រធានាធិបតី ចំពោះ​លោកស្រី​គឺ​ច្បាស់​នៅ​ពេល​ដែល​អ្នក​ឃើញ​ពួកគេ​នៅ​ក្នុង​ការិយាល័យ​សេតវិមាន​ជា​មួយ​គ្នា​»​។

លោក​ស្រី Symone Sanders ទីប្រឹក្សា​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​របស់​លោកស្រី​Harris បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ ហើយ​បាន​ការពារ​លោក​ស្រី Flournoy ដោយ​និយាយ​ថា​លោកស្រី​មាន​«គោល​នយោបាយ​ទ្វារ​បើក​ចំហ» ហើយ​បន្ត​ថា៖ «ស្ត្រី​ស្បែក​ខ្មៅ​ដូច​ខ្ញុំ​នឹង​មិន​មាន​ឱកាស​ធ្វើ​ការ​នៅ​ក្នុង​ឆាក​នយោបាយ​ដោយ​គ្មាន​ Tinaទេ។ ចំពោះ​ក្រុម​អ្នក​រិះគន់​លោកស្រី​ Flournoy ដោយ​អនាមិក​លោកស្រី​បាន​និយាយ​ថា «មនុស្ស​បែប​នេះ​គឺ​ជា​មនុស្ស​កំសាក​ បើ​ធ្វើ​តាម​វិធី​នេះ​»​។

ប៉ុន្តែ​ការ​ខិតខំ​ការពារ​ខ្លះ​បាន​ជួយ​ពង្រឹង​របាយការណ៍​ថា​បុគ្គលិក​មិន​ពេញ​ចិត្ត​នឹង​ធ្វើ​ការ​នៅ​ទី​នោះ​។ លោក​ស្រី Anita Dunn ដែល​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​សេតវិមាន​ មិន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា​ការ​ចោទ​ប្រកាន់​ទាំង​នេះ​គឺ​មិន​ដល់​កម្រិត​ដែល​បាន​រៀបរាប់​ដោយ​ប្រភព​ទាំង​នោះ​ទេ​ ហើយ​ទទួល​ស្គាល់​ថា​បុគ្គលិក​ខ្លះ​មាន​ការ​អាក់អន់ចិត្ត​មិន​ត្រូវ​បាន​គេ​ប្រាប់​ថា​នឹង​មាន​ទស្សនៈ​កិច្ច​ទៅ​ព្រំ​ដែន​ខាង​ត្បូង​។

បន្ថែម​ពី​លើ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ មន្ត្រី​ជាន់​ខ្ពស់​ចំនួន​ពីរ​រូប​នៃ​ខុទ្ទកាល័យ​អនុ​ប្រធានាធិបតី​ បាន​លាលែង​ពី​តំណែង​ ប៉ុន្តែ​រដ្ឋបាល​បាន​និយាយ​ថា​ការ​ចាក​ចេញ​ទាំង​ពីរ​នេះ​គឺ​បាន​គ្រោង​ទុក​មិន​។

Source:

https://www.politico.com/news/2021/06/30/kamala-harris-office-dissent-497290

https://edition.cnn.com/2021/07/02/politics/kamala-harris-office-dynamics/index.html

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner