ហោរាសាស្រ្តប្រចាំថ្ងៃ១២រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីលោកអ្នកក្នុងថ្ងៃនេះនឹងផ្តល់ជូននូវភាពរីកចម្រើននៅក្នុងអាជីវកម្ម និងរាល់កិច្ចការងារទាំងឡាយដែលកំពុងប្រតិបត្តិការក្នុងពេលនេះ។ ក្នុងនោះដែរ លោកអ្នកមានមនុស្សចាំជួយយកអាសារច្រើន ដែលអាចជួយសម្រួលស្ថានភាពតានតឹងមួយចំនួនដែលអាចនឹងកើតឡើង។ ទន្ទឹមនឹងនោះដែរ សូមព្យាយាមឲ្យអស់ពីលទ្ធភាព កុំបោះបង់ចោលការប៉ងប្រាថ្នាដោយងាយ។ ថ្ងៃនេះអារម្មណ៍របស់លោកអ្នកហាក់មានការប៉ះទង្គិចច្រើន ដូច្នេះសូមលោកអ្នកព្យាយាមរក្សាភាពវិជ្ជមានជានិច្ច។ ក្រៅពីនេះ សូមកុំទាក់ទងជិតស្និទ្ធនឹងមនុស្សចំណូលថ្មី។
ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី ក្នុងនោះដែរលាភសំណាងមួយចំនួនអាចនឹងកើតឡើងនៅរវាងពេលបញ្ចប់ករងារ។ ប៉ុន្តែសូមមានការប្រុងប្រយ័ត្ន អ្នកអាចមានភាពមិនចុះសម្រុងល្អជាមួយថ្នាក់លើនោះទេ ស្ថានភាពតានតឹងនេះទាក់ទងយ៉ាងជិតស្និទ្ធជាមួយកិច្ចការងារដែលអ្នកកំពុងទទួលបន្ទុក។ ហេតុដូច្នេះសូមព្យាយាមបញ្ចប់ការងារឲ្យបានរួសរាន់ ឬពន្យល់ស្ថានភាពអវិជ្ជមានទាំងនោះឲ្យបានល្អ បើមិនដូច្នេះទេ កំរិតនៃការយល់ច្រលំអាចធ្វើឲ្យអ្នកមានការលំបាក។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយផល នៃការដោះស្រាយបញ្ហាបានល្អ។
ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះរាល់កិច្ចការងារហាក់មានបញ្ហាប្រទាក់ក្រឡាច្រើន ម្យ៉ាងទៀតថ្ងៃនេះមិនមែនជាពេលល្អបំផុតក្នុងការចរចា ឬពិភាក្សាការងារនោះទេ។ ចំពោះលោកអ្នកជាអាជីវករសូមមានការប្រុងប្រយ័ត្នក្នុងការចាយវាយ ឬបោះទុន ពីព្រោះលទ្ធភាពទទួលបានផលហាក់នៅតិចណាស់ ដូច្នេះបើយកល្អគួររក្សាកំរិតអាជីវកម្មឲ្យនៅជាធម្មតាសិន។ ទន្ទឹមនឹងនោះ ចំពោះរាល់ភាពមិនច្បាស់លាស់ ជាកត្តាអាក្រក់ក្នុងដំណើរការការងារ ហេតុដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការណ៍ឲ្យបានប្រសើរ ហើយធ្វើយ៉ាងណាបោះជំហានជាមួយនឹងពត៌មានជាក់លាក់ជានិច្ច។
ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្ស ស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចការងារទាំងឡាយដែលមានក្នុងដៃ ឬទទួលដំណឹងល្អសម្រាប់ការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលជាយូរណាស់មកហើយ។ ក្នុងនោះដែរ ការទទួលយកការងារថ្មី ឬការងារដែលត្រូវចំណាយពេលវេលា និងកំលាំងច្រើនហាក់មិនសមប្រកបនឹងអ្នកទេក្នុងពេលនេះ។ ផ្ទុយទៅវិញស្ថានភាពថ្ងៃនេះផ្សារភ្ជាប់នឹងគំនិតច្នៃប្រឌិតបង្កើតថ្មី ឬទាក់ទងទៅនឹងសិល្បៈ។ ទន្ទឹមនឹងនោះ លោកអ្នកទទួលបានភាពឆ្លាតវៃ និងរហ័សរហួនណាស់ក្នុងថ្ងៃនេះ ដូច្នេះភាគច្រើនអ្នកនឹងអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ។
ឆ្នាំរោង សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចយកឈ្នះរាល់ស្ថានការណ៍លំបាក និងកិច្ចការងារទាំងឡាយដែលអ្នកបានគ្រោងទុក ឬកំពុងតែអនុវត្ត។ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះកិច្ចការដែលកំពុងអនុវត្តបច្ចុប្បន្ន គឺលោកអ្នកអាចផ្លាស់ប្តូរបាន ព្រមទាំងទទួលបានការគាំទ្រទៀតផង។ ថ្ងៃនេះប្រសិនបើអ្នកធ្វើការទាក់ទងនឹងចលន ឬអចលនទ្រព្យនោះភាពរីកចម្រើននឹងកើនឡើងទ្វេរដង។ ដោយឡែក សូមយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុ ការចំណាយលើសខ្ទង់អាចធ្វើឲ្យស្ថានភាពអាជីវកម្មមានផលលំបាក។ ទាំងនេះមានន័យថាការខ្ចីបុលគឺមិនគាប់ប្រសើរនោះទេ។
ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចចិត្តអនុវត្តការងារដែលបានគ្រោងទុក ឬចាប់យកការងារថ្មីបានដោយគ្មានផលលំបាកសោះឡើយ។ ក្នុងនោះដែរ ភាពជោគជ័យមានទំនាក់ទំនងនឹងអាកប្បកិរិយា ព្រមទាំងការសម្រេចចិត្តរបស់អ្នក ដូច្នេះសូមធ្វើយ៉ាងណាគ្រប់គ្រងចិត្តមិនឲ្យទទួលឥទ្ធិពលពីខាងក្រៅនោះទេ។ ទាំងនេះមានន័យថា លោកអ្នកអាចទទួលយកមតិយោបល់បាន ប៉ុន្តែសូមធ្វើការវាយតម្លៃមតិយោបល់នោះឲ្យបានុម៉ត់ចត់។ ក្រៅពីនេះសូមមានភាពរួសរាយរាក់ទាក់ និងអធ្យាស្រ័យខ្ពស់ចំពោះមនុស្សនៅជុំវិញខ្លួនជានិច្ច។
ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលក្រៃលែង។ ក្នុងនោះប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនគឺអាចធ្វើទៅបានដោយរលូន ហើយផលលាភនឹងកើតឡើងច្រើនផងដែរ។ អ្វីដែលសំខាន់បំផុតក្នុងពេលនេះ សូមកុំនិយាយស្តីលើសលោះមុខក្រោយជាមួយមនុស្សនៅក្នុងក្រុម ឬថ្នាក់លើ ប្រយ័ត្នគុណក្លាយជាទោស ឬផលលាភនឹងរលាយបាត់ទៅវិញ។ ដោយឡែក ចំពោះការរៀបចំពិធីមង្គលនានាសម្រាប់ពេលនេះ គួរគិតគូរពីទិសបូព៌ នោះអ្នកនឹងទទួលបានភាពចម្រើនរីករាយសម្រាប់ជីវិតផងដែរ។
ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅជាប្រក្រតី។ លោកអ្នកមានមនុស្សចាំជួយយកអាសារច្រើនណាស់ ដូច្នេះមិនគួរមិនការលំបាក ឬព្រួយបារម្ភអ្វីច្រើនពេកនោះទេ។ ចំពោះការងារខ្លះដែលអ្នកមិនប្រាកដក្នុងចិត្ត សូមកុំប្រថុយ ប៉ុន្តែគួរស្នើសុំយោបល់ពីមនុស្សដែលអ្នកទុកចិត្ត។ ក្នុងពេលនេះ ភាពខ្ជិលច្រអូសហាក់កើតឡើងផងដែរ ដូច្នេះសូមធ្វើយ៉ាងណាកុំឲ្យជះឥទ្ធិពលដល់ការងាររបស់អ្នក។ ទន្ទឹមនឹងនោះសូមរហ័សរហួនចាប់យកឳកាសនានាដែលនឹងអាចកើតឡើងរវាងពេលព្រឹកតែម្តង។
ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យជាទីមោទនក្នុងថ្ងៃនេះ។ រាល់កិច្ចការងារទាំងឡាយដែលធ្លាប់ជាឧបស័គ្គនឹងក្លាយទៅជារឿងងាយស្រួលទៅវិញ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានមនុស្សជួយទំនុកបម្រុងផង។ អ្វីដែលលោកអ្នកត្រូវចងចាំ គឺមិនត្រូវឈ្លាតឆ្ងាយពីគម្រោងផែនការនោះទេ។ សូមបន្តធ្វើការងារដោយមានទំនុកចិត្ត ពីព្រោះលោកអ្នកកំពុងស្ថិតនៅលើគន្លងផ្លូវជោគជ័យយូរអង្វែង។ ដោយឡែក ចំពោះស្ថានភាពអវិជ្ជមានខ្លះដែលកើតឡើងកុំយកចិត្តទុកដាក់ខ្លាំងពេក អ្វីៗនឹងធូរស្រាលទៅវិញដោយឯកឯង។
ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីមនុស្សនៅជុំវិញខ្លួន។ ក្នុងពេលនេះលោកអ្នកនឹងធានាថាអាចបំពេញការងារនានាដោយជោគជ័យ និងមានភាពងាយស្រួលជាងធម្មតា។ កិច្ចការងាររបស់អ្នកហាក់ទាមទារពេលវេលាច្រើន ប៉ុន្តែគ្មានអ្វីត្រូវបារម្ភឡើយ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីដំណើរកិច្ចការឲ្យចប់ទាន់ពេល។ ក្នុងថ្ងៃនេះប្រសិនបើអ្នកគិតគូរពីការផ្លាស់ប្តូរស្ថានភាពការងារ គឺអាចធ្វើទៅបានដោយមិនជំទាស់ទេ ប៉ុន្តែសូមប្រយ័ត្នការចាយវាយ ប្រយ័ត្នខាតបង់ទ្រព្យ។
ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យ ព្រមទាំងការទទួលស្គាល់យ៉ាងខ្លាំង។ សូមព្យាយាមធ្វើសកម្មភាពដោយអង់អាច ស្វាហាប់ និងត្រូវតែជឿទុកចិត្តខ្លួនឯងជាសំខាន់។ ត្រូវធ្វើយ៉ាងណាកុំមើលងាយស្ថានការណ៍ ភាពលំបាកអាចកើតឡើង ដូច្នេះសូមត្រៀមវិធីសាស្រ្តដោះស្រាយសមស្រប។ ពេលវេលាថ្ងៃនេះទាមទារឲ្យពង្រឹងសមត្ថភាពការទូត ការធ្វើទំនាក់ទំនង ឬការផ្សព្វផ្សាយការងារឲ្យបានទូលាយ។ ក្នុងនោះដែរ សូមយកចិត្តទុកដាក់ក្នុងការធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់លើ ពីព្រោះលោកអ្នកកំពុងស្ថិតនៅឆ្ងាយ ដែលបណ្តាលឲ្យអ្នកបាត់បង់ពត៌មាន។
ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរការល្អ។ បើទោះបីជាទាំងនេះជាអំណោយផល ក៏សូមព្យាយាមកំណត់ការប្រាស័្រយទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូអាជីវកម្មឲ្យបានជិតស្និត គួរធ្វើយ៉ាងណាកុំឲ្យមានជម្លោះ ឬមតិរិះគន់ដែលមិនចាំបាច់។ បើអាចសូមកុំចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលទាមទារការសម្រេចចិត្តនាពេលនេះ ពីព្រោះអារម្មណ៍របស់អ្នកកំពុងប្រទះនឹងឥទ្ធិពលខាងក្រៅ។ ក្រៅពីនេះសូមកុំទាក់ទងជិតស្និទ្ធជាមួយមនុស្សផ្ទុយភេទ ដែលមិនស្គាល់ច្បាស់ជាដាច់ខាត។
ចំណាំ៖
អស្ចារ្យណាស់ ឆ្នាំទាំង៥ ថោះ រោង មមី វក ចរ រាសីខ្ពស់ត្រដែត។ លោកអ្នកមានសំណាងធំ។ រាល់ការងារទាំងអស់នឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រយ៉ាងខ្លាំងណាស់។ លោកអ្នកអាចសម្រេចធ្វើការតាមក្តីប្រាថ្នាដោយមិនជំទាស់ឡើយ។