អ្នកនាំពាក្យក្រសួងព័ត៌មានចាត់ទុករបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន មានចរិតនយោបាយ និងចោទប្រកាន់មកលើកម្ពុជាដោយពុំមានមូលដ្ឋាន

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងព័ត៌មាន បានចាត់ទុករបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) គឺមានចរិតនយោបាយ ចោទប្រកាន់មកលើកម្ពុជាដោយពុំមានមូលដ្ឋានគ្រប់ជ្រុងជ្រោយ។ ការប្រកបវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺត្រូវបានយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីលើវិស័យព័ត៌មាន។ សម្តេចតេជោក៏គាំទ្រឱ្យមានជំនួយផ្នែកផ្លូវច្បាប់ដោយពុំគិតថ្លៃទៅដល់អ្នកសារព័ត៌មាននៅពេលដែលមានវិវាទវិជ្ជាជីវៈសារព័ត៌មានកើតឡើង។

ឯកឧត្តម មាស សុភ័ណ្ឌ

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី៦ ខែកក្កដានេះថា ពាក់ព័ន្ធការចេញរបាយការណ៍របស់របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) គឺមានចរិតនយោបាយ មានចរិតចោទប្រកាន់មកលើកម្ពុជាដោយពុំមានមូលដ្ឋានគ្រប់ជ្រុងជ្រោយ និងមិនបានសិក្សាស្រាវជ្រាវឱ្យបានត្រឹមត្រូវទៅតាមស្ថានភាពជាក់ស្តែងអំពីការអនុវត្តវិជ្ជាជីវៈសារព័ត៌មានដែលអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។ ដូច្នេះរបាយការណ៍នេះ ជារបាយការណ៍មួយដែលពុំមានមូលដ្ឋានគ្រប់ជ្រុងជ្រោយ និងមិនអាចទទួលយកបានទេ។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺត្រូវបានធានាយ៉ាងគត់មត់ដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របបសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះការអនុវត្តអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺត្រូវតែបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យស្របទៅតាមច្បាប់កំណត់។
ការអនុវត្តវិធានការនានាតាមច្បាប់ដោយបានកំណត់ពុំអាចចាត់ទុកថា ជាការបំបិទសិទ្ធិសេរីភាព ឬការគំរាមកំហែង ឬការធ្វើទុក្ខបុកម្នេញដល់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននោះទេ។ ផ្ទុយទៅវិញការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងចំនួនអង្គភាពផ្សព្វផ្សាយទាំងបែបប្រពៃណី ទាំងបែបទំនើប គឺមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយចំនួនអ្នកសារព័ត៌មានជាតិ និងបរទេសដែលកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាក៏មានការកើនឡើងគួរឱ្យមានការកត់សម្គាល់ផងដែរ។ ទន្ទឹមនឹងនោះវិសាលភាព និងមធ្យោបាយនៃការផ្សព្វផ្សាយព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏មានវិសាលភាព និងមធ្យោបាយកាន់តែសំបូរបែប ដែលអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស គឺអាចទទួលបានព័ត៌មានគ្រប់ប្រភពពីព្រះរាជាណាចក្រកម្ពុជាផងដែរ។

អ្នកនាំពាក្យរូបនេះបានបន្តថា ការប្រកបវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺត្រូវបានយកចិត្តទុកដាក់ និងធានា ក៏ដូចជា ការបង្កបរិយាកាសក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពផងដែរ។ ជាក់ស្តែងដោយមានការយកចិត្តទកុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីលើវិស័យព័ត៌មាន ឃើញថាវិស័យនេះមានការីកចម្រើនគួរឱ្យកត់សម្គាល់ (ទី១), ទី២. នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអ្នកសារព័ត៌មាន គឺជាក្រុមអាទិភាពនៅក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏គាំទ្រឱ្យមានជំនួយផ្នែកផ្លូវច្បាប់ដោយពុំគិតថ្លៃទៅដល់អ្នកសារព័ត៌មាននៅពេលដែលមានវិវាទវិជ្ជាជីវៈសារព័ត៌មានកើតឡើង ដែលកត្តាទាំងអស់នេះអាចសបញ្ជាក់បានផងដែរថា គឺជាការយកចិត្តដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលធ្វើឱ្យវិស័យព័ត៌មានមានការរីកចម្រើន។ ហើយការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ត្រូវបានធានាក៏ដូចជាលើកកម្ពស់ជាបន្តបន្ទាប់ផងដែរ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner