រដ្ឋបាលខេត្តកំពង់ចាម បានបើកអង្គសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២០
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានបើកអង្គសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២០ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី០៤ខែមីនាឆ្នាំ២០២០ ក្រោមវត្តមានលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផនប្រធាន ក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញ ចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រី គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់យជុំវិញខេត្ត លោកលោកស្រី ជា ក្រុមប្រឹក្សា-គណៈ អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងពិធីអភិបាលខេត្តកំពង់ចាម បានលើកឡើងថាឆ្នាំនេះអង្គសន្និបាតយើងនឹងធ្វើការពិនិត្យវាយតម្លៃលើ សមិទ្ធផលបទពិសោធន៍ និងបញ្ហាប្រឈមនានាជុំវិញ ការអនុវត្តន៍តួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ រដ្ឋបាលខេត្តរួមទាំងអនុវត្តន៍ អនុសាសន៍ដ៏ថ្លៃថ្លា របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាឱកាសបិទអង្គសន្និបាតរបស់ក្រសួង មហាផ្ទៃក្នុងថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០កន្លងទៅ និងកំណត់ទិសដៅ ការងារសម្រាប់ឆ្នាំ២០២០ ព្រមទាំងប្រកាសលទ្ធផលចលនាប្រឡងប្រណាំងការ អនុវត្តន៍ គោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព។
អភិបាលខេត្តក៏បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងអជ្ញាធរគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្តចូលរួមយ៉ាង សកម្មក្នុងការអនុវត្ត តួនាទីភារកិច្ច តាមការកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឲ្យរដ្ឋបាលខេត្តកំពង់ចាមសម្រេចបានសមិទ្ធផលនានា ជាច្រើននៅក្នុង០១ឆ្នាំកន្លងទៅនេះ។
បន្ទាប់ពីស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តរួចមកអភិបាលខេត្ត ក៏បានធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទសំខាន់ៗដើម្បីប្រមែប្រមូលធាតុចូល ពីសមាជិកសមាជិកានៃអង្គសន្និបាតសម្រាប់បំពេញបន្ថែមលើខ្លឹមសារ និងទិសដៅ ព្រមទាំងគោលការណ៍សំខាន់ៗសម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០២០នេះបន្តទៀត៕ធ.ដ