សហគ្រិន និងម្ចាស់អាជីវកម្មប្រមាណ ៨០នាក់ទទួលបានចំណេះដឹងថ្មីៗ ក្នុងវេទិកាពិភាក្សាអំពីកិច្ចការជំនួញ ដើម្បីជួយឱ្យម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមរីកចម្រើនរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សហគ្រិន និងម្ចាស់អាជីវកម្មប្រមាណ៨០នាក់ទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗជាច្រើន បន្ទាប់ពីបានចូលរួមវេទិកានាំម្ចាស់អាជីវកម្មទៅរកភាពជោគជ័យ ក្នុងការរក្សាបុគ្គលិកឆ្នើម ដើម្បីស្វែងយល់ពីវិធីថ្មីៗក្នុងការលើកទឹកចិត្តឱ្យបុគ្គលិករបស់ខ្លួនបំពេញការងារឲ្យកាន់តែសកម្ម និង ឲ្យចំមុខជំនាញរបស់ពួកគេប្រកប ដោយប្រសិទ្ធភាពខ្ពស់នៅក្នុងអាជីវកម្ម ដែលវេទិកានេះរៀបចំឡើងដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា សហការដៃគូជាមួយក្រុមហ៊ុន Aplus Consulting និង ODI Asia ។

លោកស្រី ហួត សាន់នី នាយិកាផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឱ្យតម្លៃខ្ពស់លើការលើកទឹកចិត្តដល់បុគ្គលិក និងទំនាក់ទំនងនៅកន្លែងធ្វើការ លោកស្រីថាទំនាក់ទំនងរវាងបុគ្គលិក និងអ្នកគ្រប់គ្រង ដើរតួនាទីយ៉ាងសំខាន់ក្នុងធ្វើឱ្យក្រុមហ៊ុនរីកចម្រើន ។ លោកស្រីបន្តថា ការចំណាយពេលក្នុងការស្វែងយល់ពីចំណង់ចំណូលចិត្តរបស់បុគ្គលិកម្នាក់ៗ ហើយភ្ជាប់ចំណង់ចំណូលទាំងនោះទៅក្នុងគោលបំណងរបស់ក្រុមហ៊ុន អាចជួយកសាងក្រុមការងារមួយប្រកបដោយសាមគ្គីភាព និងការតាំងចិត្តខ្ពស់  ដែលនឹងធ្វើឱ្យអាជីវកម្មរីកចម្រើន ។

លោកស្រីបន្ថែមថា ព្រូដិនសលកម្ពុជាប្តេជ្ញាជួយឱ្យអាជីវកម្មខ្នាតធុនតូច និងមធ្យមនៅកម្ពុជាឱ្យទទួលបានជោគជ័យ តាមរយៈការផ្តល់ជូននូវផលិតផលធានារ៉ាប់រងអាយុជីវិតលំដាប់ថ្នាក់ល្អបំផុត ដើម្បីបំពេញតាមតម្រូវការពារការសុខភាព និងហិរញ្ញវត្ថុរបស់ពួកគេ ។ វេទិកា PRUiSME គឺជាការចាប់ផ្តើមនៃកិច្ចសហការគ្នាជាច្រើនរវាង ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអាជីវកម្មខ្នាតតូច និងមធ្យមក្នុងប្រទេសកម្ពុជានាពេលអនាគត ។

លោក ស គីណាល់ អគ្គនាយកក្រុមហ៊ុន Aplus Consulting បានបញ្ជាក់ថា ចំណុចសំខាន់មួយដែលម្ចាស់អាជីវកម្មត្រូវស្វែងយល់ មុនពេលជ្រើសរើសបុគ្គលិកគឺកម្រិតនៃបទពិសោធន៍របស់ពួកគេ ឧទាហរណ៍ស្វែងយល់ថាតើពួកគេធ្លាប់ធ្វើការនៅក្នុងវិស័យណាពីមុខមក… មានបេក្ខជនវ័យក្មេងជាច្រើនដែលចូលចិត្តរីករាយ នឹងរបៀបរស់នៅរបស់ពួកគេ ដូច្នេះអ្នកត្រូវស្វែងរកយុទ្ធសាស្ត្រពេលអ្នកជ្រើសរើសពួកគេ ។ វាគ្មិនកិត្តិយស លោកស្រី សែម សាវី ប្រធានផ្នែកធនធានមនុស្សក្រុមហ៊ុន ODI Asia មានប្រសាសន៍ថា វេទិកាពិភាក្សាអំពីកិច្ចការជំនួញ PRUiSME យើងបានចែករំលែកផ្នត់គំនិតសំខាន់ៗមួយចំនួន អំពីរបៀបគ្រប់គ្រងធនធានមនុស្សដែលអាចជួយឲ្យសហគ្រិនទទួលបានអត្ថប្រយោជន៍ពីអាជីវកម្មរបស់ពួកគេបន្ថែម ។

លោកស្រីបានចូលរួមវេទិកាពិភាក្សាការគ្រប់គ្រងធនធានមនុស្សពីមុនមក តែលោកស្រីឃើញថា វេទិកាពិភាក្សាអំពីកិច្ចការជំនួញ PRUiSME ដែលឧបត្ថម្ភដោយក្រុមហ៊ុន ព្រូដិនសល ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ។
សូមបញ្ជាក់ថា វេទិកាពិភាក្សាអំពីកិច្ចការជំនួញ PRUiSME នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍គ្រប់គ្រងផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនព្រូដិនសលផ្ទាល់ និងមានគោលបំណងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ធ្វើឱ្យអាជីវកម្មរីកចម្រើន និងរក្សាបាននូវបុគ្គលិកឆ្នើមក្នុងស្ថាប័នរបស់ខ្លួន ។

វេទិកាពិភាក្សានេះទៀតសោត ក៏បានបង្ហាញជូននូវវិធីសាស្រ្តថ្មីៗដូចជា ការបង្កើនទំនាក់ទំនងជាមួយបុគ្គលិក  ការផ្តល់ប្រាក់បៀវត្សរ៍ ឬប្រាក់ឈ្នួល និងការលើកទឹកចិត្ត  ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍បុគ្គលិក  ក៏ដូចជាបញ្ហាប្រឈមក្នុងផ្នែកធនធានមនុស្សសំខាន់ៗមួយចំនួន  ដែលអាចមានផលប៉ះពាល់ដល់ការងារអាជីវកម្ម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner