អង្គការ​សហ​ប្រជាជាតិបារម្មណ៍ពី ស្ថានភាព​ដុន​ដាប​នៅ​មីយ៉ាន់ម៉ា អាច​បង្ក​អសន្តិសុខ​ក្នុង​តំបន់

មឹង​ ច័ន្ទ​សុម៉ា​នីតា​

កាល​ពី​ថ្ងៃ​អង្គារ​ ទី ៦​ ​កក្កដា ប្រធាន​ភ្នាក់ងារ​សិទ្ធ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា​ស្ថានភាព​ដ៏​អាក្រក់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​តាំង​ពី​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ​ គឺ​កំពុង​ជំរុញ​ប្រទេស​នេះ​ឆ្ពោះ​ទៅ​រក​សង្គ្រាម​ស៊ីវិល ​ហើយ​អាច​បង្ក​អសន្តិសុខ​ក្នុង​តំបន់។​

ថ្លែង​នៅ​ចំពោះ​មុខ​ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ ឧត្ដម​ស្នងការ​សិទ្ធ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​លោក​ស្រី​ Micehelle Bachelet បាន​សម្ដែង​ការ​សោកស្ដាយ​ថា​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​«បាន​វិវត្ត​ពី​វិបត្តិ​នយោបាយ​ទៅ​ជា​មហន្តរាយ​សិទ្ធិ​មនុស្ស​ពហុ​វិមាត្រ​»។

លោក​ស្រី​បាន​បន្ត​ទៀត​ថា៖ «ការ​រង​ទុក្ខ ​និង​អំពើ​ហិង្សា​នៅ​ទូទាំង​ប្រទេស​ គឺ​កំពុង​បំផ្លាញ​ការ​រំពឹង​ទុក​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព ​ហើយ​បង្កើន​លទ្ធភាព​នៃ​ការ​បរាជ័យ​របស់​រដ្ឋ​ ឬ​ការ​ផ្ទុះ​សង្គ្រាម​ស៊ីវិល​»។

លោកស្រី​បាន​និយាយ​ថា​ចាប់​តាំង​ពី​មាន​រដ្ឋ​ប្រហារ​មក​ មាន​មនុស្ស​ជិត ៩០០ ​នាក់​ត្រូវ​បាន​សម្លាប់​ ខណៈ​ពេល​ដែល​មនុស្ស​ប្រមាណ​ ២០០.០០០ នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ភៀស​ខ្លួន​ចេញ​ពី​គេហដ្ឋាន​របស់​ពួក​គេ។​ ជាមួយ​គ្នា​នេះ​ដែរ​ ​យ៉ាង​ហោច​ណាស់​មនុស្ស ​ជាង​៥.២០០ ​នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​ ដែល​រួម​មាន​អ្នក​កាសែត​ ជាង​ ៩០ ​នាក់​ផង​ដែរ ​ខណៈ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំ​ៗ ចំនួន ៨ ​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទទ្វារ​។

លោកស្រី​ Bachelet ​ ក៏​បាន​បង្ហាញ​ របាយការណ៍​ជាច្រើន​អំពី «ការ​បំបាត់​ខ្លួន​ដោយ​បង្ខំ ការ​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ​ និង​ការ​ស្លាប់​នៅ​ក្នុង​ជាប់​ឃុំ​»​ រួម​ជាមួយ​ការ​ចាប់​ខ្លួន​សាច់ញាតិ​និង​សូម្បី​តែ​កូន​ៗ របស់​មនុស្ស​ដែល​អាជ្ញាធរ​កំពុង​ស្វែង​រក។

មីយ៉ាន់ម៉ា​បាន​ឆ្លងកាត់​ ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ និង​ការ​វាយប្រហារ​ពី​កង​យោធា​ដ៏​ឃោរឃៅ​ចាប់តាំង​ពី​រដ្ឋ​ប្រហារ​ថ្ងៃ​ទី ១​ កុម្ភៈ​ដែល​បាន​ទម្លាក់​មេដឹកនាំ​ស៊ីវិលលោក​ស្រី​ អ៊ុង​សាន​ស៊ូជី​ ។ លោកស្រី​ Bacheletបាន​មាន​និយាយ​ថា​៖ «អ្វី​ដែល​បាន​ចាប់​ផ្ដើម​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់​យោធា​មីយ៉ាន់ម៉ា​ បាន​ឈាន​ដល់​ការ​វាយ​ប្រហារ​មួយ​ប្រឆាំង​នឹង​ជន​ស៊ីវិល​ ដែល​បាន​រីក​រាល​ដាល​និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​»​។

ប្រភព៖

‘Catastrophic’ Myanmar situation imperils wider region: UN

https://www.channelnewsasia.com/news/asia/myanmar-situation-catastrophic-wider-region-un-rights-15169982

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner