ចោរគាស់លួចយកទូដែកនៅផ្ទះអ្នកលក់ឡេល្បីឈ្មោះ រហ័សនាម អារីយ៉ា បង្ករឲ្យមានការភ្ញាក់ផ្អើល
កណ្តាល៖ ក្រុមចោរមិនស្គាល់មុខបានធ្វើសកម្មភាពចូលគាស់លួចយកទូដែកនៅផ្ទះអ្នកលក់ឡេ ល្បីឈ្មោះ រហ័សនាម អារីយ៉ា ខណៈម្ចាស់ផ្ទះទៅដើរលេងនៅខេត្តកំពត បង្កការភ្ញាក់ផ្អើល នាថ្ងៃទី២ សីហា ឆ្នាំ២០២០ វេលាម៉ោង១១ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំមានទីលំនៅកន្លែងកើតហេតុខាងលើ, មុខរបរលក់ឡេ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ សម្ភារបាត់បង់ទូដែកតូចទទេ(គ្មានលុយទេ)។
លោកបន្តថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០វេលាម៉ោង១០ព្រឹក ជនរងគ្រោះ និងក្រុមគ្រួសារព្រមទាំងបុគ្គលិកលក់ឡេទាំងអស់បានចាកចេញពីផ្ទះ ទៅលេងខេត្តកំពតដោយបានបិទបារ៉ែតភ្លើងបិទទ្វារបង្អួចផ្ទះ ជាន់ក្រោមទាំងអស់ចំណែកឯជាន់ទី១ វិញបានបិទទ្វារតែភ្លេចចាក់សោ រួចហើយក៏បានធ្វើដំណើរចេញពីផ្ទះទាំងអស់គ្នាទៅ។
លុះដល់ថ្ងៃទី២ ខែសីហាឆ្នាំ២០២០វេលាម៉ោង១១ថ្ងៃត្រង់ ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញ ទើបដឹងថាមានចោរឡើងចូលលួចទូដែកតូចគ្មានដាក់លុយ។ ចំណែកឯទូដែកអាធំត្រូវបានចោរលើកមកដាក់នៅសំយាបខាងមុខ ក្រៅពីនេះពុំមានបាត់បង់អ្វីទៀតឡើយ។ បន្ទាប់មកទើបរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះពិនិត្យកន្លែងកើត និងជួយស្រាវជ្រាវរកមុខសញ្ញាយកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ ឆ ដា