អភិបាលខេត្តប៉ៃលិន ៖ ទោះចាក់វ៉ាក់សាំងដូសទី១ ឬទី២ រួចហើយក៏ដោយ ក៏ត្រូវរក្សាវិធានការ ៣ការពារ ៣កុំ ទើបអាចរួចខ្លួនពីជំងឺកូវីដ១៩ប្រភេទថ្មី Delta

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តប៉ៃលិន ៖ ក្រោយពីរដ្ឋបាលខេត្ត បានប្រកាសឱ្យប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន នាំគ្នាទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលអនុវត្តចាប់ពីថ្ងៃទី០៨ ខែកក្កដា ២០២១តទៅ មានរយ:ពេល១៤ថ្ងៃ ។ រហូតមកដល់ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបន្តដឹកនាំមន្រ្តីមកពីមន្ទីរជុំវិញខេត្ត ចុះពិនិត្យមើលដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ដែលជាការអនុវត្តផែនការជំហានយុទ្ឋសាស្រ្ត ប្រយុទ្ឋប្រឆាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមណ្ឌលចាក់វ៉ាក់សាំងទូទាំងខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យអនុវត្តវិធានការ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលគឺ (៣ការពារ ៣កុំ) ទោះបីជាទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ ព្រោះជំងឺកូវីដ១៩នេះ ពិតជាសាហាវណាស់ តែបើយើងបានទទួលវ៉ាក់សាំងគឺ ងាយស្រួលក្នុងការព្យាបាល ។ លោកជំទាវ បានបន្តថា « បើទោះពុកម៉ែបងប្អូន បានចាក់ថ្នាំវ៉ាក់សាំងដូសទី១ ឬបានចាក់ដូសទី២ រួចរាល់ហើយក៏ដោយ ក៏ត្រូវរក្សាវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទើបអាចរួចខ្លួនពីជំងឺកូវីដ១៩ប្រភេទថ្មី ( COVID-19 Delta) ដែលមានប្រភពមកពីក្រៅប្រទេស ។ លោកជំទាវក៍បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដោយក្រោយពេលចាក់វ៉ាក់សាំងរួច មិនត្រូវពិសាស្រា គ្រឿងសមុទ្រ កុំពិសារម្ទេសច្រើនពេក និងមិនត្រូវលើករបស់ធ្ងន់ៗជាដើម ។
ចំណែកប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង មានការត្រេកអរយ៉ាងខ្លាំង ហើយក៏សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលទេស: ហើយក៏សូមអរគុណដល់អភិបាលខេត្តប៉ៃលិន ដែលបានដឹកនាំមន្រ្តីក្រោមឱវាទ និងមានការសម្របសម្រួលពីយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្នុងការផ្តល់សេវានៃការចាក់វ៉ាក់សាំងនេះ បានយ៉ាងល្អ និងទាន់ពេលវេលាផងដែរ ។
សូមបញ្ជាក់ថា ៖ យុទ្ធនាការនៃការចាក់វ៉ាក់សាំងនៅទូទាំងខេត្តប៉ៃលិននេះ មានរយៈពេល១៤ថ្ងៃគឺចាប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដោយពេលព្រឹកចាប់ពីម៉ោង៨:០០ព្រឹកដល់ម៉ោង១១:០០នាទី ព្រឹក ។ ពេលរសៀលចាប់ពីម៉ោង២:០០ដល់ម៉ោង៥:០០នាទីល្ងាច និងនៅតាមទីតាំងដូចខាងក្រោម ៖
ទី១. ក្រុងប៉ៃលិន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំនួន០២កន្លែង មណ្ឌលសុខភាពក្រចាប់ ចំនួន ០១កន្លែង
ទី២. ស្រុកសាលាក្រៅ គឺនៅមណ្ឌលសុខភាពផ្សារព្រំចំនួន០២កន្លែង នៅមណ្ឌលសុខភាពស្ពង់ចំនួន០១កន្លែង និងនៅមណ្ឌលសុខភាពភ្នំព្រាលចំនួន០១កន្លែង សូមកុំភ្លេចភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ទើបក្រុមការងារអាចចាក់ជូនបាន ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner